ទឹកជាប្រភពមួយសំខាន់ សម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ ខណៈដែលកុមារកំព្រាជាង ១០០នាក់ នៅក្នុងអង្គការមណ្ឌលកំព្រាមែកឈើ កំពុងដង្ហោហៅរកជំនួយដើម្បីបំពេញតម្រូវការ។ លោកឧកញ៉ា សួរ វីរៈ និងលោកជំទាវ ប៊ុន ចន្ទូ អគ្គនាយកក្រុមហ៊ុន វីរៈប៊ុន អេចប្រេស សម្រេចផ្តល់អំណោយសប្បុរសធម៌នូវអណ្តូងទឹក និងធុងស្តុកទឹក ជូនដល់មណ្ឌលកំព្រាមែកឈើ ដែលស្ថិតនៅភូមិលិចវត្ត សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ។
ជាមួយគ្នានេះ ការផ្តល់ឲ្យកុមារនូវទឹកស្អាតបរិភោគ និងអប់រំពួកគេឲ្យយល់ពីភាពចាំបាច់នៃការលាងសម្អាតដៃជាមួយនឹងសាប៊ូជាមួយទឹក គឺជាវិធីសាស្រ្តដ៏មានប្រសិទ្ធភាពបំផុត ដើម្បីជួយសង្គ្រោះអាយុជីវិតរបស់ពួកគេ និងធានាយ៉ាងណាឲ្យពួកគេក្លាយជាមនុស្សពេញវ័យដែលមានសុខភាពល្អ។
លោកឧកញ៉ា សួរ វីរៈ អគ្គនាយកក្រុមហ៊ុន វីរៈប៊ុនថាំ ថ្លែងថា “អ្វីដែលអ្នកនឹងទទួលបានពីការចែករំលែក គឺសេចក្តីសុខផ្លូវចិត្ត ហើយអ្វីដែលពួកគាត់ទទួលបានពីការចែករំលែក ជាស្នាមញញឹម និង ក្តីសង្ឃឹមបន្ថែមក្នុងជីវិតដ៏កំសត់ ដើម្បីតស៊ូបន្ត” ។
លោក ផន ផល្លា ប្រធានអង្គការមណ្ឌលកំព្រាមែកឈើ ប្រាប់គេហទំព័រឧកញ៉ាញូស៍ថា រឿងទឹក រឿងភ្លើងនេះ គឺយើងមិនអាចអត់បាននោះទេ ចឹងហើយក្រោយពីទទួលបានអណ្តូងនេះ ជួយយើងបានច្រើនណាស់ ហើយកុមាររបស់យើងអាចប្រើប្រាស់ទឹកផង សម្រាប់ងូតផង ហើយទៅចម្រុះដើម្បីទទួលទានដែរ។
លោកបន្តថា៖ ” ខ្ញុំគិតថា ការផ្តល់ឪ្យយើងនៅពេលនេះ គឺចំពេលមួយដែលពួកយើងកំពុងខ្វះខាតខ្លាំង ព្រោះកន្លងមកនៅពេលយើងទិញទឹកម្តងៗមិនមែនបានទឹកស្អាតទេ គឺទិញទឹកតាពាំងដើម្បីដាំស្លរ ហូប ងួត ពីអ្នកភូមិពួកគាត់ដឹកឲ្យ។ តម្រូវការទឹកគឺចាំបាច់សម្រាប់យើង អ្វីដែលគាត់ជួយផ្តល់ឲ្យយើងបង្ហាញឲ្យឃើញពីការជួយជ្រោមជ្រែងចូលរួមសម្រាប់ការផ្គត់ផ្គង់ទឹកឲ្យកូនៗក្នុងមណ្ឌលរបស់យើងកំពុងត្រូវការទឹកជាសំខាន់”។
បន្ថែមលើសនេះ អំណោះសប្បុរសធម៌ដ៏ថ្លៃថ្លារបស់លោកឧកញ៉ា និងលោកជំទាវ នៅពេលនេះ ត្រូវបានលោកប្រធានអង្គការ ផន ផល្លា រំពឹងថា អណ្តូងទឹកគឺជួយយើងខ្លាំង ទៅលើវិស័យកសិកម្ម ដើម្បីយកទៅ តជាមួយទុយយោដាក់តាមសួនបន្លែរបស់យើង ក្នុងការស្តុកទុកដើម្បីដាំដំណាំសម្រាប់កូនៗរបស់យើង។
បើតាមលោក ផន ផល្លារ នេះជាលើកទីមួយសម្រាប់ការទទួលបានអណ្តូងទឹក និងធុងស្តុកទឹក ប៉ុន្តែយើងមានអណ្តូងចាស់មួយកាលពីយើងធ្វើមណ្ឌលតំបូង ហើយឥឡូវគឺប្រើលែងកើតហើយ។
