​ម្ចាស់​​​ក្រុមហ៊ុន​អចលទ្រព្យ​​​ ធ្លាប់​មាន​​ដាច់​គេ​នៅអាស៊ី ​កៀក​ក្ស័យធន​ អតិថិជន​ បុគ្គលិក​តវ៉ាពេញ​ក្រុមហ៊ុន​

អន្តរជាតិ

​កាលពី​ពេល​កន្លង​ទៅ ក្រុមហ៊ុន​អភិវឌ្ឍន៍​អចលនទ្រព្យ​ធំ​បំផុត​មួយ​នៅ​ប្រទេស​ចិន​ Evergrande កំពុង​មាន​បញ្ហា​រកាំរកូស​ខ្លាំង បន្ទាប់​ពី​ទទួល​បាន​ពាក្យបណ្ដឹង​ពី​សំណាក់​អតិថិជន និង​ក្រុម​វិនិយោគិន​​ជាច្រើន​ ដោយសារ​ក្រុមហ៊ុន​មួយ​នេះ​មិនអាច​សម្រេច​ការសាងសង់​លំនៅឋាន​ដូច​ដែល​បាន​សន្យា​តាម​ពេល​វេលា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្រៅពី​បញ្ហា​ជាមួយ​អតិថិជន និង​វិនិយោគិន បច្ចុប្បន្ន Evergrande ក៏​លឺ​ថា​កំពុង​ជាប់បំណុល​ធនាគារ​ជាច្រើន​រយ​លាន​ ដោយ​មិនទាំង​ដឹង​ផង​ថា អាច​រំលោះ​ខ្លួន​ពី​បំណុល​បាន​ដែរ​ឬ​យ៉ាងណា។ ក្នុងករណី​ដែល​ក្រុមហ៊ុន​គ្មាន​លទ្ធភាព​គ្រប់គ្រាន់​សង​ប្រាក់​ធនាគារ នោះ​ពួកគេ​នឹង​ត្រូវ​ប្រកាស​ក្ស័យធន​ជាមិនខាន​។

ឧកញ៉ាញូន៍ បង្ហាញ​ពី​​ប្រវត្តិ​សង្ខេប​ខ្លះៗ​​នៃ​ក្រុមហ៊ុន Evergrande ដែល​ធ្លាប់​ជា​ក្រុមហ៊ុន​អចលទ្រព្យ​ជោគជ័យ​បំផុត​មួយ​នៅ​ប្រទេស​ចិន៖

នៅ​ឆ្នាំ ១៩៩៦ គឺ​ជា​ឆ្នាំ​ដំបូង​ដែល​អតីត​បុគ្គលិក​រោងចក្រ​ផលិត​ដែកថែប លោក Xu Jiayin ចាប់ផ្ដើម​បើក​ក្រុមហ៊ុន​ Evergrande ដែល​មាន​គោលដៅ​សំខាន់​អភិវឌ្ឍ​លំនៅដ្ឋាន​សម្រាប់​គ្រួសារ​ដែល​មាន​ជីវភាព​មធ្យម​ជាច្រើន​លាន​គ្រួសារ។

អំឡុង​ឆ្នាំ ២០០៩-២០១០ Evergrande ​មាន​ឈ្មោះ​បោះ​សំឡេង​ពេញ​ផ្ទៃ​ប្រទេស ហើយ​ចាប់ផ្ដើម​ពង្រីក​មុខមាត់​ ក្រោយ​ប្រកាស​​ទិញ​ក្លឹប​បាល់ទាត់ Guangzhou នៅ​លីគ​ Chinese Super League និង​បាន​កែ​ឈ្មោះ​ក្លឹប​ថ្មី​ដាក់ Guangzhou Evergrande ហើយ​ថែម​ទាំង​បាន​ចាយ​ប្រាក់​ច្រើន​ពាន់​លាន​ដុល្លារ​ នាំ​យក​កីឡាករ​បរទេស​ជាច្រើន​រូប​ ដើម្បី​អាច​ធានា​ការ​ឈ្មោះ​ពាន​រង្វាន់​ប្រចាំ​លីគ​កំពូល​គ្រប់​រដូវកាល​។

ក្រោយ​ជោគជ័យលើអចលនទ្រព្យ ក្រុមហ៊ុន​​បាន​ងាក​ទៅ​វិនិយោគ​លើ​វិស័យ​ផ្សេងៗ​ដូចជា ការ​ផលិត​ទឹកដោះគោ ​គ្រាប់​ធញ្ញជាតិ និង​វិស័យ​ប្រេង​ជាដើម។ ក្រោយ​មក​ទៀតបង្កើត​រថយន្ត​អគ្គិសនី ដែល​នេះ​ជា​ចំណុច​ចាប់ផ្ដើម​នៃ​ការ​ខ្ចី​បំណុល​វ័ណ្ឌក​របស់​ Evergrande។

