ធ្វើចត្តាឡីស័ក១ថ្ងៃ ច្បាប់ថ្មីថៃគ្រោងបន្ធូរបន្ធយ ចំពោះភ្ញៀវទេសចរណ៍ដែលធ្វើដំណើរទៅលេងតំបន់កោះទាំង ៣ នេះ

អន្តរជាតិ

ថៃកំពុងរៀបចំកែប្រែច្បាប់ថ្មីបន្ថែមទៀត ទៅលើគម្រោងបើកកោះ Samui ដែលស្ថិតនៅក្នុងខេត្ត Surat Thani ឲ្យកាន់មានភាពទូលំទូលាយជាមុន  ពោលគឺដូចគ្នាទៅនឹងច្បាប់ថ្មីនៅកោះ Phuket ដែរ ដោយលុបចោលការធ្វើចត្តាឡីស័កច្រើនថ្ងៃ  និងគ្រោងទទួលអ្នកដំណើរក្នុងស្រុកចាប់ពីខែក្រោយនេះតទៅ ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តែទោះជាយ៉ាងណាក៏ដោយ លោក Ratchaporn Poolsawadee ប្រធានសមាគមទេសចរណ៍កោះ Samui បាននិយាយថា បើទោះជាកម្រោងខាងលើត្រូវបានអនុម័តក៏ដោយ ប៉ុន្តែប្រហែលជាមិនអាចទទួលអ្នកទេសចរអន្តជាតិភ្លាមៗនៅឡើយនោះទេ ខណ:ពេលដែលប្រទេសថៃទាំងមូល កំពុងតែបន្តរងផលរំខានខ្លាំងដោយសារកូវីដ ១៩ ។

ដោយឡែក ការកែប្រែបទច្បាប់ថ្មីត្រូវបានពិភាក្សានៅសប្តាហ៍នេះ បន្ទាប់ពីប្រជុំកោះទាំងបីក្នុងខេត្ត Surat Thani ដូចជា កោះ Samui កោះ Phangan និង កោះ Tao ទទួលបានភ្ញៀវទេសចរណ៍ច្រើន នៅក្នុងរយ:ពេលពីខែកន្លងមកនេះ បើធៀបជាមួយកោះ Phuket ចាប់តាំងពីមានការបើកឲ្យភ្ញៀវទេសចរណ៍ចូលកម្សាន្តឡើងវិញ។

ស្ថិតនៅក្រោមបទបញ្ជាថ្មីនេះ ត្រូវបានគេរំពឹងថានឹងចាប់ផ្តើមអនុវត្តចាប់ពីថ្ងៃទី ១ ខែតុលា ទៅ ដោយអ្នកទេសចរណ៍ ដែលមកលេងកម្សាន្តនៅកោះទាំង ៣ ខាងលើ គឺតម្រូវឲ្យធ្វើចត្តាឡីស័កត្រឹមតែមួយថ្ងៃប៉ុណ្ណោះ នៅសណ្ឋាគារដែលទទួលបានបញ្ជាក់ដោយស្តង់ដា SHA Plus ដើម្បីរង់ចាំទទួលលទ្ធផលពីការធ្វើតេស្ត RT-PCR របស់ពួកគេ ។

មិនតែប៉ុណ្ណោះ ក្រោយពីទទួលបានការធ្វើតេស្តទាំងនោះហើយ ពួកគេអាចដើរលេងកោះទាំង ៣ បានដោយសេរី ពោលគឺគ្មានការរឹតត្បិតអ្វីតទៀតឡើយ ដែលនេះមានន័យថាច្បាប់ថ្មីដែលត្រូវបានកែប្រែមួយនេះ នឹងមានភាពធូររលុងជាងច្បាប់ចាស់ ដែលតម្រូវឲ្យធ្វើចត្តាឡីស័កនៅក្នុងសណ្ឋាគាររហូតដល់ទៅ ៣ ថ្ងៃ ហើយអាចធ្វើដំណើរបានតែក្នុងបរិវេណកោះ Samui តែមួយប៉ុណ្ណោះ ចាប់ពីថ្ងៃទី ៤ ដល់ទី ៧ បន្ទាប់មកពួកគេអាចបន្តទៅលេងកម្សាន្តនៅកោះពីរផ្សេងទៀត ចាប់ពីថ្ងៃទី ៧ ទៅ ប៉ុន្តែចាំបាច់ត្រូវមានមគ្គុទេសទេសចរណ៍ ដើម្បីនាំផ្លូវ៕

ប្រភព: Bangkok Post