អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា អគ្គនាយកក្រុមហ៊ុន បុរី ឡេង ណាវ៉ាត្រា កំពុងបង្កើតសកម្មភាពចុះចាត់ចែងផ្ទាល់មៀនប៉ៃលិន បាត់ដំបងរាប់រយតោន ដើម្បីបែងចែកតាមបណ្ដាខេត្តដោយដាក់លក់ជូនបងប្អូនត្រឹមតែ ១៩០០រៀលប៉ុណ្ណោះ។ បណ្តាខេត្តដែលមហាសេដ្ឋីល្បីឈ្មោះ គ្រោងនឹងបែងចែកយកទៅលក់នោះមានដូចជា ខេត្តកំពង់ស្ពឺ តាកែវ កំពត និងក្រុងព្រះសីហនុ។
បើតាមការលើកឡើងរបស់អ្នកឧកញ៉ា ការចុះដោយផ្ទាល់នៅពេលនេះគឺដើម្បីជៀសវាង ផ្លែមៀនខួចគុណភាព និងដើម្បីឲ្យទាន់សភាពការផ្លែមៀន របស់បងប្អូនប្រជាកសិករ ខេត្តប៉ៃលិន និង បាត់ដំបង ដែលកំពុងទុំ សស្រាក់សស្រាំប្រមូលផលនោះ។
អ្នកឧកញ៉ាបន្ថែមថា៖ “ខ្ញុំបាទសូមអរគុណ ទៅដល់សប្បុរសជនទាំងអស់ដែលបានជួយទិញផ្លែមៀនរបស់កសិករដែលកំពុងតែជួបវិបត្តិដោយសារកូវីដ-១៩ នេះបង្ហាញឱ្យឃើញពីសាមគ្គីភាពដ៏រឹងមាំរបស់ប្រជាជាតិយើង”។
សូមបញ្ជាក់ថា ការចុះប្រមូលទិញដល់ចំការ និងបែងចែកផ្ទាល់របស់អ្នកឧកញ៉ានៅពេលនេះ ដោយមានការចង្អុលបង្ហាញដោយផ្ទាល់ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ប្រធានកាកបាទក្រហមកម្ពុជា កាលពីថ្ងៃទី០៣ កញ្ញានេះ បានធ្វើដំណើរចុះមកប្រមូលទិញផ្លែមៀនរបស់ប្រជាពលរដ្ឋកំពុងជួបបញ្ហាខ្វះទីផ្សារ នៅខេត្តបាត់ដំបង។
ការអន្តរាគមន៍របស់សម្តេចតេជោនាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងអ្នកឧកញ៉ា បានបង្ហាញឱ្យឃើញនូវកាយយកចិត្តទុកដាក់ និងគិតគូរខ្ពស់របស់សម្តេចតេជោចំពោះប្រជាពលរដ្ឋគ្រប់រូបនៅពេលជួបការលំបាក៕