អ្នក​រត់តាក់ស៊ី ទម្លាក់តំណែង​​អ្នក​ស្នង​មរតក​ក្រុមហ៊ុន Samsung ក្លាយសេដ្ឋី​​មាន​ដាច់​គេ​នៅ​កូរ៉េ​ខាងត្បូង

អន្តរជាតិ

បើ​និយាយ​ដល់​ប្រទេស​កូរ៉េខាងត្បូង គ្រប់គ្នា​ប្រហែលជា​នឹកឃើញ​មុនគេ​ដល់​វិស័យ​ចម្រៀង K-Pop ឬ​ក៏​ K-Drama ដែល​ប្រជាជន​ខ្មែរ​និយម​តាមដាន​លំហែ​អារម្មណ៍ ជាពិសេស​គឺ​យុវវ័យ​តែ​ម្ដង។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យ៉ាងណា​ ក្រៅពី​ល្បី​ខាង​វិស័យ​កម្សាន្ត​ខាងលើ ប្រទេស​មួយ​នេះ​ក៏​សំបូរ​មហាសេដ្ឋី​មិន​ខ្វះ​ដែរ តួយ៉ាង​ម្ចាស់​ក្រុមហ៊ុន​ Samsung ដែល​ជា​ដៃគូ​ប្រជែង Apple សម្រាប់​ទូរស័ព្ទ Smartphone ជាច្រើន​ឆ្នាំ គឺ​ជា​មហាសេដ្ឋី​ដែល​មាន​ប្រាក់​ពាន់​លាន​ដុល្លារ​ឯណោះ។

យ៉ាងណា មហាសេដ្ឋីដែលឈរ​កំពូលអ្នកមាន​បំផុត​មិនមែន​ជា​ម្ចាស់​ ឬគ្រួសារ​ស្ថាបនិក​ក្រុមហ៊ុន Samsung នោះទេ បែរ​ជា​អតីតអ្នក​រត់តាក់ស៊ី​ចិញ្ចឹមជីវិតទៅវិញ។

បុគ្គល​ទាំង ១០​ រូប​នេះ ជា​មហាសេដ្ឋី​មាន​ដាច់គេ​នៅប្រទេស​កូរ៉េ​ខាងត្បូង៖

1/ Seo Jung-jin

បុរស​រូប​នេះ​បាន​ផ្ដួល​ម្ចាស់​ក្រុមហ៊ុន Samsung ធ្លាក់​ទៅ​ឈរ​នៅ​លេខរៀង​ទី ២ ក្នុង​បញ្ជី​ឈ្មោះ​អ្នកមាន​បំផុត​នៅ​កូរ៉េខាងត្បូង ខណៈ​លោក​គឺ​ជា​អ្នកជំនួញ​រកស៊ី​ពី​បាតដៃ​ទទេ​ពិតៗ ហើយ​ទម្រាំ​មាន​ទ្រព្យសម្បត្តិ​ប្រមាណ ១២,៥ ពាន់​លាន​ដុល្លារ សហ​ស្ថាបនិក Celltrion ធ្លាប់​រត់​តាក់ស៊ី​ចិញ្ចឹម​ជីវិត​ទៀត​ផង។

2/ Jay Y. Lee

ដូច​បាន​រៀបរាប់​ពី​ខាងដើម លោក Lee គឺជា​អនុ​ប្រធាន​ និង​ជា​អ្នកស្នង​មរតក​ក្រុមហ៊ុន​ធំ​បំផុត​ប្រចាំ​ប្រទេស Samsung ខណៈ​បច្ចុប្បន្ន​លោក​មាន​ទ្រព្យសម្បត្តិ​សរុប​ប្រមាណ ១២,៤ ពាន់​លាន​ដុល្លារ។