រំលង​បាន ៧ ឆ្នាំ​ ឬ​អាច​និយាយ​បាន​ថា​ជា​ឆ្នាំ​ដែល​ធ្វើ​ឲ្យ​ស្ថាបនិក Xu សប្បាយ​ចិត្ត​បំផុត​នៅ​ក្នុង​ជីវិត ដ្បិត​នៅ​ឆ្នាំ ២០១៧ លោក​បាន​ក្លាយ​ជា​មហាសេដ្ឋី​មាន​បំផុត​នៅ​តំបន់​អាស៊ី​ជាមួយ​ទំហំ​ទ្រព្យសម្បត្តិ​ប្រមាណ ៤៣ ពាន់​លាន​ដុល្លារ។

តែ​នៅ​ឆ្នាំ ២០១៨ ធនាគារ​កណ្ដាល​ចិន​ចាប់ផ្ដើម​តាម​ឃ្លាំមើល​សកម្មភាព​ក្រុមហ៊ុន Evergrande និង​បញ្ចូល​​ទៅ​ក្នុង​បញ្ជី​ក្រុមហ៊ុន​​ជាប់​បំណុល​ច្រើន​បំផុត ដែល​អាច​នឹង​ក្ស័យធន​បាន​គ្រប់ពេល។

២​ឆ្នាំ​បន្ទាប់​ពោល​ខែ​សីហា ២០២០ អាជ្ញាធរ​ចាប់ផ្ដើម​ប្រកាស​ថា Evergrande ឈាន​ដល់​ចំណុច​ប្រកាស​អាសន្ន​កម្រិត​ទី ៣ ដែល​ធ្វើ​ឲ្យ​វិស័យ​អចលនទ្រព្យ​មាន​ការ​ប៉ះពាល់​ធ្ងន់ធ្ងរ ស្របពេល​ក្រុមហ៊ុន​ត្រូវ​បង្ខំ​លក់​ទ្រព្យសម្បត្តិ​​ប្រមាណ ២៨% ស្មើ​នឹង​ ៣ ពាន់​លាន​ដុល្លារ និង​ប្រកាស​លក់​អចលនទ្រព្យ​ជាច្រើន​កន្លែង​ទៀត​ជាមួយ​ការ​បញ្ចុះ​តម្លៃ​ច្រើន​សន្ធឹក។

រំលង​មិន​ទាន់​បាន ១ ឆ្នាំ​ផង នៅ​ខែ​មិថុនា ២០២១ ដើម្បី​បង្ការ​ភាព​ចម្រូង​ចម្រាស់​រវាង​ម្ចាស់​ផ្ទះ និង​អ្នកលក់ អាជ្ញាធរ​បាន​ហាម​មិន​ឲ្យ​មាន​ការ​តម្កល់​ប្រាក់​ច្រើន​មុន​ការ​សាងសង់​រួចរាល់​ឡើយ។ បើ​តាម​ការ​ស្រាវជ្រាវ​បាន​ឲ្យ​ដឹង​ថា Evergrande មាន​បំណុល​ប្រមាណ ១,៣ ​ទ្រី​លាន​យ័ន ឬ​ច្រើន​ជាង ២០៧ ពាន់​លាន​ដុល្លារ សម្រាប់​ប្រាក់កក់​ដែល​បាន​មក​ពី​អតិថិជន​​ទិញ​ផ្ទះ​នៅ​ចុង​ខែ​មិថុនា ដែល​​មាន​ន័យ​ថា ក្រុមហ៊ុន​នៅ​ជំពាក់​ផ្ទះ​ភ្ញៀវ​ប្រមាណ ១,៤ លាន​ខ្នង។

នៅ​ខែសីហា និង​កញ្ញា ២០២១ ​ ក្រុមហ៊ុន Evergrande ទទួល​បាន​ពាក្យ​បណ្ដឹង​ពី​អតិថិជន​ជាច្រើន​ស្ដី​ពី​បំណុល​ដែល​ក្រុមហ៊ុន​មិន​ទាន់​ទូទាត់​សង​ ស្របពេល​​Evergrande ក៏​មិនអាច​នឹង​ទៅ​រក​ធនាគារ​ណា​ផ្សេង​ដែល​ហ៊ាន​ផ្ដល់​ប្រាក់កម្ចី​ដល់​ពួកគេ។ ​បច្ចុប្បន្ន​គេ​ជឿ​ថា​ក្រុមហ៊ុន​កំពុង​ប្រឈម​ហានិភ័យ​នឹង​ការ​ប្រកាស​ក្ស័យធន ព្រោះ​គ្មាន​លទ្ធភាព​គ្រប់គ្រាន់​ក្នុង​ការ​សង​បំណុល​ ទាំង​ធនាគារ និង​អតិថិជន។

យ៉ាងណា ការ​ប្រកាស​ជា​ផ្លូវការ​នៅ​មិនទាន់​ធ្វើឡើង ដូច្នេះ​នៅ​មិន​ហ៊ាន​សន្និដ្ឋាន​បាន​ឡើយ ដ្បិត​ពេល​នេះ Evergrande កំពុង​ឡើង​តតាំង​ជាមួយ​តុលាការ​ និង​មាន​តែ​រង់ចាំ​ព័ត៌មាន​លំអិត​នា​ពេល​ក្រោយ​ប៉ុណ្ណោះ៕

ប្រភព: Channelnewsasia