ចំនួនកើនឡើងបន្តបន្ទាប់ ក្រសួងមហាផ្ទៃបើក​កិច្ច​ប្រជុំ រៀបចំ​ច្បាប់​គ្រប់គ្រង គោរមងារ​ឧកញ៉ា

ជុំវិញ​ឧកញ៉ា

ក្រសួងមហាផ្ទៃបានបើកកិច្ចប្រជុំអន្តរក្រសួង តាមប្រព័ន្ធអនឡាញហ្សូម (Zoom) នៅថ្ងៃទី១៧ ខែកញ្ញា នេះ ដើម្បីសិក្សារៀបចំលិខិតបទដ្ឋានគតិយុត្ត សម្រាប់ការគ្រប់គ្រងឧកញ៉ា ការផ្តល់គោរមងារឧកញ៉ា និងការដកហូតគោរមងារឧកញ៉ា ក្រោមវត្តមានលោក ប៊ុន ហុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារ ដោយមានការចូលរួមពីអនុប្រធាន និងសមាជិកក្រុមការងារអន្តរក្រសួង។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការបើកកិច្ចប្រជុំនេះធ្វើឡើង បន្ទាប់ពីរាជរដ្ឋាភិបាល នៅថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២១ បានបង្កើតក្រុមការងារអន្តរក្រសួង ដើម្បីសិក្សាស្រាវជ្រាវ ផ្តួចផ្តើមក្នុងការរៀបចំលិខិតបទដ្ឋានគតិយុត្តសម្រាប់ការគ្រប់គ្រងឧកញ៉ា ការផ្តល់គោរមងារឧកញ៉ា និងការដកហូតគោរមងារឧកញ៉ា និងសិក្សាស្រាវជ្រាវច្បាប់ លិខិតបទដ្ឋានគតិយុត្តនានា ដើម្បីជាធាតុចូលសម្រាប់រៀបចំការគ្រប់គ្រងឧកញ៉ា ការផ្តល់គោរមងារឧកញ៉ា និងការដកហូតគោរមងារឧកញ៉ា ដែលមានសមាសភាពចំនួន ១២រូប ក្នុងនោះមានលោក ប៊ុន ហុន ជាប្រធាន និងអនុប្រធាន ១រូប ព្រមទាំងសមាជិកចំនួន ១០រូបដែលជាតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ។

បើតាមសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល ក្រុមការងារនេះនឹងត្រូវសិក្សាអំពីសិទ្ធិ និងកាតព្វកិច្ចរបស់ឧកញ៉ាក្នុងការចូលរួមកិច្ចការសង្គម ធ្វើការពិគ្រោះយោបល់ជាមួយបណ្តាក្រសួង ស្ថាប័ន អាជ្ញាធររដ្ឋបាលថ្នាក់ក្រោមជាតិ និងវិស័យឯកជនពាក់ព័ន្ធ ដើម្បីប្រមូលព័ត៌មាន បម្រើឱ្យការរៀបចំបែបបទ និងនីតិវិធីនៃការគ្រប់គ្រងឧកញ៉ា ការស្នើសុំផ្តល់គោរមងារឧកញ៉ា អ្នកឧកញ៉ា និងការដកហូតគោរមងារឧកញ៉ា។

សូមបញ្ជាក់ជូនថា នៅប្រទេសកម្ពុជាគិតមកដល់ពេលបច្ចុប្បន្នគោរមងារឧកញ៉ាត្រូវបានបែងចែកជា ៣ កម្រិត ឧកញ៉ា អ្នកឧញ៉ា និងលោកឧកញ៉ា ខណៈដែលគោរមងារឧកញ៉ាមានស័ក្តិតូចជាង អ្នកឧកញ៉ានិងលោកឧកញ៉ា ហើយគោរមងារអ្នកឧញ៉ាមានស័ក្តិតូចជាងលោកឧកញ៉ា។

គិតមកដល់ឆ្នាំ ២០២១នេះ មិនទាន់មានឯកសារណាមួយបង្ហាញឲ្យដឹងនូវចំនួនសរុប ពាណិជ្ជករ និងសប្បុរសជនខ្មែរព្រមទាំងបរទេសរស់នៅប្រទេសកម្ពុជា ដែលទទួលបានគោរមងារជាឧកញ៉ា នៅឡើយទេ។ បើតាមការបញ្ជាក់ពីមន្រ្តីក្រសួងព្រះបរមរាជវាំងម្នាក់សុំមិនបញ្ចេញឈ្មោះ បានប្រាប់សារព័ត៌មានឧកញ៉ាញូស៍ ពេលកន្លងមកថា ក្នុង​រយៈពេលនេះ ឧកញ៉ា​សរុប​នៅ​ស្រុកខ្មែរមាន​ចំនួន ១,០៧០ ​នាក់ ដែលចេញ​ព្រះរាជក្រឹត្យ និង​ថ្ងៃខែឆ្នាំ​ដែល​ត្រូវ​បាន​តែងតាំង។

​គួររម្លឹកជូនថា អនុក្រឹត្យ​ថ្មី​មួយ​ចេញ​ផ្សាយ​កាល​ពីឆ្នាំ​ ២០១៧ បុគ្គល​ដែល​ទទួល​បាន​គោរម​ងារ​ឧកញ៉ា ទាល់តែមាន​ការ​ចូល​រួម​ក្នុង​ការ​អភិ​វឌ្ឍ​សង្គម ដោយ​ផ្តល់​ជា​ប្រាក់ ​ឬ​សម្ភារៈ ដែល​មាន​តម្លៃ​លើ​ពី ​៥០ ​ម៉ឺន​ដុល្លារ។ កាល​ពី​មុន សប្បុរសជនដែលបរិច្ចាគ​ធនធាន​ជូន​រដ្ឋ​លើស​ពី ១០​ ម៉ឺន​ដុល្លារ​ឡើង​ទៅ ទើប​ទទួល​បានគោរមងារ​ដែល​ប្រទាន​ដោយ​ព្រះ​មហា​ក្សត្រ តាម​ការ​ស្នើ​សុំ​ពី​នាយក​រដ្ឋ​មន្ត្រី។

សម្រាប់អ្នកទទួលងារជា អ្នកឧកញ៉ា វិញ គឺមិនទាន់មានឯកសារបញ្ជាក់ចំនួនថវិកា ឬលក្ខខ័ណ្ឌជាក់លាក់ណាមួយនៅឡើយទេ៕