កាលពីថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៩ នាសណ្ឋាគារសុខាភ្នំពេញ ឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា តំណាង អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា បានអញ្ជើញចូលរួមជាគណៈអធិបតីក្នុងវេទិកាផ្លាស់ប្តូរបទពិសោធន៍ទីផ្សារឧស្សាហកម្មកម្ពុជា-ហ័រលៀន។ វេទិកានេះត្រូវបានរៀបចំឡើងដើម្បីផ្សព្វផ្សាយពីកាលានុវត្តភាព និងវិស័យសក្តានុពលនានារបស់កម្ពុជា ក៏ដូចជា ក្រុងហ័រលៀនច។
ឧកញ៉ា លឹម ហេង បានជម្រាបជូនគណៈប្រតិភូក្រុងហ័រលៀន អំពីការអភិវឌ្ឍន៍និងស្ថិរភាពសេដ្ឋកិច្ចកម្ពុជា និងបានគូសបញ្ជាក់អំពីវិស័យសក្តានុពលមួយចំនួនដែលវិនិយោគិនហ័រលៀនអាចពិចារណាវិនិយោគនៅកម្ពុជា រួមមានវិស័យទេសចរណ៍ កសិកម្ម និងសុខាភិបាលជាដើម។
លោកស្រី ស៊ូ ឈិនវេយ អភិបាលក្រុងហ័រលៀន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះធុរជនកម្ពុជា បានចូលរួមក្នុងវេទិកាផ្លាស់ប្តូរបទពិសោធន៍ទីផ្សារឧស្សាហកម្មនេះ។ លោកស្រី បានលើកឡើងថា ក្រុងហ័រលៀន គឺជាទីក្រុងដ៏ធំមួយ ដែលមានទេសភាពស្អាតជាប់សមុទ្រនិងភ្នំ ជាតំបន់អំណោយផលសម្រាប់ទេសចរណ៍និងកសិកម្មបែបធម្មជាតិជាពិសេសដំណាំតែ និងផ្កាដ៏ស្រស់ស្អាត។ ក្រៅពីនេះ ក្រុងហ័រលៀន មានកេរ្តិ៍ឈ្មោះល្បីល្បាញខាងបច្ចេកវិទ្យាវេជ្ជសាស្ត្រ សិល្បៈសេរ៉ាម៉ិច ថ្មកែវ និងម្ហូបអាហារ។ នាល្ងាចថ្ងៃដដែល បន្ទាប់ពីវេទិកាពិភាក្សាត្រូវបានបញ្ចប់ គណៈប្រតិភូទាំងអស់ អញ្ជើញពិសាភោជនីយអាហាររួមគ្នាប្រកបដោយបរិយាកាសស្និទ្ធស្នាល៕
ប្រភព៖
សភាពាណិជ្ជកម្មកម្ពុជា
Cambodia Chamber of Commerce