Intel បង្ហើបគម្រោងចាយ​ថវិកា​ខ្ទង់​ពាន់​លាន​ដុល្លារ​ បង្កើត​​រោងចក្រ​បន្ថែម​នៅ​​អឺរ៉ុប

អន្តរជាតិ

បើ​និយាយ​ដល់​បច្ចេកវិទ្យា​ លើ​កុំព្យូទ័រ​នោះ ក្រុមហ៊ុន​ Intel Corp ហៅ​កាត់ INTC.O គឺ​ជា​ក្រុមហ៊ុន​​ផ្គត់ផ្គង់​បន្ទះឈីប​ធំ​បំផុត​មួយ​លើ​ពិភពលោក ហើយ​ដោយសារ​តម្រូវការ​ពី​អតិថិជន​ខ្លាំងពេក ក្រុមហ៊ុន​មួយ​នេះ​បាន​បង្ហើប​ឲ្យ​ដឹង​ពី​គម្រោង​ថ្មី​ស្រឡាង​មួយ​របស់​ពួកគេ​ដែល​ចំណាយ​ទឺកប្រាក់​រហូត​ដល់​ខ្ទង់​ពាន់​លាន​ដុល្លារ​ឯណោះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

កាលពី​ថ្ងៃអង្គារ​ INTC.O បាន​ទម្លាយ​ឲ្យ​ដឹង​ថា ពួកគេ​មាន​គម្រោង​ពង្រីង និង​បង្កើត​រោងចក្រ​បន្ថែម​នៅ​តំបន់​អឺរ៉ុប ​ព្រោះ​តម្រូវការ​ទីផ្សារ​មាន​ការ​ទាមទារ​ខ្ពស់ ខណៈ​ចំនួន​ទឹកប្រាក់​គ្រោង​ទម្លាក់​ក្នុង​ផែនការ​មួយ​នេះ គឺ​ប្រមាណ ៩៥ ពាន់​លាន​ដុល្លារ​ក្នុង​រយៈពេល ១០ ឆ្នាំ​ខាងមុខ។

ជាមួយ​គ្នា​នោះ​ដែរ នាយក​ប្រតិបត្តិ Intel លោក Pat Gelsinger បាន​ប្រាប់​ទៅកាន់ IAA ថា ក្រុមហ៊ុន​នឹង​ធ្វើការ​ប្រកាស​ជា​ផ្លូវការ​សម្រាប់​ទីតាំង​នៃ​ការ​បង្កើត​រោងចក្រ​ផលិត​បន្ទះឈីប​ ២ នៅ​តំបន់​អឺរ៉ុប​នា​ចុងឆ្នាំ​នេះ។

បើ​ទោះជា​ការ​ប្រកាស​ផ្លូវការ​នឹង​ធ្វើ​ឡើង​នា​ចុងឆ្នាំ​មែន តែ​បើ​តាម​ការ​សន្និដ្ឋាន​ពី​ទីតាំង​ដែល Intel នឹង​ជ្រើស​យក​អាច​មាន​ដូចជា ប្រទេស​អាល្លឺម៉ង់ និង​បារាំង ស្របពេល​ប្រទេស​ប៉ូឡូញ​ឯណោះ​វិញ ក៏​អាច​ស្ថិត​នៅ​ក្នុង​បញ្ជី​ដែល Intel កំពុង​សិក្សា​ផង​ដែរ៕

ប្រភព: Reuters