ដូចបានដឹងហើយថា ជំងឺកូវីដបានធ្វើឲ្យសេដ្ឋកិច្ចជ្រួលច្របល់គ្រប់ទីកន្លែង។ ថ្មីៗនេះ ក្រុមស្រាវជ្រាវ Fitch Group បានវាយតម្លៃទៅលើគម្រោងសាងសង់នៅប្រទេសឥណ្ឌូណេស៊ីមានការធ្លាក់ចុះយ៉ាងខ្លាំង។
ប្រភពខាងលើបានឲ្យដឹងថា ការសាងសង់ធ្លាក់ចុះប្រមាណ ២,៧% និងអាចបន្តធ្លាក់ដល់ ៨,៤% នៅឆ្នាំ ២០២២ ដោយសារជំងឺកូវីដនិងបញ្ហាហិរញ្ញវត្ថុ។
រដ្ឋាភិបាលឥណ្ឌូណេស៊ី គ្រោងជួយដល់ការអភិវឌ្ឍន៍វិស័យហេដ្ឋារចនាសម្ព័ន្ធនានា តែជំនួយត្រូវបានផ្ទេរទៅកាន់ផ្នែកសុខាភិបាលវិញ បន្ទាប់ពីឥណ្ឌូណេស៊ីជួបប្រទះជាមួយការរាតត្បាតមេរោគកូវីដ ខណៈអត្រាឆ្លងប្រចាំថ្ងៃកើនឡើងហួស ៥០ ០០០ ករណី។
គម្រោងសាងសង់បានផ្អាក ខណៈគម្រោងសាងសង់ច្រើនជាង ៥០% គឺគ្រប់គ្រងដោយរដ្ឋាភិបាលឥណ្ឌូណេស៊ី មានដូចជាកំពង់ផែទឹកជ្រៅនៅខាងលិចកោះជ្វា និងប្រព័ន្ធដឹកជញ្ជូនខ្នាតយក្សនៅទីក្រុងហ្សាកាតាជាដើម។
បើទោះជាគម្រោងហេដ្ឋារចនាសម្ព័ន្ធខ្នាតយក្សទាំងនេះ អាចធ្វើឲ្យសេដ្ឋកិច្ចឥណ្ឌូណេស៊ីមានការកើនឡើងនាថ្ងៃអនាគតក្ដី តែការជាប់បំណុលលើសលប់ ប្រឈមនឹងវិបត្តិហិរញ្ញវត្ថុធ្ងន់ធ្ងរ ដែលអាចបណ្ដាលឲ្យមានការពន្យារពេល ឬរាំងស្ទះលំហូរសាច់ប្រាក់ផងដែរ៕
ប្រភព: globalconstructionreview