កាលពីដើមឆ្នាំនេះ លោក Marc Lore បានប្រកាសលាលែងពីតំណែងជានាយកប្រតិបត្តិនៅ Walmart បន្ទាប់ពីកាន់កាប់អស់រយៈពេល ៤ ឆ្នាំ ដោយបច្ចុប្បន្នស្ថាបនិកក្រុមហ៊ុន Jet.com កំពុងចង់ងាកមកបង្កើតគម្រោងយក្សមួយសម្រាប់ប្រជាជននាថ្ងៃអនាគត។
គម្រោងដែលមហាសេដ្ឋីនេះ ចង់បង្កើតនោះគឺ ការសាងសង់ទីក្រុងថ្មីមួយ ឬអាចហៅថាទីក្រុងសិប្បនិមិត្ត សម្រាប់ប្រជាជននាថ្ងៃអនាគត ដែលគម្រោងនេះត្រូវបានគេស្គាល់ថាមានឈ្មោះ ទីក្រុង Telosa។
ក្រុមហ៊ុនដែលរ៉ាប់រងការសង់ទីក្រុងទំនើបនេះគឺ Bjarke Ingels Group។ ដោយសារលោក Marc ចង់បង្កើតទីក្រុងបែបធម្មជាតិ ដូច្នេះទីតាំងនៃការសាងសង់ អាចនឹងស្ថិតនៅលើវាលខ្សាច់ ខណៈទីតាំងជាក់លាក់មិនទាន់បានសម្រេចយកជាផ្លូវការនៅឡើយ ដោយបច្ចុប្បន្នមានទីតាំងសំខាន់ៗប្រមាណ ៥ ដែលក្រុមហ៊ុនកំពុងពិចារណាដូចជា Utah, Texas, Idaho, Arizona និង Nevada ជាដើម។
ដោយឡែក បើយោងតាម CNN Business បានរាយការណ៍ឲ្យដឹងដែរថា ការសាងសង់នៃគម្រោង Telosa នឹងទទួលបានការបណ្ដាក់ទុនពីច្រើនប្រភពដូចជា វិនិយោគិនឯកជន ក្រុមហ៊ុនអភិវឌ្ឍន៍សេដ្ឋកិច្ច រហូតដល់ថ្នាក់ដឹកនាំប្រចាំប្រទេសថែមទៀត។
គម្រោងដំបូងនៃការសាងសង់ នឹងចំណាយអស់ប្រមាណ ២៥ ពាន់លានដុល្លារ តែនៅពេល Telosa បញ្ចប់ការសាងសង់ជាស្ថាពរ ទីក្រុងនាថ្ងៃអនាគតនឹងពោរពេញទៅដោយមនុស្សប្រមាណ ៥ ពាន់លាននាក់ ខណៈតម្លៃនៃទីក្រុងនៃអាចនឹងឈានដល់ ៤០០ ពាន់លានដុល្លារឯណោះ។
បញ្ជាក់ដែរថា បើតាមការអះអាងពីក្រុមហ៊ុនសាងសង់ បានឲ្យដឹងថា ទីក្រុងអនាគតមួយនេះនឹងអាចបើកទ្វារទទួលប្រជាជនចូលមកនៅតំបូងបង្អស់នៅដើមឆ្នាំ ២០៣០ ខាងមុខ៕
ប្រភព: therichest