លោកស្រី ជ្រឹង បុទុមរង្សី ត្រូវបានតែងតាំងជាឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ ខណៈដែលការតែងតាំងនេះ គឺបន្ទាប់ពីលោក ឡុង ឌីម៉ង់ ត្រូវបានបញ្ចប់អាណត្តិបេសកម្មរយៈពេល ៥ ឆ្នាំកន្លងមកនៅទឹកដីប្រទេសកូរ៉េ ។
លោកស្រី ជ្រឹង បុទុមរង្សី បច្ចុប្បន្នកាន់តួនាទីជារដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ត្រូវបានមហាក្សត្រនៃកម្ពុជា ប្រោសព្រះរាជទាននូវមុខងារជា ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃព្រះរាជាណាចក្រកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ ហើយដែលតាមគម្រោងលោកស្រីនឹងហោះហើរពីទឹកដីកម្ពុជាទៅកូរ៉េនាថ្ងៃទី ១០ស្អែកនេះ។
ភ្លាមៗបន្ទាប់ទទូលបានសេចក្តីសម្រេចតែងតាំង លោកស្រីថ្លែងថា “នាងខ្ញុំនឹងខិតខំបំពេញកាតព្វកិច្ច និងកិច្ចការងារក្នុងតួនាទីជា ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ ឱ្យអស់ពីសមត្ថភាព និងសមស្របតាមការផ្តល់ទំនុកចិត្តរបស់រាជរដ្ឋាភិបាល”។
សូមបញ្ជាក់ថា លោកស្រី ជ្រឹង បុទុមរង្សី ធ្លាប់ជាប្រធានគណៈពង្រឹងឃុំកោះអន្លង់ចិន នៃក្រុងតាខ្មៅ ខេត្តកណ្តាល ពីខាងគណបក្សប្រជាជនកម្ពុជា និងធ្លាប់បម្រើការងារជាអនុរដ្ឋលេខាធិការ នៅក្រសួងប្រៃសនីយ៍ និងទូរគមនាគមន៍ ហើយក្រោយមកនៅថ្ងៃទី ១៨ ខែធ្នូ ឆ្នាំ២០២០ លោកស្រីត្រូវបានព្រះមហាក្សត្រតែងតាំងជា រដ្ឋលេខាធិការ ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ៕