បើតាមប្រធានមណ្ឌលកំព្រាមែកឈើ ដើម្បីឲ្យដំណើរការមណ្ឌលគឺយើងចាំបាច់ត្រូវការថវិកាពីសប្បុរសជនផ្សេងៗ ប៉ុន្តែមែនទែនទៅគឺមិនថិតថែនោះទេ ពេលខ្លះយើងក៏មានពេលខ្លះក៏យើងអត់ ចឹងអ្វីដែលជាការរៀបចំរបស់ខ្ញុំសម្រាប់មណ្ឌលគឺផ្តោតទៅលើកសិកម្ម ដូច្នេះយើងបានអណ្តូងហើយយើងមានទឹក ហើយការចិញ្ចឹមសត្វរបស់យើងៗនឹងមានផលល្អ ដើម្បីកាត់បន្ថយទៅលើការចំណាយជាច្រើនផងដែរ។
បុរសវ័យជាង ៣០ឆ្នាំ ដែលដើរតួជាម្តាយផងជាឪពុកផងរូបនេះ បានឱ្យដឹងថា ចំពោះការពង្រីកសាខាអង្គការមណ្ឌលកំព្រាមែកឈើ ខ្ញុំមិនដែលគិតដល់ចំណុចហ្នឹង ព្រោះឥឡូវនេះ ការទទួលចិញ្ចឹមក្មេងគឺអត់ម្ចាស់ជំនួយពិតប្រាដកណាមួយទេ។
លោកថា៖ “ប្រសិនបើយើងមានលទ្ធភាព វាក៏ជាក្តីសុបិនរបស់លោកក្នុងការបន្តសាខាទៅតាមបណ្តាលខេត្តផ្សេងៗទៀត” ។
ស្ថិតក្នុងស្ថានភាពនៃវិបត្តិកូវីដ-១៩ យើងទទួលស្គាល់ទាំងអស់គ្នាថា បានជួយបញ្ហាលំបាកជាច្រើនសម្រាប់ជីវិតរស់នៅ។ ប៉ុន្តែអ្វីដែលរិតតែអាសូទៀតនោះ លោក ផន ផល្លា ជាក្តីសង្ឃឹមសម្រាប់កុមារនៅមណ្ឌលកំព្រាមែកឈើក៏បានឆ្លងនូវវីរុសដ៏កាចសាហាវមួយនេះស្ទើរតែបាត់បង់ជីវិតទៅហើយ ប៉ុន្តែដោយទទួលបានការយកចិត្តទុកដាក់ក្រុមគ្រួសារជួយជ្រោមជ្រែងទាញឆក់លោកចេញពីមច្ចុរាជឲ្យមករកជីវិតប្រក្រតីឡើងវិញ។
លោកបន្ថែមថា៖ “ឥឡូវខ្ញុំបានធូច្រើន ប៉ុន្តែឲ្យដូចដើមវិញ វាមិនដូចទេដោយសារប៉ះពាល់សួតយើងខ្លាំង ខ្ញុំស្ទើរបាត់បងអាយុជីវិតដោយសារកូវីដនេះឯង ហើយកូនៗទាំងអស់របស់ខ្ញុំមួយចំនួនក៏មានអ្នកឆ្លង ៣៦នាក់ ហើយឥឡូវយើងបានជាសះស្បើយគ្រប់ៗគ្នាហើយ”។
លោកបន្ថែមទៀតថា សម្រាប់ខ្ញុំគ្រាន់តែចង់ផ្តល់ស្នាមញញឹម ជួយដើម្បីផ្តល់ក្តីសង្ឃឹម ទីមួយនៅពេលដែលខ្ញុំយកគាត់កន្លែងលំបាកបំផុត ព្រោះក្មេងយើងខ្លះគាត់ទទួលបានការរំលោភបំពានទាំងក្មេងស្រី និងក្មេងប្រុស ហើយក្មេងខ្លះត្រូវបានគេធ្វើបាប លើសពីនេះក៏មានក្មេងខ្លះទទួលរងការវ៉ៃគ្នាស្ទើឆ្គួតឡប់លែងដឹងអី ដូច្នេះហើយយើងត្រូវតែយកចិត្តទុកដាក់ច្រើនចំពោះពួកគាត់ ដោយសារខ្ញុំឆ្លងកាត់ជីវិតមិនខុសពីពួកគាត់ ចឹងហើយគ្រាន់តែខ្ញុំចង់ផ្តល់ឪកាសជួយនឹងដើម្បីផ្តល់ស្នាមញញឹមសម្រាប់គាត់ និងផ្តល់ក្តីសង្ឃឹមសម្រាប់គាតិទៅថ្ងៃខាងមុខ។
លោកបន្ថែមទៀតថា ការពិតតម្រូវការរបស់មណ្ឌលកាលណាយើងចិញ្ចឹមកូន ៤នាក់យើងថាលំបាក ចុះទម្រាំខ្ញុំកូនប្រមាណ ៧៥នាក់ ពិតជាលំបាកណាស់ ចឹងហើយបើបានបងប្អូនពលរដ្ឋខ្មែរយើងលោកមានក្តីអាណិតអាស៊ូសម្រាប់ពួកគេក៏អាចចូលរួមគ្រប់សព្វបែបយ៉ាងទាំងលើស្បៀងអាហារ សម្ភារៈ និងការរស់នៅផ្សេងៗ គឺយើងទទួលទាំងអស់ ហើយយើងស្វាគមន៍សម្រាប់វត្តមាននៃការមកសួរសុខទុក្ខទៅដល់កុមាររបស់យើងផងដែរ៕