ថ្លែងក្នុងសន្និសីទសារព័ត៌មានរួមគ្នាក្រោយចប់ជំនួប លោក វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេសចិន បានថ្លែងថា ទំនាក់ទំនងរវាងកម្ពុជានិងចិន គឺជាទំនាក់ទំនងគំរូមួយសម្រាប់សហគមន៍អន្តរជាតិ ដោយគោរពគ្នាទៅវិញទៅមក។
លោកបន្តថា “មិត្តភាពរវាងកម្ពុជា និងចិន មិនត្រឹមតែផ្តល់ផលប្រយោជន៍ដល់ប្រជាជនទាំងពីរប៉ុណ្ណោះទេ វាថែមទាំងបានបង្ហាញជាគំរូបមួយដល់សគមន៍អន្តរជាតិ ក៏ដូចជាការកសាងវាសនារួម ដោយគោរពគ្នាទៅវិញទៅមក”។
បើតាមលោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ មានប្រសាសន៍ថា មិនមែនចៃដន្យនោះទេដែលទំនាក់ទំនងរវាងប្រទេសយើងទាំងពីរនៅតែបន្តរីកដុះដាលក្នុងគ្រាលំបាក។ លោកសង្កត់ធ្ងន់ថា វាទាមទារនូវឆន្ទៈមោះមុតពីភាគីទាំងសងខាង ការគោរព និងការយោគយល់គ្នា និងទស្សនៈវិស័យរួមឆ្ពោះទៅកាន់អនាគតមួយដែលនឹងផ្តល់ផលប្រយោជន៍ដល់ប្រជាជនរបស់យើង។
ក្នុងជំនួបនៅរសៀលថ្ងៃតំបូងនៃដំណើរទស្សនកិច្ចផ្លូវការមកកម្ពុជារបស់ទីប្រឹក្សារដ្ឋចិន នៅពេលនេះគឺ លោក វ៉ាង យី បានពិភាក្សាលើទិដ្ឋភាពផ្សេងៗ នៃកិច្ចសហប្រតិបត្តិការទ្វេភាគី រួមមាន ការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ពាណិជ្ជកម្ម និងការវិនិយោគ ការអប់រំ សន្តិសុខនិងការពារជាតិ ព្រមទាំងបញ្ហាតំបន់ និងអន្តរជាតិដែលជាប្រយោជន៍ និង កង្វល់រួមផងដែរ៕