ពីមួយឆ្នាំទៅមួយឆ្នាំប្រទេសកម្ពុជាមានការអភិវឌ្ឍជាលំដាប់ដែលយើងឃើញថាទីផ្សារការងារកំពុងត្រូវការយ៉ាងខ្លាំងចំពោះអ្នកមានបច្ចេកទេសពិតប្រាកដ ហើយទៅថ្ងៃខាងមុខកម្ពុជាត្រូវការអ្នកបច្ចេកទេសជាច្រើន។ ក៏ប៉ុន្តែមាននិស្សិតជាច្រើននៅមិនទាន់អាចសម្រេចចិត្តថា តើគួររៀនជំនាញបច្ចេកទេសឬរៀននៅសាកលវិទ្យាល័យនៅឡើយទេ។ បើតាមប្រសាសន៍ អ្នកឧកញ៉ាវេជ្ជបណ្ឌិត គួច ម៉េងលី បានលើកឡើងថា និស្សិតភាគច្រើនចូលចិត្តជ្រើសរើសជំនាញដែលខ្លួនអាចធ្វើការនៅក្នុងម៉ាស៊ីនត្រជាក់និងមានអ្នករៀនច្រើន ខណៈមាននិស្សិតតិចតួចបំផុតសិក្សាមុខវិជ្ជាបច្ចេកទេស។
តាមពិតទៅការងារបច្ចេកទេសមានប្រាក់ខែច្រើន ហើយមានទីផ្សារការងារទូលាយណាស់។ សព្វថ្ងៃនេះគេត្រូវការអ្នកបច្ចេកទេសច្រើនខ្លាំងណាស់។ ក្នុងនាមជាអ្នកដឹកនាំសាលាឯកជនមួយរូប អ្នកឧកញ៉ាបានលើកឡើងថា ជំនាញបច្ចេកទេសអត់ត្រូវការសញ្ញាបត្រត្រូវការចំណាយពេលរាប់ឆ្នាំ។ នៅតាមសសាលាបណ្ដុះបណ្ដាលវិជ្ជាជីវៈគឺមានការសិក្សារយៈពេលខ្លី តែអាចធានាទទួលបានការងារធ្វើនិងប្រាក់ចំណូលខ្ពស់។
ការវិនិយោគទៅលើការងារបណ្ដុះបណ្ដាលវិជ្ជាជីវៈ គឺជាដំណើរឆ្ពោះដ៏ត្រឹមត្រូវជួយបង្កើតធនធានមនុស្សនៅកម្ពុជា។ ការចូលរួមគ្នាជាមួយវិស័យឯកជនជាមួយរាជរដ្ឋាភិបាលដើម្បីធ្វើការបណ្ដុះបណ្ដាលយុវជននិងប្រជាពលរដ្ឋទូទៅជាឱកាសទទួលបានមានជំនាញវិជ្ជាជីវៈមួយច្បាស់ ដើម្បីទៅធ្វើការនៅទីផ្សារការងារដែលជាតម្រូវការយ៉ាងខ្លាំងក្នុងពេលបច្ចុប្បន្ននេះ ។ បច្ចុប្បន្ននេះចំនួនអ្នកអ្នកជំនាញបច្ចេកទេសដែលសិក្សានៅតាមសាលារដ្ឋនិងសាលាឯកជន មិនទាន់បំពេញគ្រប់គ្រាន់ទៅនឹងតម្រូវការទីផ្សារការងារនោះទេ។