រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក វេង សាខុន បានស្នើសុំទៅប្រទេសចិន ជួយពង្រីក និងពន្លឿនលើការចុះពិធីសារលើមុខដំណាំផ្សេងៗទៀត ដើម្បីជំរុញការនាំចេញកសិកផលកម្ពុជាទៅកាន់ប្រទេសចិនអោយកាន់តែច្រើន ដើម្បីឆ្លើយតប ទៅតាមការប្តេជ្ញាចិត្តរបស់ថ្នាក់ដឹកនាំនៃប្រទេសទាំង២។ លោកលើកឡើងដូច្នេះក្នុងពេលចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីអាស៊ាន-ចិន លើកទី៧ ស្តីពីកិច្ចសហប្រតិបត្តិការលើផ្នែកអនាម័យ និងភូតគាមអនាម័យ (SPS) នៅព្រឹកថ្ងៃចន្ទនេះ។
ការស្នើសុំរបស់លោក វេង សាខុន ស្របពេលដំណើរទស្សនកិច្ចលោក វ៉ាង យី ទីប្រឹក្សារដ្ឋ និងរដ្ឋមន្រ្តីការបរទេសចិន មកកាន់កម្ពុជា ដែលបានឯកភាពគ្នាក្នុងការជំរុញពាណិជ្ជកម្មនៃប្រទេសទាំងពីរ ជាពិសេសការធ្វើពាណិជ្ជកម្មក្នុងវិស័យអោយកាន់តែជឿនលឿនមួយកម្រឹតថែមទៀត។
ក្នុងជំនួបជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅវិមានសន្តិភាព កាលពីល្ងាចថ្ងៃទី១២ កញ្ញា លោក វ៉ាង យី បានសន្យានឹងអះអាងថា ប្រទេសចិននឹងនាំចូលផលិតផលកសិកម្មកម្ពុជា ទៅកាន់ទីផ្សារចិន ឲ្យបានកាន់តែច្រើន។
លោក វ៉ាង យី បានថ្លែងថា ការលំបាករបស់ប្រជាជនកម្ពុជា គឺជាការលំបាករបស់ប្រជាជនចិន យើងនឹងពួតដៃគ្នាជាមួយប្រទេសកម្ពុជា ដើម្បីជួយកម្ពុជាឲ្យបានកាន់តែច្រើន។ រដ្ឋមន្ត្រីការបរទេសចិន អះអាងថា ចិននឹងគាំទ្រវិស័យកសិកម្មនៅកម្ពុជា។ ប្រទេសចិន នឹងនាំចូលផលិតផលកសិកម្ម ពីប្រទេសកម្ពុជាទៅកាន់ ទីផ្សារចិន ឲ្យបានច្រើន ដើម្បីនាំមកនូវផលប្រយោជន៍ កាន់តែច្រើនសម្រាប់កសិករកម្ពុជា៕