ក្រុមហ៊ុនប្រឹក្សាផ្នែកច្បាប់និងពន្ធដារ Andersen Global របស់សហរដ្ឋអាមេរិក បានពង្រីកវិសាលភាពរបស់ខ្លួន នៅក្នុងទីផ្សារទ្វីបអាស៊ី រួមមានកម្ពុជា ឥណ្ឌូនេស៊ី ឡាវ មីយ៉ាន់ម៉ា និងវៀតណាម តាមរយ:កិច្ចព្រមព្រៀងសហការ ជាមួយក្រុមហ៊ុនផ្នែកច្បាប់ និងពន្ធដារ VDB Loi Limited។
ដោយមានក្រុមហ៊ុនជាដៃគូសហការចំនួន ១០ និងមានអ្នកជំនាញជាង ២០០ នាក់ ក្រុមហ៊ុន VDB Loi Limited បានផ្តល់សេវាក្នុងវិស័យជាច្រើន ដូចជា ក្រុមហ៊ុនសាជីវកម្ម ហិរញ្ញវត្ថុ វិវាទ ថាមពល ហេដ្ឋារចនាសម្ព័ន្ធ អចលនទ្រព្យ ទូរគមនាគមន៍ ការវិនិយោគបរទេស និងពន្ធដារ ។
ក្រុមហ៊ុនផ្តល់សេវាពេញលេញ ដែលបង្កើតឡើងក្នុងឆ្នាំ ២០១២ ដោយលោក Edwin Vanderbruggen និង Jean Loi មួយនេះ ត្រូវបានទទួលស្គាល់ដោយស្ថាប័នធំៗជាច្រើន ដូចជា Chambers and Partners , The Legal 500 និង IFLR 1000 ហើយបានឈ្នះពានរង្វាន់ជាក្រុមហ៊ុនពន្ធដារឆ្នើមប្រចាំឆ្នាំ ២០២០ ពីស្ថាប័នត្រួតពិនិត្យពន្ធដារអន្តរជាតិ (ITR) ផងដែរ ។
លោក Jean បាននិយាយថា ៖ ” យើងខិតខំដើម្បីក្លាយជាអង្គការដែលមានគុណភាពមួយ នៅក្នុងតំបន់ដែលកំណត់ស្តង់ដារគុណភាព ក្នុងតំបន់ឧស្សាហកម្ម។ ការសហការជាមួយក្រុមហ៊ុន Andersen Global នឹងអនុញ្ញាតឲ្យយើងធ្វើការជាមួយអ្នកជំនាញផ្នែកច្បាប់និងពន្ធដារ មកពីជុំវិញពិភពលោក និងពង្រីកសមត្ថភាពរបស់យើង ដើម្បីបម្រើអតិថិជនបានយ៉ាងរលូន នៅពេលពួកគេពង្រីកប្រតិបត្តិការរបស់ពួកគេនៅទូទាំងពិភពលោក ” ។
បន្ថែមពីនោះ លោក Mark Vorsatz ប្រធាន និងនាយកប្រតិបត្តិក្រុមហ៊ុន Andersen Global បានមានប្រសាសន៍ថា ៖ ” តាមរយ:ការធ្វើការជាមួយគ្នាកន្លងមក យើងបានឃើញការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុន VDB Loi Limited ចំពោះភាពជាអ្នកគ្រប់គ្រង និងសេវាកម្មលំដាប់ថ្នាក់ល្អបំផុត។ ពួកគេបានបង្កើតវេទិកាប្រកួតប្រជែងនៅក្នុងទីផ្សាររៀងៗខ្លួន ដែលផ្តល់ឲ្យយើងនូវការរីកចម្រើនបន្ថែមទៀត នៅពេលដែលយើងមានបំណងបង្កើតវត្តមានដ៏យូរអង្វែងនៅក្នុងតំបន់ ” ។
គួរបញ្ជាក់ថា Andersen Global គឺជាសមាគមអន្តរជាតិ នៃក្រុមហ៊ុនប្រឹក្សាផ្នែកច្បាប់ និងពន្ធដារដែលប្រមូលផ្តុំ ទៅដោយក្រុមអ្នកជំនាញខាងច្បាប់ និងពន្ធដារមកពីជុំវិញពិភពលោក។ ដោយបង្កើតដោយក្រុមហ៊ុនអាមេរិក Andersen Tax LLC ក្នុងឆ្នាំ ២០១៣ Andersen Global ពេលនេះមានអ្នកជំនាញច្រើនជាង ៨ ០០០ នាក់ មកពីជុំវិញពិភពលោក និងមានវត្តមាន ២៩៨ សាខាតាមរយ:ក្រុមហ៊ុនជាសមាជិក និងក្រុមហ៊ុនជាដៃគូសហការរបស់ខ្លួន ៕
ប្រភព: Adersen