ស្ថាបនិក Google បំបែកកំណត់ត្រា ប្រើ​ពេល​ត្រឹម ៨ ខែ​ រក​ចំណូល​បាន​ជាង ៩៣ ពាន់​លាន​ដុល្លារ

អន្តរជាតិ

លោក Larry Page និង Sergey Brin គឺ​ជា​ស្ថាបនិក​ក្រុមហ៊ុន​លំដាប់​ពិភពលោក Google បាន​បំបែក​កំណត់ត្រា​ដ៏​អស្ចារ្យ​មួយ​ ត្រឹម​រយៈពេល ៨ ខែ​ អាច​រក​ចំណូល​បាន​រហូត​ដល់​ជាង ៩៣​ ពាន់​លាន​ដុល្លារ​ឯណោះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

គិត​ត្រឹម​ចុងខែ​សីហា ទ្រព្យសម្បត្តិ​របស់ Larry គឺ​មាន​ ១២៩ ពាន់​លាន​ដុល្លារ ខណៈ Sergey មាន ១២៤ ពាន់​លាន​ដុល្លារ ដោយ​អ្នក​ទាំង ២ កើន​ចំណូល​ប្រមាណ ៤៧,៣ ពាន់​លាន​ដុល្លារ និង ៤៦,៣ ពាន់​លាន​ដុល្លារ គិត​ចាប់ពី​ដើម​ឆ្នាំ ២០២១ មក​ដល់​ចុងខែ​សីហា។ សរុប​ទៅ​ចំណូល​ស្ថាបនិក Google ក្នុងរយៈពេល ៨ ខែ​គឺ​មាន​រហូត​ដល់ ៩៣,៦ ពាន់​លាន​ដុល្លារ​ឯណោះ។

ដោយឡែក​មូលហេតុ​ដែល​នាំ​ឲ្យ​តួលេខ​ទ្រព្យសម្បត្តិ​របស់​មហាសេដ្ឋី​ទាំង ២ រូប​ខាងលើ​កើនឡើង​យ៉ាង​គំហុក​បែបនេះ គឺ​ដោយសារ​តម្លៃ​ភាគហ៊ុន​របស់ Google កើន​ឡើង​ជា​លំដាប់ និង​កាល​ពី​ពេល​ថ្មីៗ​នេះ កើន​ជាង​ខែ​សីហា​ដល់​ទៅ ៧% ជាមួយ​តម្លៃ​ប្រមាណ ២ ៩០៩ ដុល្លារ/ហ៊ុន ដែល​ជា​តម្លៃ​ខ្ពស់​បំផុត​មិន​ធ្លាប់​មាន​ពីមុន។

រហូត​ដល់​ចុង​ខែ​សីហា ក្រុមហ៊ុន​បច្ចេកវិទ្យា​មួយ​នេះ​មាន​មូលធន​ទីផ្សារ​សរុប​ប្រមាណ ១.៩៤ ​ទ្រីលាន​ដុល្លារ ហើយ​បើ​គិត​ចាប់ពី​ឆ្នាំ ២០០៩ មក ការ​កើនឡើង​នៃ​តម្លៃ​ភាគហ៊ុន​ពេលនេះ គឺជា​ការ​កើនឡើង​ខ្ពស់​បំផុត និង​យូរ​បំផុត​ប្រចាំ​ប្រវត្តិសាស្ត្រ។

ជាមួយ​ជោគជ័យ​ដ៏​ធំ​សម្បើម​នេះ​ផង​ដែរ បាន​ធ្វើ​ឲ្យ​​តម្លៃ​ភាគហ៊ុន Google កើន​ដល់​ទៅ ៧៨% បើ​ធៀប​ឆ្នាំ​មុន ខណៈ​ក្នុង​ចំណោម​ក្រុមហ៊ុន​បច្ចេកវិទ្យា​ទូទាំង​ពិភពលោក Google ចាញ់​ក្រុមហ៊ុន​តែ ២ ប៉ុណ្ណោះ បើ​ទោះ​ជា​បច្ចុប្បន្ន​មូលធន​ទីផ្សារ​របស់​ពួកគេ​មាន​ដល់​ជិត ២ ​ទ្រីលាន​ក្ដី រីឯ​ក្រុមហ៊ុន​យក្ស ២ ដែល​មាន​តម្លៃ​ជាង Google គឺ Apple Inc. និង Microsoft Corp.៕

ប្រភព: nairametrics