សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅរសៀលថ្ងៃទី ១២ ខែកញ្ញា ថ្លែងថា ការទទួលបានពហុកីឡាដ្ឋានជាតិ ដែលមានតម្លៃប្រមាណ ១៥០ លានដុល្លារនាពេលនេះ វាមិនមែនជាការចៃដន្យទេ ហើយសម្ដេចក៏មិនដែលសង្ឃឹមថា មានសមិទ្ធផលបែបនេះនោះទេ។
ដំណឹងនៃការទទួលបានសមិទ្ធផលជាប្រវត្តិសាស្រ្តមួយនេះ ត្រូវបានប្រជាពលរដ្ឋ អ្នកកាទូត អ្នកជំនួញ អ្នកឧកញ៉ា លោកឧកញ៉ា សម្តែងការនូវអបអរសាទរចំពោះកម្ពុជាដែលទទួលនៅនៅពហុកីឡាដ្ឋានដ៏ធំស្កឹមស្កៃនេះ ហើយឈានទៅទទួលយកនូវបេក្ខភាពរៀបចំស៊ីហ្គេមនៅឆ្នាំ២០២៣។
ទាក់ទងនឹងដំណឹងដ៏រីករាយនេះ លោកឧកញ៉ា ឡេង ប្រុស ដែលជាពាណិជ្ជករម្នាក់ជោគជ័យក្នុងវិស័យអចលនទ្រព្យក៏បានសម្តែងនូវការអបអរសាទរ និងមានមោទនភាព ខណៈដែលលោកគ្រាន់តែឃើញពហុកីឡាដ្ឋានដ៏ធំស្កឹមស្កៃមួយនេះអណ្តោតផុសឡើងលើដីកម្ពុជា ធ្វើឲ្យលោករំលឹកអតីតនៅគ្រាធ្លាប់ជាអតីតពលករធ្វើការនៅប្រទេសកូរ៉េខាងត្បូង ហើយធ្លាប់ចូលថតរូប ទស្សនាទាំងក្រៅនិងក្នុង ស្តាតនៅទីរួមខេត្តមួយរបស់កូរ៉េខាងត្បូងកាលពី ៩ឆ្នាំកន្លងទៅ។
លោកឧកញ៉ា ឡេង ប្រុស អគ្គនាយកក្រុមហ៊ុន ឡេង ណាវ៉ាត្រា ខ្នាតយក្ស មានប្រសាសន៍ថា ខ្ញុំចូលចិត្តថតទេសភាព និងទីកន្លែងដែលកម្ពុជាមិនទាន់មាន ឥឡូវកម្ពុជាមានស្តាតទំនើបដែរហើយ។ លោកថា ថ្វីបើមិនច្រើនតែមានមួយ គឺមានពីរ មានពីរ នឹងមានបន្តទៀត។
គួររម្លឹកជូនថា កម្ពុជា-ចិន បានចាប់ផ្តើមបង្កើតទំនាក់ទំនងគ្នាជាផ្លូវការនៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ១៩៥៨ ក្រោមព្រះរាជតម្រិះព្រះមហាវីរក្សត្រខ្មែរ ព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ និងថ្នាក់ដឹកនាំជាន់មុនរបស់រដ្ឋាភិបាលចិន។
ទំនាក់ទំនងនេះបានរីកចម្រើនជាបន្តបន្ទាប់ ហើយនៅក្នុងខែធ្នូ ឆ្នាំ២០១០ កម្ពុជា-ចិន បានសម្រេចដំឡើងទំនាក់ទំនងការទូតឲ្យដល់កម្រិត «ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ» អំឡុងជំនួបវាងនាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន និងនាយករដ្ឋមន្ត្រីចិន វេន ជាប៉ាវ (WenJiabao)។
បន្ថែមពីនេះកាលពីឆ្នាំ២០១៨ អំឡុងពេលបំពេញទស្សនកិច្ចរបស់ លោកនាយករដ្ឋមន្ត្រី លី ខឺឈាង ភាគីទាំងពីរក៏បានកសាងនូវសហគមន៍មួយ ជោគវាសនាតែមួយ ដោយធ្វើឲ្យទំនាក់ទំនងដៃជាយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយកាន់តែប្រសើរថែមទៀត ហើយបន្តក្លាយទៅជាមិត្តដែកថែប៕