ឧកញ៉ាភារម្យវិចិត្រ ដារ៉ាទទួចឲ្យប្រជាពលរដ្ឋប្រុងប្រយ័ត្នចំពោះយុទ្ធសាស្ត្រអ្នកអភិវឌ្ឍន៍ដីធ្លីមួយចំនួន ដែលប្រើវិធីសាស្រ្តអូសទាញទិញជួលឲ្យការប្រាក់ខ្ពស់ ឬធានាទិញវិញក្នងតម្លៃខ្ពស់កប់ពពក។
ឧកញ៉ា ភិរម្យវិចិត្រដារ៉ា បានបញ្ចេញទស្សនៈផ្ទាល់ខ្លួនវិភាគដាស់តឿនឲ្យបងប្អូនប្រជាពលរដ្ឋ យកទៅគិតពិចារណាមុននឹងធ្វើការបញ្ជាទិញដីពីអ្នកអភិវឌ្ឍអចលនៈទ្រព្យមួយចំនួន ដែលថាពេលទិញដីហើយ នឹងជួលឬទិញវិញដោយអោយចំណេញខ្ពស់។
លោកឧកញ៉ាបញ្ជាក់ថា អ្វីដែលលោកលើកឡើងនេះមិនមែនចង់វាយប្រហារខាងណាទេ ដោយលោកគ្រាន់តែជជែកវែកញែកវិភាគឲ្យបងប្អូនប្រជាពលរដ្ឋយកទៅគិត ដើម្បីបានជាប្រយោជន៍តែប៉ុណ្ណោះ។ ចំពោះយុទ្ធសាស្ត្រទិញដីបានការប្រាក់ ទិញដីធានាទិញយកវិញ ជារឿងមួយដែលយើងត្រូវពិចារណា។ ឧទាហរណ៍ថាទិញដីដែលបានការប្រាក់ ដីដែលបានការប្រាក់គេបាននិយាយថាដីនោះទិញយកវិញចំណេញបានម្ភៃភាគរយ ទិញយកវិញចំណេញ សាមសិបភាគរយក្នុងមួយឆ្នាំ។
បងប្អូនត្រូវគិតឧទាហរណ៍ថា ខ្ញុំគឺជាអ្នកអភិវឌ្ឍន៍អចលនទ្រព្យ អញ្ចឹងបើឆ្នាំក្រោយខ្ញុំចំណេញ 30% ទិញយកវិញដដែលខ្ញុំចាំបាច់អីទៅលក់ដីខ្ញុំធ្វើអីខ្ញុំយកដីដាក់ធនាគារតែម្ដងទៅ ពីព្រោះជាទូទៅធនាគារយើងខ្ចីវាអត្រាការប្រាក់ពី 12% ទៅ 15% អញ្ចឹងអត្រាការប្រាក់ 15% បើគេទិញវិញបានការប្រាក់ 20% អញ្ចឹងគេចាំបាច់ទៅលក់ធ្វើអីខ្ចីលុយធនាគារមកធ្វើខ្លួនឯងមិនស្រួលជាងនេះជារឿងដែលត្រូវគិតទីមួយ។
ឧកញ៉ាំបានបន្តទៀតថា ក្នុងករណីទីពីរ ទិញដីបានលុយគេមានយុទ្ធសាស្ត្រមួយទៀតឧបមាថាដីតម្លៃ 1 ម៉ឺនដុល្លារ អញ្ចឹងគេលក់ ២ម៉ឺនដុល្លារ ហើយគេធានាជួលវិញក្នុងរយៈពេលពីរឆ្នាំហើយក្នុងមួយខែ ២០០ ដុល្លារ ។ ឧបមាថាមួយខែគេឲ្យលុយយើងវិញ ២០០ ដុល្លារ យុទ្ធសាស្ត្ររបស់គេគឺធម្មតាគេត្រូវយកលុយយើងតែមួយម៉ឺនទេ តែគេយកពីយើងបន្ថែមមួយម៉ឺនដុល្លារទៀត អញ្ចឹងគេយកមួយម៉ឺនដុល្លារនោះ មកជ្រៀកឲ្យបងប្អូនវិញក្នុងរយៈពេល ២ ឆ្នាំ។ ក្នុងនោះ ១ ឆ្នាំគេចំណាយ ២៤០០ ដុល្លារ ពីរឆ្នាំគឺ ៤៨០០ ដុល្លារ អញ្ចឹងគឺគេនៅតែចំណេញ៥២០០ដុល្លារ អញ្ចឹងខ្ញុំសូមសំណូមពរឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់គ្នា ត្រូវគិតដល់ចំណុចនេះ។
ឧកញ៉ារកស៊ីលើអចលទ្រព្យក្រាស់ក្រែលលើកឡើងឲ្យពិចារណាទៀតថា ជាទូទៅអ្នកអភិវឌ្ឍន៍អចលនទ្រព្យបានដឹងថាចំណេញហើយ ចាំបាច់ទិញហើយលក់ លក់ហើយទិញវិញធ្វើអី ទុកឲ្យវាឡើងថ្លៃទៅមិនស្រួលជាងទេឬ? សូមប្រជាពលរដ្ឋទាំងអស់គ្នាធ្វើការប្រុងប្រយ័ត្នបន្តិច ព្រោះមើលទៅយុទ្ធសាស្ត្រនោះគ្មានភាពជាក់លាក់ការពិតសោះ ។
ឧកញ៉ាក៏ផ្តែផ្តាំដល់បងប្អូនទាំងអស់គ្នា មុននឹងវិនិយោគអ្វីក៏ដោយត្រូវសាកសួររកភាពជាក់លាក់ប្រាកដ ថាតើពេលជួលដីវិញនោះជួលធ្វើអីបានលុយមកពីណាជួលវិញ ពីព្រោះបានជួបច្រើនករណីមកហើយទិញដីជួលវិញឲ្យចំណេញ ក៏ប៉ុន្តែជាទូទៅគេជួលដីនោះបានត្រឹមតែ ៥ ឬ ៦ ខែក៏ឈប់ជួល។ សូមបងប្អូនធ្វើការវិភាគឱ្យបានដឹងច្បាស់ថាតើអ្នកអភិវឌ្ឍន៍អចលនទ្រព្យទាំងអស់នោះមានហេតុផលអ្វីខ្លះដែលទិញឬជួលដីនោះពីបងប្អូនវិញ៕