កោះពស់ ជាកោះឯកជនដែលមានការអភិវឌ្ឍលំនៅដ្ឋានប្រណីតលក្ខណៈអភិជន។ មានចម្ងាយត្រឹមតែ៤ឬ៥នាទីប៉ុណ្ណោះពីទីប្រជុំជនក្រុងព្រះសីហនុ ហើយការធ្វើដំណើរមានភាពងាយស្រួលមានស្ពានឆ្លងពីដីគោកភ្ជាប់មកកាន់កោះតែម្តង ។
ថ្មីៗនេះ បែកធ្លាយរូបភាពជាច្រើនសន្លឹកពីក្រុមកម្មករ បង្ហាញពីបរិវេណខាងក្នុងវិឡាប្រណីតដែលកំពុងអភិវឌ្ឍ។ បើតាមរូបភាព ផ្ទះវីឡានីមួយៗមានកម្ពស់ពីរជាន់ មានការរៀបចំសួនច្បារ មានទាំងអាងហែលទឹកដែលមើលឃើញសមុទ្រល្វឹងល្វើយ។
ផ្ទះវីឡានីមួយៗដែលមានតម្លៃខ្ទង់លានដុល្លារនេះ ត្រូវបានគេរចនាយ៉ាងផ្ចិតផ្ចង់សម្រាប់ការរស់នៅបែបស៊ីវីល័យ ហើយទំហំផ្ទះមានភាពធំទូលាយ ងាយស្រួលក្នុងការរស់នៅជាលក្ខណៈឯកជន។
កោះពស់ត្រូវបានរដ្ឋាភិបាលផ្តល់សិទ្ធិឲ្យក្រុមហ៊ុនឯកជនអភិវឌ្ឍទៅជារីសតលំហែកាយ លក្ខណៈអភិជន។ ក្នុងគម្រោងមានការសាងសង់ផ្ទះវីឡាបែបប្រណិតសរុប ៣៦ខ្នង សុទ្ធសឹងតែនៅជាប់មាត់សមុទ្រ និងបែងចែកចេញជា៥ប្រភេទ រួមមានវីឡាអរឃីត (Orchid) វីឡាឡូធឹស (Lotus) វីឡាផ្លាំមឺរៀ (Plumeria) វីឡាមែកណូលៀ (Magnolia) និងវីឡាចាស្មីន (Jasmine)។ ក្នុងគម្រោងទាំំងមូល ក៏មានការសាងសង់ស្ពានឆ្លងពីដីគោកទៅកាន់កោះផងដែរ៕