ក្រុមហ៊ុនល្បីខាងវិស្វកម្មយានយន្ត ចាប់ដៃជាមួយវិទ្យាស្ថានតេជោ សែន សាធារណការ និងដឹកជញ្ជូន ដើម្បីពង្រឹងគុណភាពអប់រំឱ្យសមស្របទៅនឹងតម្រូវការទីផ្សារ

សង្គម​ និង​សេដ្ឋកិច្ច

វិទ្យាស្ថានតេជោ សែន សាធារណការ និងដឹកជញ្ជូន បានរៀបចំពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ រវាងក្រុមហ៊ុន អ អិម អេ ខេមបូឌា ភីអិលស៊ី ដើម្បីពង្រីកលទ្ធភាពផ្តល់ការបណ្តុះបណ្តាលដល់និស្សិត ឱ្យបានកាន់តែទូលំទូលាយ រឹងមាំលើជំនាញ ចំណេះដឹង នឹងពង្រឹងគុណភាពអប់រំឱ្យសមស្របទៅនឹងតម្រូវការទីផ្សារ និងផ្តល់ជំនួយបច្ចេកទេសដែលជាគុណប្រយោជន៍ដល់គូភាគីទៅវិញទៅមក ស្របតាមតម្រូវការរបស់សង្គម។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ពិធីចុះហត្ថលេខានៅថ្ងៃទី ៩ ខែកញ្ញា នេះ ក្រោមវត្តមានលោកជំទាវ ឥម នីថារ៉ា រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមទេសរដ្ឋមន្រ្តី ព្រមទាំងមានការចុះហត្ថលេខា ឯកឧត្តម ហឿន សំនៀង នាយកវិទ្យាស្ថានតេជោ សែន សាធារណការ និងដឹកជញ្ជូន និងលោក ងន សាំង ប្រធានក្រុមហ៊ុន អ អិម អេ ខេមបូឌា ភីអិលស៊ីប្រចាំកម្ពុជា។

ឯកឧត្តម ហឿន សំនៀង ថ្លែងគូសបញ្ជាក់អំពីកិច្ចខិតខំប្រឹងប្រែង និងការប្តេជ្ញាចិត្តរបស់វិទ្យាស្ថានតេជោ សែន សាធារណការ និងដឹកជញ្ជូន និងក្រុមហ៊ុន អ អិម អេ ខេមបូឌា ភីអិលស៊ី (RMA Cambodia Plc) ក្នុងទិសដៅពង្រីកលទ្ធភាពផ្តល់ការបណ្តុះបណ្តាលដល់និស្សិតឱ្យបានកាន់តែទូលំទូលាយ ជាក់លាក់ និងរឹងមាំលើជំនាញ ចំណេះដឹង និងសីលធម៌ ស្របតាមតម្រូវការរបស់សង្គម។

បើតាមឯកឧត្តមនាយក កន្លងមកវិទ្យាស្ថានតេជោ សែន បានចុះអនុស្សរណៈជាមួយបណ្តាដៃគូនានាក្នុងវិស័យពាក់ព័ន្ធ ដូចជា វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា សាលា Jhajaing ប្រទេសចិន និងនៅថ្ងៃខាងមុខវិទ្យាស្ថាននឹងចុះអនុស្សរណៈជាមួយសាលាភូមិន្ទរដ្ឋបាល សមាគមភស្តុភារកម្មកម្ពុជា ក្រុមហ៊ុន PPD សាកលវិទ្យាល័យ Chang An University ប្រទេសចិន ព្រមទាំងបណ្តាដៃគូផ្សេងៗទៀតក្នុងទិសដៅពង្រីកភាពជាដៃគូខាងក្រៅ ដើម្បីពង្រឹងខាងក្នុង។

ជាមួយគ្នានេះ លោកជំទាវ ឥម នីថារ៉ា បានចង្អុលបង្ហាញពីចក្ខុវិស័យដ៏វែងឆ្ងាយរបស់ឯកឧត្ដម ទេសរដ្ឋមន្ដ្រីក្នុងការបង្កើតវិទ្យាស្ថាននេះឡើង ដើម្បីបណ្តុះបណ្តាលកូនខ្មែរជំនាន់នេះ និងជំនាន់បន្តបន្ទាប់ ទៀតឱ្យមានសមត្ថភាពចេះសាងសង់ផ្លូវ ស្ពាន ឆ្លងកាត់ទន្លេមេគង្គ ទន្លេបាសាក់ ទន្លេសាប ដោយខ្លួនឯង និងមានគុណភាពជូនជាតិមាតុភូមិនាពេលអនាគតដូចបុព្វបុរសយើងនាសម័យមុន ដែលមានសមត្ថភាពកសាងប្រាង្គប្រាសាទដ៏ស្រស់បំព្រង និងមានគុណភាពជាប់បានរាប់រយពាន់ឆ្នាំ និងថែមទាំងល្បីល្បាញពាសពេញសាកលលោកទៀតផង។

លោកជំទាវថ្លែងថា៖ ការចុះអនុស្សរណៈយោគយល់នាពេលនេះគឺជាការបើកទំព័រប្រវត្តិសាស្រ្តថ្មីមួយទៀតរវាងវិទ្យាស្ថានតេជោ សែន សាធារណការ និងដឹកជញ្ជូន និង ក្រុមហ៊ុន អ អិម អេ ខេមបូឌា ដើម្បីចូលរួមចំណែកដល់ការអភិវឌ្ឍធនធានមនុស្សលើជំនាញបច្ចេកទេស និងបានបន្ថែមថា៖ ក្រុមហ៊ុន អ អិម អេ ខេមបូឌា នឹងក្លាយជាក្រុមហ៊ុនឯកជនជាដៃគូសហការរបស់វិទ្យាស្ថានដំបូងគេនៅកម្ពុជា។

គួររម្លឹកជូនថា ក្រុមហ៊ុន អ អិម អេ ខេមបូឌា គឺជាក្រុមហ៊ុនមួយមានភាពល្បីល្បាញ និងមានការ ទទួលស្គាល់លើឆាកអន្តរជាតិ និងមានឯកទេសផ្នែកវិស្វកម្មយានយន្ត បច្ចេកទេស ឧបករណ៍ធុនធ្ងន់ ក៏ដូចជាបានចូលរួមយ៉ាងសកម្មគាំទ្រដល់សកម្មភាពសង្គមទាំងឡាយផងដែរ៕