ដូចដែលប្រិយមិត្តបានដឹងហើយថា ប្រទេសវៀតណាមកំពុងជួបវិបត្តិ COVID-19 ធ្ងន់ធ្ងរដោយកាលពីពេលថ្មីៗនេះ ការតាំងបង្ហាញពិព័រណ៍រថយន្តធំបំផុតប្រចាំប្រទេសត្រូវបានរំសាយជាថ្មី ព្រោះតែករណីឆ្លងនៅបន្តកើនឡើងឥតស្រាកស្រាន្ត។
ទោះកំពុងស្ថិតក្នុងស្ថានការណ៍ដ៏លំបាក វៀតណាមនៅជាប់ឈ្មោះជាអ្នកផ្គត់ផ្គង់ធំបំផុតមួយទៅកាន់ទីផ្សារអន្តរជាតិ ពោលបើធៀបនឹងប្រទេសនៅតំបន់អាស៊ីកាលពីឆ្នាំទៅ វៀតណាមមានកំណើនខ្ពស់ជាងមុន ២,៩%។
“បើទោះជាការផ្គត់ផ្គង់ខ្លះ ត្រូវបានបិទ និងផ្អាកបណ្ដោះអាសន្ន ដោយសារបញ្ហា COVid ក្ដី តែវៀតណាមនៅតែធ្វើបានយ៉ាងល្អសម្រាប់វិស័យសេដ្ឋកិច្ច ហើយបច្ចុប្បន្នក៏កំពុងកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ ក្នុងការក្លាយជាអ្នកផ្គត់ផ្គង់សំខាន់បំផុតលើទីផ្សារអន្តរជាតិ ជាពិសេសសម្រាប់អតិថិជនអាមេរិកតែម្ដង”។ នេះបើតាមសម្ដីប្រធានប្រតិបត្តិ Adam Sitkoff នៃក្រុមហ៊ុន American Chamber of Commerce ក្នុងប្រទេសវៀតណាមប្រាប់ទៅកាន់ Bloomberg Television។
គិតមកត្រឹមចុងខែមេសា ទីក្រុងធំៗ ២ គឺទីក្រុងហាណូយ និង ហូជីមិញទទួលរងឥទ្ធិពលពីការឆ្លងនៃរលកទី ៤ នៃ Covid-19 យ៉ាងធ្ងន់ធ្ងរពោលប្រជាជនច្រើនជាង ៥៥៩ ០០០ នាក់បានរកឃើញមានផ្ទុកវិជ្ជមាន។
ហេតុនេះហើយទើបបណ្ដារោងចក្រជាច្រើន ជាពិសេសនៅភាគខាងត្បូងប្រទេសវៀតណាមបានបិទទ្វារ និងអនុញ្ញាតឲ្យដំណើរការតែក្នុងចំនួនបុគ្គលិកជាក់លាក់ ដែលបណ្ដាលឲ្យការផ្គត់ផ្គង់មួយចំនួនមានការរាំងស្ទះ។
បើទោះជារដ្ឋាភិបាលព្យាយាមពន្លឿនការចាក់វ៉ាក់សាំងបែបណាក៏ដោយ បច្ចុប្បន្នប្រជាជនត្រឹម ៣,៩% នៃប្រជាជនសរុបប៉ុណ្ណោះដែលបានចាក់វ៉ាក់សាំងលើកទី ២ រួចរាល់។ តែបើក្រឡេកមើលកំណើនសេដ្ឋកិច្ចវិញ គិតត្រឹមពាក់កណ្ដាលឆ្នាំនេះ វៀតណាមមានការកើនឡើង ៥,៦%៕
ប្រភព: vnexpress