3/ Kim Jung-ju

បុរស​រូប​នេះ​ គឺជា​ស្ថាបនិក​ក្រុមហ៊ុន​ហ្គេម​កំសាន្ត​ដ៏​ល្បី​មួយ​ប្រចាំ​ប្រទេស​កូរ៉េខាងត្បូង Nexon ហើយ​ក៏​ជា​ប្រធាន​ក្រុមហ៊ុន NXC ផង​ដែរ។ ​បច្ចុប្បន្ន ទ្រព្យសម្បត្តិ​របស់​លោក Kim គឺ​មាន​ប្រមាណ ១០,៩ ពាន់​លាន​ដុល្លារ​ ហើយ​កាលពី​ឆ្នាំ ២០១៨ លោក​បាន​ប្រកាស​ថា កូនៗ​របស់​លោក​នឹង​មិន​ទទួល​ចំណែក​ភាគហ៊ុន​ក្នុង​ក្រុមហ៊ុន​ជា​ដាច់ខាត។

4/Kim Beom-su

បើសិន​ជា​អ្នក​រស់នៅ​ប្រទេស​កូរ៉េខាងត្បូង​ហើយ​មិន​ប្រើប្រាស់​កម្មវិធី Kakao នោះ វា​ប្រៀប​ដូចជា​មិនបាន​រស់នៅ​កូរ៉េ​អញ្ចឹង ដ្បិត​កម្មវិធី​ទូរស័ព្ទ​មួយ​នេះ​គឺ​ជា​កម្មវិធី​ផ្ញើ​សារ​ពេញ​និយម​បំផុត​គ្រប់​មនុស្ស​ទូទៅ​នៅ​កូរ៉េ ដោយ​ទូរស័ព្ទ​ដៃ ៩០% ទូទាំង​ប្រទេស​បាន​ប្រើប្រាស់​កម្មវិធី​នេះ។

ដោយឡែក​ ដោយសារ​មាន​ការ​ទទួល​ស្គាល់​ខ្លាំង​បែបនេះ​ហើយ ទើប​ស្ថាបនិក​លោក​Kim Beom-su ជាប់​ឈ្មោះ​ជា​មហាសេដ្ឋី​លំដាប់​ទី ៤ ប្រចាំ​ប្រទេស​ជាមួយ​ទ្រព្យសម្បត្តិ​ប្រមាណ ១០,៦ ពាន់​លាន​ដុល្លារ។

5/Kwon Kyuk-bin

មិន​ខុស​គ្នា​ពី​លោក Kim ដែល​ជា​ស្ថាបនិក​ក្រុមហ៊ុន​ហ្គេម​ បុរស​ឈរ​លេខ​រៀង​ទី ៥ រូប​នេះ​ក៏ជា​អ្នក​បង្កើត​ក្រុមហ៊ុន​ហ្គេម​ជោគជ័យ​បំផុត​ប្រចាំ​ប្រទេស​កូរ៉េខាងត្បូង​មួយ​ផង​ដែរ។ ក្រុមហ៊ុន​ដែល​លោក​បង្កើត​មាន​ឈ្មោះ​ថា Smilegate នៅ​ឆ្នាំ ២០០២ ហើយ​នៅ​ឆ្នាំ ២០០៨ បាន​ចាប់​ដៃគូ​ជាមួយ​ក្រុមហ៊ុន​ចិន Tencent បង្កើត​ហ្គេម​ល្បីឈ្មោះ CrossFire។ បច្ចុប្បន្ន លោក​ Kwon មាន​ទ្រព្យសម្បត្តិ​ប្រមាណ ៩,៥ ពាន់​លាន​ដុល្លារ។

6/Hong Ra-hee

លោកស្រី​គឺ​ជា​ស្ត្រី​មួយ​រូប​ក្នុង​ចំណោម​ស្ត្រី ២ រូប​នៃ​បញ្ជី​ឈ្មោះ​អ្នកមាន​​បំផុត​នៅ​កូរ៉េខាងត្បូង​ទាំង ១០ នាក់ ហើយ​មិន​ត្រឹម​តែ​ប៉ុណ្ណោះ​លោកស្រី​ក៏​ជា​ម្ដាយ​របស់​បុរស​មាន​បំផុត​ទី ២ គឺ​លោក Jay Y. Lee ផង​ដែរ។

បច្ចុប្បន្ន លោកស្រី Hong គឺ​មាន​វ័យ ៧៦ ឆ្នាំ​និង​មាន​ទ្រព្យសម្បត្តិ​ប្រមាណ ៧,១ ពាន់​លាន​ដុល្លារ។

