ទស្សនៈនៃភាពជោគជ័យ នៅប៉ុន្មានឆ្នាំចុងក្រោយនេះហាក់មានការចាប់អារម្មណ៍ខ្លាំងពីប្រជាពលរដ្ឋ ពិសេសនោះ គឺយុវជនដែលកំពុងពុះកញ្ជ្រោស្រែកឃ្លានចង់បានជោគជ័យ ស្របពេលជាមួយគ្នានេះក៏មានកម្មវិធីបណ្តុលបណ្តាលផ្នត់គំនិត ឬបង្រៀនធ្វើឲ្យជោគជ័យក៏មានច្រើនដែរ។ មនុស្សមួយចំនួនសម្តែងការអបអរសាទរចំពោះកម្មវិធីបង្រៀនវគ្គជោគជ័យ ខណៈមួយចំនួនទៀតរិះគន់ ឬនិយាយថា ការបើកវគ្គនេះគ្រាន់តែងជាការធ្វើអាជីវកម្មតែប៉ុណ្ណោះ។
ជាក់ស្តែងថ្មីៗនេះ មានគ្រូបង្រៀន អ្នកបណ្តុះបណ្តាលផ្នត់គំនិតជោគជ័យ បានលើកឡើងនិងផ្តល់និយមន័យទៅលើពាក្យជោគជ័យផ្សេងៗគ្នា ការផ្តល់និយមនេះមានទស្សនៈស្របគ្នាខ្លះ និងមួយចំនួនទៀតផ្ទុយគ្នាទាំងស្រុង។ តាមវចនានុក្រមសម្តេចសង្ឃ ជួន ណាត ពាក្យ “ជោគជ័យ” មានន័យថា “ការសមប្រកប ឬសេចក្តីសុខស្រួល និងជ័យជំនះ”។
សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព
លោកឧកញ៉ា ប៊ិច ប៉ូឡែន អគ្គនាយក ក្រុមហ៊ុន វេសឡាញ អេឌ្យូខេសិន គ្រុប បានលើកឡើងថា ទស្សនវិជ្ជាព្រះពុទ្ធសាសនា ក៏បង្រៀនមនុស្សលោកពីគន្លងត្រឹមត្រូវទៅរកភាពជោគជ័យ ឬទទួលបានសេចក្តីសុខ និងជ័យជំនះក្នុងជីវិតយើងដែរ ជាពិសេសគឺការយកជ័យជំនះលើខ្លួនឯង។
លោកថ្លែងថា៖ «មកដល់ពេលនេះ ខ្ញុំក៏នៅខិតខំរៀនសូត្រពីអ្នកដទៃ បន្តឆ្លុះបញ្ចាំង និងកែតម្រូវឆ្ពោះទៅភាពជោគជ័យក្នុងជីវិតដែរ ហើយខ្ញុំបានរៀសូត្រជាច្រើនពីផ្នត់គំនិត និងវិធីសាស្រជោគជ័យជាច្រើនលើការងារគ្រប់គ្រង អាជីវកម្ម និងការដឹកនាំគ្រួសារពីមិត្តភក្រ្តល្អៗជាច្រើន»។
លោកបន្ត ក្រៅពីការងារស្នូលរបស់ខ្ញុំក្នុងការដឹកនាំក្រុមហ៊ុន និងសាលារៀន ក៏ខ្ញុំបានចំណាយពេលមួយចំនួន ស្រាវជ្រាវ ចែករំលែក និងដឹកនាំការពិភាក្សាលើផ្នត់គំនិត និងវិធីសាស្រ្តឆ្ពោះទៅរកភាពជោគជ័យក្នុងអាជីពកាងារ អាជីវកម្ម និងការកសាងសុភមង្គលក្នុងគ្រួសារជូនមនុស្សជាច្រើនម៉ឺនសែននាក់ដែរក្នុងអំឡុងពេលជាង២០ឆ្នាំនេះ ទាំងលើឆាក វេទិកា និងបណ្តាញផ្សព្វផ្សាយ។
