មិន​ចាយ​លុយ​ដូរ​ឡាន​ថ្មី តែ​សេដ្ឋី Bill Gates ជះលុយ​រាប់​លាន​ដុល្លារ​លើ​​របស់​ ៣ យ៉ាង មាន​តម្លៃ​បំផុត

អន្តរជាតិ

មហាសេដ្ឋី​លំដាប់​ថ្នាក់​ពិភពលោក Bill Gates ធ្លាប់​ទទួល​រហស្សនាម​ថា​ ជា​មហាសេដ្ឋី​មិន​ចូលចិត្ត​ចំណាយ​ប្រាក់​លើ​សម្ភារៈ​និយម ដូចជា​នាវា​ឯកជន ឬ​រថយន្ត​ទំនើបៗ​ថ្លៃៗ​អ្វី​ឡើយ ហើយ​បើ​និយាយ​ពី​នាឡិកា​វិញ លោក​ពាក់​ត្រឹម​តម្លៃ​ថ្លៃ​បំផុត ៧០ ដុល្លារ​ប៉ុណ្ណោះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យ៉ាងណា មិនមែន​មាន​ន័យ​ថា មហាសេដ្ឋី​មាន​បំផុត​លើ​លោក​លំដាប់​ទី ៤ មិន​ដែល​ចំណាយ​លុយ​រាប់​លាន​ឡើយ ពោល​កាល​ពី​ខែមីនា​ឆ្នាំទៅ Bill Gates ធ្លាប់​ជះ​លុយ ៤៣ លាន​ដុល្លារ​ទិញ​ផ្ទះ​មួយ​ខ្នង​នៅ​រដ្ឋ California ផង​ដែរ។

តែ​ផ្ទះ​មួយ​ខ្នង​នោះ​គ្រាន់តែ​ជា​ចំណែក​តូច​មួយ​បើ​ធៀប​នឹង​វត្ថុ ៣ យ៉ាង​ដែល​ស្ថាបនិក Microsoft ធ្លាប់​ចំណាយ​រាប់​សិប​លាន​ឥត​ស្ទាក់ស្ទើរ​៖
1/ កំណត់ត្រា​របស់​អ្នកប្រាជ្ញ Lenonardo da Vinci សតវត្ស​ទី ១៦

កាលពី​ឆ្នាំ ១៩៩៤ សហ​ស្ថាបនិក​មូលនិធិ Bill and Melinda Gates Foundation បាន​ចំណាយ​ប្រមាណ ៣០,៨ លាន​ដុល្លារ ឬ​ប្រមាណ​ជិត ៦០ លាន​ដុល្លារ​ពេល​បច្ចុប្បន្ន សម្រាប់​ការ​ទិញ​កំណត់ត្រា​របស់​អ្នកប្រាជ្ញ Leonardo da Vinci ដែល​ត្រូវ​គេ​ជឿ​ថា​ បាន​សរសេរ​ក្នុង​ចន្លោះ​ឆ្នាំ ១៥០៦ ដល់ ១៥១០ ខណៈ​បច្ចុប្បន្ន Bill Gates បាន​ឲ្យ​សារមន្ទីរ​ខ្ចី​​ដាក់​តាំង​បង្ហាញ​ជា​សាធារណៈ​។

2/ យន្តហោះ​ផ្ទាល់ខ្លួន

គ្មាន​នាវា​ឯកជន គ្មាន​ឡាន​ទំនើប​ថ្លៃៗ តែ​មិនមែន​មាន​ន័យ​ថា Bill Gates គ្មាន​យន្តហោះ​ផ្ទាល់ខ្លួន​ទេ។ មហាសេដ្ឋី​ប្រាក់​ពាន់​លាន​ដុល្លារ​រូប​នេះ បាន​ផ្ដល់​កិច្ច​សម្ភាសន៍​ជាមួយ Ellen DeGeneres ថា យន្តហោះ​ម៉ាក Bombardier BD-700 Global Express គឺ​លោក​ចំណាយ​ប្រមាណ ៤០ លាន​ដុល្លារ​ដើម្បី​ទិញ​ ហើយ​គោលបំណង​នៃ​ការ​ទិញ​គឺ​សម្រាប់​តែ​ដំណើរ​ទស្សនកិច្ច​ជំនួញ​ប៉ុណ្ណោះ។

3/ ភូមិគ្រឹះ​តម្លៃ ១២៧ លាន​ដុល្លារ

ដូច​បាន​រៀបរាប់​ពី​ខាងលើ កាលពី​ខែមីនា ២០២០​ Bill Gates ចំណាយ​លុយ​ប្រមាណ ៤៣ លាន​ដុល្លារ​ទិញ​ផ្ទះ​មួយ​ខ្នង​នៅ California ។ នៅ​រដ្ឋ Washington ឯណោះ​វិញ មហាសេដ្ឋី​រូប​នេះ​ក៏​មាន​ភូមិគ្រឹះ​មួយទៀត​តម្លៃ​វិញ គឺ​ដល់​ទៅ ១២៧ លាន​ដុល្លារ​ឯណោះ៕

ប្រភព: luxurylaunches