គ្រាន់តែ​ចំណូល​បាន​ពី​ការ​លក់​អាវ Ronaldo កន្លះ​ថ្ងៃ​ អាច​ទិញ​បាន​រថយន្ត Bugatti Chrion ១០​គ្រឿង​ឯណោះ

អន្តរជាតិ

ការ​មកដល់​ទឹកដី Old Trafford សារ​ជាថ្មី​របស់ Cristiano Ronaldo បាន​ជះ​ឥទ្ធិពល​ជា​ខ្លាំង សម្រាប់​ក្រុម Manchester United ព្រោះ​គ្រាន់តែ​ប្រកាស​ការ​មកដល់​របស់ CR7 ភ្លាម​តម្លៃ​ភាគហ៊ុន​របស់​ក្រុម​រហស្សនាម​បិសាច​ក្រហម​កើនឡើង​ជា​គំហុក​តែម្ដង។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យ៉ាងណា កាលពី​ពេល​ថ្មីនេះ បន្ទាប់​ពី​ក្រុម Man Utd បាន​ប្រកាស​លេខ​អាវ​ផ្លូវការ​របស់ Ronaldo ហើយ ក្រុម​អ្នកគាំទ្រ​បាន​សម្រុក​នាំ​គ្នា​ទៅ​ទិញ​អាវ​ដែល​មាន​ឈ្មោះ និង​លេខ​សម្គាល់​របស់​ម្ចាស់​ពាន​ Ballon d’Or ៥​សម័យ​ ហើយ​ត្រឹម​រយៈពេល ១២​ ម៉ោង​ប៉ុណ្ណោះ​អាវ​ទាំង​ប៉ុន្មាន​ត្រូវ​លក់​អស់ពី​ឃ្លាំង​រលីង​។

ការ​លក់​អាវ​សារ​នេះ របស់ Manchester United បាន​ក្លាយជា​ការ​លក់​ដាច់​លឿន​បំផុត​ និង​ច្រើន​បំផុត​ប្រចាំ​ប្រវត្តិសាស្ត្រ​ Premier League តែម្ដង រីឯ​ចំណូល​ពី​ការ​លក់​នោះ​គឺ ទទួល​បាន ៣២,៥ លាន​ផោន ខណៈ​តម្លៃ​អាវ​គឺ​មាន​ចន្លោះ​ពី ៨០ ទៅ ១១០ ផោន/អាវ​ ដែល​នេះ​មាន​ន័យ​ថា ត្រឹម​រយៈពេល​កន្លះ​ថ្ងៃ Man utd លក់​អាវ​បាន​ចន្លោះ​ពី ២៩៥ ៥០០ ទៅ ៤០៦ ២៥០ អាវ​។

ដោយឡែក​បើ​គិត​ពី​ចំណូល​នោះ យើង​អាច​និយាយ​បាន​ថា គឺ​ជា​ការ​លក់​ធំ​បំផុត​មួយ​របស់ Man utd ដ្បិត​វា​អាច​ទិញ​បាន​រថយន្ត Bugatti Chiron ដែល​មាន​តម្លៃ​រហូត​ដល់​ជិត ៣ លាន​ដុល្លារ/គ្រឿង រហូត​ដល់ ១០ គ្រឿង​បាន​ដោយ​ងាយ​ស្រួល​បំផុត។

តែ​ទោះជា​យ៉ាងណា ថ្វីបើ​ចំណូល​បាន​ដល់ ៣២,៥ លាន​ផោន​ក្ដី តែ​ម្ចាស់ដី Old Trafford អាច​ទទួល​ភាគលាភ​ត្រឹម ៣,២៥ លាន​ផោន​ប៉ុណ្ណោះ ដែល​ ៩០% ទៀត​គឺ​ក្រុមហ៊ុន​ផ្គត់ផ្គង់ Adidas ជា​អ្នកទទួល​បាន៕

ប្រភព: nairametrics