បើតាមការបង្ហោះនៅលើបណ្ដាញសង្គមហ្វេសប៊ុកផេក លោកជំទាវ ជ្រឹង បុទុមរង្សី បានធ្វើដំណើរតាមយន្តហោះមកដល់សុវត្ថិភាពលើទឹកដីសាធារណៈរដ្ឋកូរ៉េ (កូរ៉េខាងត្បូង) ដើម្បីបំពេញតួនាទីថ្មីតំណាងបេសកកម្មការទូតកម្ពុជា។
លោកជំទាវបានបញ្ជាក់ថា ពេលមកដល់ទឹកដីកូរ៉េ ទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅបំផុតពីបងប្អូនជនរួមជាតិខ្មែរ។
សូមរំលឹកផងដែរថា លោកជំទាវ ជ្រឹង បុទុមរង្សី ត្រូវបានមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតប្រោសព្រះរាជទាននូវមុខងារជាឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃព្រះរាជាណាចក្រកម្ពុជា ប្រចាំសាធារណរដ្ឋកូរ៉េ ជំនួសឯកឧត្តម ឡុង ឌីម៉ង់ ដែលបានចប់អណ្ណត្តិបេសកម្មរយៈពេល ៥ ឆ្នាំ។
ក្នុងតួនាទីជាឯកអគ្គរាជទូតថ្មីនេះ លោកជំទាវថ្លែងអំណរគុណដល់ប្រមុខរាជរដ្ឋាភិបាល ដែលបានផ្តល់នូវសេចក្តីទុកចិត្តដល់លោកជំទាវ ក្នុងការបំំពេញបេសកកម្មដើម្បីបម្រើដល់ផលប្រយោជន៍ជូនជាតិ និងមាតុភូមិ។ លោកជំទាវប្ដេជ្ញាចិត្តនឹងខិតខំបំពេញកាតព្វកិច្ច និងកិច្ចការងារក្នុងតួនាទីជា ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃព្រះរាជាណាចក្រកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ ឱ្យអស់ពីសមត្ថភាព និងសមស្របតាមការផ្តល់ទំនុកចិត្តរបស់រាជរដ្ឋាភិបាល៕