​រុស្សី​បង្កើត​រោង​ដំណាំ ប្រើកម្លាំង​មនុស្ស​សុទ្ធ មួយ​ឆ្នាំ​អាច​រក​ចំណូល​បាន​​ ៨០ ​លាន​ដុល្លារ

អន្តរជាតិ

ដោយសារ​មើល​ឃើញ​ពី​តម្រូវការ​ក្នុងស្រុក​ចំពោះ​បន្លែ ជាក់ស្តែង​​ប៉េងប៉ោះ​ប្រហែល​កន្លះ​លាន​តោន​ត្រូវ​បាន​នាំចូល​ ​ក្រុមហ៊ុន​ EKO-Culture របស់​រុស្សី មាន​គម្រោង​ចង់​បង្កើត​រោង​ដំណាំ​ដើម្បី​ផ្គត់ផ្គង់​តម្រូវការ​ក្នុងស្រុក ចៀសវាង​បង្ហូរ​លុយ​ចេញទៅក្រៅ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

គម្រោង​នេះ​គ្រោងចាយ​អស់​ប្រមាណ ១០៥ លាន​ដុល្លារ​សម្រាប់​ដំណាក់កាល​ទីមួយ​នៅ​លើ​ផ្ទៃដី ៤០ ហិកតា​ និង​ពង្រីកបន្ថែម​លើ​ផ្ទៃដី ៦០ ហិកតា​​ទៀត នឹង​បញ្ចប់​នៅ​ឆ្នាំ ២០២៤។

ប្រធាន​ក្រុមហ៊ុន EKO-Culture លោក Alexander Rudakov បាន​បង្ហើប​ថា ​សម្រាប់​ផ្ទៃដី​ដាំ​ដំណាំ​ទាំង ១០០ ហិកតា​នេះ នឹង​ផ្ដល់​ចំណូល​ដល់​ក្រុមហ៊ុន​ប្រមាណ ៨០ លាន​ដុល្លារ​/ឆ្នាំ។ គម្រោង​នេះ​នឹង​ធ្វើ​ឲ្យ​ប្រជាជន​ក្នុង​តំបន់​មាន​ការងារ​ធ្វើ​ប្រមាណ ២ ០០០ នាក់ ព្រោះ​ក្រុមហ៊ុន​នឹង​មិន​ប្រើប្រាស់​បច្ចេកវិទ្យា​ដើម្បី​ប្រមូល​ផល​ឡើយ។

លោក Alexander ក៏​បាន​បញ្ជាក់​ដែរ​ថា ចំពោះ​បញ្ហា​ទីផ្សារ​គឺ​មិន​មាន​ការ​ព្រួយបារម្ភ​ឡើយ ដោយសារ​ឈ្មួញ​ក្នុង​ស្រុក​ ដូចជា​ផ្សារ​ទំនើប​ក្នុង​ស្រុក​ជាដើម​សុទ្ធតែ​បាន​ចរចា​ត្រូវរ៉ូវ​ក្នុង​ការ​ទទួល​យក​ផលិតផល​របស់​លោក​ស្រាប់ហើយ ដោយសារ​ដំណាំ​ក្នុងស្រុក​មាន​គុណភាព​ជាង​ការ​នាំចូល​ពី​ប្រទេស​ផ្សេង។

បញ្ជាក់​ដែរ​ថា EKO-Culture គឺជា​ក្រុមហ៊ុន​ផលិត​ដំណាំ​បន្លែ​ក្នុង​ផ្ទះ​កញ្ចក់​ដ៏​ធំ​មួយ​នៅ​សហព័ន្ធ​រុស្សី ជាមួយ​ទំហំ​ផ្ទៃដី​សរុប​ជាង ៣០០ ហិកតា។ ហើយ​មិន​មែន​មានតែ​ប៉េងប៉ោះ​ទេ ក្រុមហ៊ុន​នេះ​មាន​ដំណាំ​ផ្សេងៗ​ដូចជា ត្រសក់ និង​សាលាដ​ជាដើម ដែល​ជា​រៀងរាល់​ឆ្នាំ​ពួកគេ​ផ្គត់ផ្គង់​នៅ​ក្នុងស្រុក​បាន​ប្រមាណ ២៥ ម៉ឺន​តោន​ឯណោះ៕

ប្រភព: globalconstructionreview