«ផ្នត់គំនិតជោគជ័យបើអាចសូមឲ្យក្រសួងអប់រំទៅពិចារណាតើបុគ្គលនោះមានលក្ខណៈគ្រប់គ្រាន់ក្នុងការបង្កើតវគ្គជោគជ័យឬអត់ បើអត់ទេបិទចោលទៅ បើមិនចឹងទេនាំប្រជាពលរដ្ឋបំផុសបំផុលខូចសង្គមអស់ហើយ»។ នេះគឺជាការលើកឡើងរបស់អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន Mengly J. Quach Education ក្នុងឱកាសបើកសម្ពោធសៀវភៅ «កម្រងកំណាព្យពីដួងចិត្ត» កាលពីខែមករាកន្លងមក។
បើតាមអ្នកឧកញ៉ា យើងគួរពិចារណាហើយពិចារណាទៀត វាគ្មានប្រទេសណាពោរពេញដោយយុវបញ្ញវន្ដជ្រើមជ្រួលអំពីជោគជ័យនឹងទេ ជោគជ័យគឺមិនអាចផ្លូវកាត់ទេទាល់តែយើងអង្គុយរៀនមួយគន្លាក់ៗ។
«ខ្ញុំសង្ឃឹមថាក្រសួងអប់រំពិនិត្យដល់បើនៅតែចឹងគឺនៅតែយុវប្រហោងក្នុង ឥឡូវនេះច្រើនណាស់ ក្មេងមិនទៅរៀនព្រោះអត់លុយបង់គួរ ក្មេងអត់ទៅរៀនព្រោះក្រីក្រខ្វះលុយចឹងទៅធ្វើការ ហើយយកលុយតិចតួចទៅបង់ឲ្យគ្រូប្រចាំឆ្នាំ ដល់ឆ្នាំប្រឡងបានទៅប្រឡង ចឹងថ្នាក់ទី១១ ទី១២ អត់ទៅរៀនទេ នេះជាកត្តារឿងធំក្នុងសង្គមដែលយើងត្រូវពិចារណាយយកចិត្តទុកដាក់»។ អ្នកឧកញ៉ាបន្ថែម។
អ្នកឧកញ៉ាផ្តល់និយមន័យនៃភាពជោគជ័យ សម្រាប់លោកថា «អ្វីដែលខ្ញុំធ្វើ ត្រូវតែមានផលប្រយោជន៍ដល់សង្គម និងប្រជាជនខ្ញុំ»។
លោកសង្កត់ធ្ងន់ថា៖ លើលោកនេះគ្មានជោគជ័យណាប្រសើរជាងជោគជ័យលើខ្លួនឯងឡើយ។ ជោគជ័យលើខ្លួនឯង គឺមានប្រយោជន៍ជាងជោគជ័យលើអ្នកដទៃទៅទៀត ពីព្រោះជោគជ័យលើខ្លួនឯងនឹងធ្វើឱ្យយើងចេះម្ចាស់ការ យល់កាលៈទេសៈ និងអាចគ្រប់គ្រងស្ថានភាពការងារបាន។
លោកឧកញ៉ា ប៊ិច ប៉ូឡែន៖ «ចំពោះខ្ញុំ វាមិនមានការខុសឆ្គងអ្វីទេដែលបង្ហាត់បង្រៀន បង្ហាញផ្លូវជោគជ័យដល់អ្នកដទៃ។ សំខាន់អ្នកបង្ហាត់បង្ហាញផ្លូវនោះប្រើប្រាស់វិធីសាស្រ្តបែបណា មានចំណេះជំនាញល្អច្បាស់លាស់ទេ មានទំនួលខុសត្រូវ និងក្រមសីលធម៌ប៉ុនណា ហើយអ្នកដែលរៀននោះយល់ប៉ុនណា មានការអំណត់ព្យាយាម និងអនុវត្តវាបានដល់កំរិតណា។»។
លោកបន្ថែមថា មកដល់ពេលនេះ ខ្ញុំទទួលបានសេចក្តីសុខ ភាពសមប្រកបក្នុងជីវិត និងជ័យជំនះ (ជោគជ័យ) ក្នុងកិច្ចការងារជាច្រើន តាមរយៈចំណេះដឹង និងជំនាញជាច្រើនដែលគ្រូរបស់ខ្ញុំបានបង្ហាត់បង្រៀន បានបង្ហាញផ្លូវតាំងពីតូច រួមទាំងមាតាបិតាខ្ញុំដែរ។ ពួកគាត់ជាគ្រូបង្រៀនពីវិធីជោគជ័យដល់ខ្ញុំ៕