កំណើនពាណិជ្ជកម្មទ្វេភាគីចិន-អាស៊ាន កើនឡើងជិត ៧០០ ពាន់លានដុល្លារ ពីឆ្នាំ ១៩៩១ ដល់ឆ្នាំ ២០២០

អន្តរជាតិ

បើយោងតាមស្ថិតិពីអគ្គនាយកដ្ឋានគយ ដែលចេញផ្សាយនៅថ្ងៃសុក្រសប្តាហ៍នេះ បានបង្ហាញថា ទំហំពាណិជ្ជកម្មរវាងចិន និងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ហៅកាត់ អាស៊ាន បានកើនឡើងពី ៤,៣៦ ពាន់លានដុល្លារ នៅឆ្នាំ ១៩៩១ ដល់ ៦៨៥,២៨ ពាន់លានដុល្លារ នៅឆ្នាំ ២០២០ ដែលមានអត្រាកំណើនប្រចាំឆ្នាំជាមធ្យម ១៦.៥ ភាគរយ ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

អគ្គនាយកដ្ឋានគយ បន្តថា កំណើននេះ គឺមានចំនួន ៣.៤ ភាគរយ ខ្ពស់ជាងអត្រាកំណើនប្រចាំឆ្នាំជាមធ្យមសរុប នៃពាណិជ្ជកម្មបរទេសរបស់ចិន ក្នុងកំឡុងពេលដូចគ្នា ។

នៅក្នុងឆ្នាំ ២០២០ កន្លងទៅ អាស៊ាន បានក្លាយជាដៃគូពាណិជ្ជកម្មដ៏សំខាន់ និងធំបំផុតរបស់ចិន ខណៈដែលប្រទេសមហាអំណាចសេដ្ឋកិច្ចពិភពលោកមួយនេះ នៅតែបានរក្សាភាពជាដៃគូពាណិជ្ជកម្មធំបំផុតរបស់អាស៊ានអស់រយ:ពេល ១២ ឆ្នាំជាប់ៗគ្នាមកហើយ។

យ៉ាងណា ក្នុងរយ:ពេល ៨ ខែដំបូងនៃឆ្នាំនេះ ការនាំចូលនិងការនាំចេញរបស់ចិន ទៅកាន់ប្រទេសក្នុងតំបន់អាស៊ាន សម្រេចបានចំនួន ៥៥៣,៩២ ពាន់លានដុល្លារ ពោលគឺកើនឡើង ៣៣.៣ ភាគរយ ស្មើនឹង ១៤.៥ ភាគរយនៃពាណិជ្ជកម្មបរទេសសរុបរបស់ចិន ក្នុងអំឡុងពេលដូចគ្នានេះ។

គួររម្លឹកជូនថា រាប់ចាប់ពីទសវត្សវត៍ឆ្នាំ ១៩៩០ មក ផលិតផលពឹងផ្នែកលើកម្លាំងពលកម្ម ដូចជា វាយនភ័ណ្ឌ និងសំលៀកបំពាក់ បានកើនឡើងជាលំដាប់ នៅក្នុងសមាមាត្រនៃការនាំចេញរបស់ចិនទៅកាន់អាស៊ាន ខណ:ការនាំចូលប្រេនឆៅ ជ័រកៅស៊ូ និងកំណាត់ឈើ ពីប្រទេសក្នុងតំបន់អាស៊ាន ក៏បានកើនឡើងខ្លាំងផងដែរ ក្នុងរយ:ពេលដូចគ្នា ។

បើនិយាយពីការនាំចេញវិញ នៅឆ្នាំ ១៩៩៣ នៅពេលដែលទំហំពាណិជ្ជកម្មទ្វេភាគី បានកើនឡើងលើសពី ១០ ពាន់លានដុល្លារជាលើកដំបូង សម្រាប់ការនាំចេញគ្រឿងម៉ាស៊ីន និងគ្រឿងអេឡិចត្រូនិករបស់ចិន ទៅកាន់អាស៊ាន មានត្រឹមតែ ១,៥៣ ពាន់លានដុល្លារប៉ុណ្ណោះ ដែលវាបានឈានដល់ ២០៤,៤៨ ពាន់លានដុល្លារនៅឆ្នាំ ២០២០។  ការនាំចេញរបស់ចិន ទៅកាន់តំបន់អាស៊ាន បានកើនឡើងពី ២៨.៩ ភាគរយក្នុងឆ្នាំ ១៩៩៣ ដល់ ៥៣.៣ ភាគរយនៅឆ្នាំ ២០២០ ។

សម្រាប់ការនាំចូលវិញ ចិនបាននាំចូលតែគ្រឿងម៉ាស៊ីន និងគ្រឿងអេឡិចត្រូនិក ពីអាស៊ាន ចំនួន ៦៩០ ពាន់លានដុល្លារក្នុងឆ្នាំ ១៩៩៣ ហើយវាបានកើនឡើងដល់ ១៥៩,០២ ពាន់លានដុល្លារ នៅឆ្នាំ ២០២០ ហើយសមាមាត្រនេះ បានកើនឡើងពី ១១.១ ភាគរយ ក្នុងឆ្នាំ ១៩៩៣ ដល់ ៥២.៧ ភាគរយនៅឆ្នាំ ២០២០ ។

គិតត្រឹមដំណាច់ឆ្នាំ ២០២០ ក្រុមហ៊ុនរបស់ចិន បានទទួលអត្ថប្រយោជន៍ពីការនាំចូល ទំនិញពីតំបន់ពាណិជ្ជកម្មសេរីចិន-អាស៊ាន បានចំនួន ៣,៣ ទ្រីលានយ៉ន់ ឬស្មើនឹង ៥៥១ ពាន់លានដុល្លារ ដែលកើនឡើងប្រចាំឆ្នាំជាមធ្យម ២៧ ភាគរយ ស្របពេលទំនិញច្រើនជាង ៩០ ភាគរយ រវាងភាគីទាំងពីរ ឥឡូវនេះបានទទួលការអនុគ្រោះពន្ធមកត្រឹមសូន្យ ដោយការកាត់បន្ថយពន្ធសរុប ចំនួន ៣១៤,៩ ពាន់លានយ៉ន់ ។

រដ្ឋមន្ត្រីគយប្រទេសចិន បាននិយាយថា ការដឹកជញ្ជូនឆ្លងកាត់ព្រំដែន រវាងភាគីទាំង ២ គឺមានភាពល្អប្រសើរឡើងជានិច្ច ដោយក្នុងរយ:ពេល ៧ ខែដំបូងនៃឆ្នាំនេះ រថភ្លើងចំនួន ៣ ១៥៤ និងទូកុងតឺន័រប្រមាណ ៣១៤ ០០០ ត្រូវបានដឹកជញ្ជូនតាមច្រករបៀងសមុទ្រខាងលិចថ្មី ដោយពីមួយឆ្នាំទៅមួយឆ្នាំ វាបានកើនឡើង ៩៦ ភាគរយ ដល់ ២៨៧ ភាគរយ ។

ជាមួយចក្ខុវិស័យឆ្ពោះទៅមុខ រដ្ឋមន្រ្តីនិយាយថា ប្រទេសចិន នឹងជំរុញយ៉ាងសកម្មនូវទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ចកម្មជាមួយអាស៊ាន ដោយបង្កើនកិច្ចសហប្រតិបត្តិការ ក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ ១៩ និងរួបរួមគ្នាជំរុញការអនុវត្តិកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់៕​

ប្រភព: Global Times

ប្រែសម្រួល៖ ឧកញ៉ាសាមញ្ញ