ខំរៀនមធ្យមងំគឺខំអាន ទើបយើងអាចក្លាយជាមនុស្សពេញលក្ខណ:។ យើងមិនអាចលូតលាស់តែរាងកាយបានទេ តែយើងត្រូវតែលូតលាស់ផ្នែកចំណេះដឹងផងដែរ។
សេដ្ឋីលំដាប់ប្រទេសអ្នកឧកញ៉ាគិត ម៉េង អគ្គនាយកក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប បានរំលឹកការចងចាំនៅពេលដែលកូនៗអ្នកឧកញ៉ាទាំងអស់រៀនពីរបៀបអាននិងសរសេរជាលើកដំបូង។ គ្រានោះបានផ្តល់ឱ្យអ្នកឧកញ៉ានូវក្តីអំណរនិងក្តីសង្ឃឹមដែលមិនអាចពណ៌នាបាន ជាមួយទំនុកចិត្តថាអនាគតរបស់កូនៗនឹងភ្លឺស្វាង។
នៅក្នុងឱកាសប្រារព្ធទិវាអក្ខរកម្មជាតិ-អន្តរជាតិ អ្នកឧកញ៉ាគិត ម៉េងបានមានប្រសាសន៍រៀបរាប់នៅលើបណ្ដាញសង្គមផ្ទាល់ខ្លួនរបស់លោកថា អក្ខរកម្មគឺជាគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពមួយរបស់ពិភពលោក។ គោលបំណងនៃការប្រារព្ធទិវាអក្ខរកម្មជាតិ-អន្តរជាតិ គឺដើម្បីស្វែងយល់ពីបញ្ហាដែលកំពុងប្រឈម ព្រមទាំងរួមគ្នាស្វែងរកដំណោះស្រាយ។
អ្នកឧកញ៉ាជឿជាក់យ៉ាងមុតមាំថា ការអប់រំមានសារៈសំខាន់ណាស់សម្រាប់បុគ្គលម្នាក់ៗ ហើយការអភិវឌ្ឍធនធានមនុស្សជះឥទ្ធិពលដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនិងវប្បធម៌ទាំងមូល។ ការជាប់ទាក់ទងគ្នារវាងការអប់រំនិងភាពក្រីក្រគឺជាភស្តុតាងជាក់ស្តែងដែលមិនអាចប្រកែកបានពីសារៈសំខាន់នៃអក្ខរកម្ម។ ការអប់រំផ្តល់នូវចំណេះដឹងដែលអាចធ្វើឱ្យមានភាពចល័តនៃសេដ្ឋកិច្ចសង្គម ហើយពិតណាស់ការអប់រំគឺជាឧបករណ៍ដ៏មានឥទ្ធិពលមួយ ដើម្បីជំរុញឱ្យយើងរួចផុតពីភាពក្រីក្រ។ អក្ខរកម្មដឹកនាំសហគមន៍ឆ្ពោះទៅរកការពង្រឹងអំណាចសេដ្ឋកិច្ច និងសង្គមប្រកបដោយនិរន្តរភាពនិងស្ថិរភាព។
កន្លងមកអ្នកឧកញ៉ាគិត ម៉េងតែងតែយកចិត្តទុកដាក់ចូលរួមជួយអភិវឌ្ឍវិស័យអប់រំនៅប្រទេសកម្ពុជា ជាមួយរាជរដ្ឋាភិបាលតាមរយៈសកម្មភាពក្រុមហ៊ុននានាដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប រួមមានក្រុមហ៊ុន wing ក្រុមហ៊ុន cellcard ក្រុមហ៊ុន infinity និងក្រុមហ៊ុន ezecom ជាដើម ។ ហើយរួមទាំងបានបង្កើតសាលាឯកជនមួយដែលមានឈ្មោះថាសាលាអន្តរជាតិ southbridg កម្ពុជា ផងដែរ ។
គួរបញ្ជាក់ផងដែរថា ទិន្នន័យពីធនាគារពិភពលោកបានបង្ហាញថា អក្ខរកម្មមនុស្សពេញវ័យនៅប្រទេសកម្ពុជាក្នុងឆ្នាំ២០០៩ មានចំនួន ៧៦,១៤%។ មួយទសវត្សរ៍ក្រោយមក របាយការណ៍ជំរឿនទូទៅប្រជាជននៅកម្ពុជា ឆ្នាំ២០១៩ បានបង្ហាញពីអត្រាអក្ខរកម្មមនុស្សពេញវ័យសរុប ៨៧,៧% ដែលជាការរីកចម្រើនគួរឱ្យកត់សម្គាល់នៅក្នុងបេសកកម្មអក្ខរកម្មក្នុងប្រទេស។