Aeon Mall ជាក្រុមហ៊ុនពហុផលិតផលជប៉ុន ដែលឈានជើងចូលមកទីផ្សារនៅកម្ពុជាប្រមាណជាង ៨ ឆ្នាំមកហើយ ខណៈពេលបច្ចុប្បន្នកំពុងសាងភាពល្បីល្បាញ និងមានសន្ទុះគាំទ្រយ៉ាងខ្លាំងពីសំណាក់ប្រជាជន នឹងត្រូវបានគេចាត់ទុកថា ជាផ្សារទំនើបខ្នាតយក្សនៅកម្ពុជា។
ក្រុមហ៊ុន Aeon Mall (Cambodia) បានបោះជំហ៊ានមួយជំហ៊ានទៀតលើគម្រោងវិនិយោគសាងសង់ផ្សារទំនើបអ៊ីអន ៣ ស្ថិតនៅសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដែលអនុម័តចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) កាលពីថ្ងៃទី ២៥ ខែធ្នូ ឆ្នាំ២០១៩ ។
ការបោះជំហ៊ានមួយបន្ថែមទៀតនេះ បន្ទាប់ពីទទួលបានភាពជោគជ័យខ្លាំងនៅក្នុងវិស័យលក់រាយនៅក្នុងប្រទេសកម្ពុជា តាមរយៈការវិនិយោគផ្សារទំនើបអ៊ីអន ទី១ ចំការមន និង អ៊ីអន ទី២ សែនសុខ ស្របពេលដែលតំបន់ទាំងពីរគឺជាតំបន់យុទ្ធសាស្រ្ត និងសក្តានុពលសេដ្ឋកិច្ចដ៏សំខាន់ផងដែរ។
ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពជប៉ុនប្រចាំកម្ពុជា លោក ម៉ាសាហ៊ីរ៉ូ មិកាមិ (MASAHIRO MIKAMI) ឱ្យដឹងថា ផ្សារទំនើបអ៊ីអនទី ១ និងទី ២ ទទួលបានអតិថិជនបានប្រមាណ ១ លាននាក់ ក្នុង ១ខែៗសម្រាប់ផ្សារទំនើបនីមួយៗ។
គម្រោងផ្សារទំនើបអ៊ីអនទី ៣ នេះ ក្រុមហ៊ុនគ្រោងចំណាយទឹកប្រាក់ប្រមាណជាង ២៨៩,៦ លានដុល្លារ បើតាមការឲ្យដឹងរបស់ក្រុមហ៊ុន គម្រោងនេះមានទំហំធំជាងសាខាទី១ និងទី២ទៅទៀត ដែលអាចចាត់ទុកបានថា ជាផ្សារទំនើបធំជាងគេមួយនៅកម្ពុជា ដោយមានផ្ទៃដីសាងសង់សរុបរហូតដល់ ១៨ ហិកតា ខណៈផ្សារទំនើបអ៊ីអនសាខាទី១ បានសាងសង់លើផ្ទៃដី ត្រឹមតែ ៧ ហិកតា និងសាខាទី២ មានផ្ទៃដីតែ ១០ហិកតាប៉ុណ្ណោះ។
ទីតាំងផ្សារទំនើបរបស់ជប៉ុនមួយនេះ មានអគារកម្ពស់៥ ជាន់ នឹងក្លាយជាមជ្ឈមណ្ឌលហាងទំនិញ និងចំណតរថយន្ត ដែលត្រូវបានក្រុមហ៊ុន Hyundai Engineering ឈ្នះការដេញថ្លៃលើគម្រោងសាងសង់ផ្សារទំនើបអ៊ីអន ៣ ដែលមានតម្លៃ ២០០ ពាន់លានវ៉ុន ឬប្រមាណ ១៦៤ លានដុល្លារ។
គម្រោងផ្សារទំនើបអឺអនម៉ល ទី៣ ក៏ជាកម្លាំងចលករដ៏សំខាន់ នៅក្នុងការជួយជំរុញដល់ការអភិវឌ្ឍន៍នៃទីក្រុងរណបស្ថិតនៅភាគខាងត្បូងនៃរាជធានីភ្នំពេញ ដែលជាតំបន់មានសក្តានុពលខ្លាំង។ ផ្សារទំនើបនេះ ស្ថិតនៅតាមបណ្តោយមហាវិថី សម្តេចតេជោ ហ៊ុន សែន ដែលមានភាពងាយស្រួលក្នុងការធ្វើដំណើរ ព្រមទាំង បង្កលក្ខណៈឲ្យមានកំណើនប្រជាជន អគារលំនៅដ្ឋាន និងសាលារៀនអន្តរជាតិជាដើម។
របាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុនឆ្នាំ ២០១៩ បានឲ្យដឹងថា ផ្សារទំនើបអ៊ីអន ៣ ត្រូវបានប្រសិទ្ធនាមថា “ផ្សារទំនើប អ៊ីអនម៉លមានជ័យ” ដែលនឹងត្រូវសាងសង់នៅក្នុងគម្រោងទីក្រុងរណប ING City នៅលើផ្ទៃដី ១៧៤ ០០០ ម៉ែត្រការ៉េដែលគ្រោងបញ្ចប់នឹងចាប់ផ្ដើមដំណើរការនៅឆ្នាំ ២០២៣ខាងមុខ។
ឧកញ៉ាម្នាក់ដែលកំពុងធ្វើការអភិវឌ្ឍន៍អចលនទ្រព្យដ៏ល្បីមួយរូបនៅកម្ពុជាសុំមិនបញ្ចេញឈ្មោះ បានប្រាប់គេហទំព័រឧកញ៉ាញូស៍ថា វត្តមានផ្សារទំនើបអ៊ីអន ៣ នៅតំបន់នេះគឺជាការបំពេញបន្ថែមនឹងការអភិវឌ្ឍយ៉ាងរហ័សនៃវិស័យសំណង់ និងអចលនទ្រព្យនៅទីនោះ ខណៈទីក្រុងរណប ING City ក៏កំពុងត្រូវបានអភិវឌ្ឍផងដែរ។
លើសពីទៅទៀតនេះ គម្រោងផ្សារទំនើបនេះក៏ជាគម្រោងផ្សារទំនើបដែលមានទំហំធំជាងគេនៅក្នុងតំបន់អាស៊ានទាំង ១០ ទៀតផង។
សូមបញ្ជាក់ថា ផ្សារទំនើបអ៊ីអនទី ១ មានទីតាំងនៅខណ្ឌចំការមន វិនិយោគប្រហែល ២០៥ លានដុល្លារ ហើយអ៊ីអន ២ មានទុនវិនិយោគ ១២០ លានដុល្លារដែលបានបើកដំណើរការកាលពីខែមិថុនាឆ្នាំ ២០១៨ ដោយមានផ្ទៃដីសរុបប្រហែល ៦៨ ០០០ ម៉ែត្រការ៉េនៅខណ្ឌសែនសុខ៕