7/Bom Kim

លោក Bom គឺជា​ស្ថាបនិក​ក្រុមហ៊ុន Coupang ដែល​មាន​លំនាំ​ស្រដៀង​ Amazon របស់​អាមេរិក និង​ Alibaba របស់​ចិន និង​ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​នៅ​ក្នុង​ប្រទេស​កូរ៉េ​ខាងត្បូង។ បច្ចុប្បន្ន​ទ្រព្យសម្បត្តិ​របស់​លោក Bom គឺ​មាន​ប្រមាណ ៦,៤ ពាន់​លាន​ដុល្លារ។

8/Mong-Koo Chung

សម្រាប់​បញ្ជី​ឈ្មោះ​អ្នកមាន​បំផុត​នៅ​កូរ៉េខាងត្បូង​ ច្បាស់​ជា​មិន​អាច​អវត្តមាន​របស់​ប្រធាន​ក្រុមហ៊ុន​ផលិត​រថយន្ត Hyundai លោក Mong-Koo Chung បាន​ឡើយ។ បន្ទាប់​ពី​កាន់កាប់​តំណែង​ជា​ប្រធាន​ក្រុមហ៊ុន​រថយន្ត​ធំ​បំផុត​ប្រចាំ​ប្រទេស​ជាង ២០ ឆ្នាំ បុរស​វ័យ ៨៣ ឆ្នាំ​បាន​ប្រកាស​ចុះចេញ​ពី​តំណែង និង​ចាត់តាំង​កូនប្រុស​តែ​មួយ​គឺ Euisun ជា​អ្នក​ស្នង​តំណែង។ បច្ចុប្បន្ន ទោះ​ចាកចេញ​ពី​ក្រុមហ៊ុន​មែន​ តែ​បុរស​ចំណាស់​រូប​នេះ​នៅតែ​ជាប់​ឈ្មោះ​ជា​អ្នកមាន​បំផុត​មួយ​រូប​នៅ​កូរ៉េខាងត្បូង​ដដែល ជាមួយ​ទ្រព្យសម្បត្តិ​ប្រមាណ ៥,៩ ពាន់​លាន​ដុល្លារ។

9/ Lee Boo-jin

នេះ​គឺ​ជា​ស្ត្រី​ចុងក្រោយ​នៅ​ក្នុង​បញ្ជី​ឈ្មោះ​អ្នកមាន​បំផុត​នៅ​ប្រទេស​ខ្លា​សេដ្ឋកិច្ច​តំបន់​អាស៊ី និង​ជា​ប្រធាន ក៏​ដូចជា​នាយក​ប្រតិបត្តិ Hotel Shilla ដែល​ត្រូវ​គេ​ស្គាល់​ថា ជា​កន្លែង​ប្រជុំ​សម្រាប់​កម្មវិធី​លំដាប់​អន្តរជាតិ។ បន្ថែម​ពី​នោះ​អ្នកស្រី​ក៏​ជា​ប្អូនស្រី​របស់​ Jay Y. Lee អនុ​ប្រធាន Samsung ផង​ដែរ ខណៈ​ទ្រព្យសម្បត្តិ​ផ្ទាល់ខ្លួន​វិញ​គឺ​មាន​ប្រមាណ ៤,៩ ពាន់​លាន​ដុល្លារ។

10/ Suh Kyung-bae

ចូល​ដល់​ការ​បិទ​បញ្ជី​គឺ​ជា​ប្រធាន​ក្រុមហ៊ុន​គ្រឿងសម្អាង​ Amorepacific ដែល​ជា​ក្រុមហ៊ុន​​ផលិត​គ្រឿង​ថែរក្សា​សម្ផស្ស​ និង​ស្បែក​មុខ​ធំ​បំផុត​នៅ​កូរ៉េខាងត្បូង​។ បច្ចុប្បន្ន ទ្រព្យសម្បត្តិ​របស់​លោក​គឺ​មាន​ប្រមាណ ៤,៨ ពាន់​លាន​ដុល្លារ៕

ប្រភព: Forbes