កំពង់ផែស្វយ័តភ្នំពេញ ជំហានទី៣ បានដាក់សម្ពោធឲ្យប្រើប្រាស់នូវចំណតផែកុងតឺន័រ LM១៧ ក្នុងគោលបំណងពង្រីកសមត្ថភាពផ្ទុកកុងតឺន័រ ដើម្បីឆ្លើយតបទៅនឹងកំណើនកុងតឺន័រឆ្លងកាត់ជាបន្ដបន្ទាប់ មានទីតាំងស្ថិតនៅភូមិកណ្តាលលើ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល។
ចំណតផែកុងតឺនរ LM១៧ នេះត្រូវបានសាងសង់លើផ្ទៃដីទំហំ ១០ ហិកតា ដែលមានសមត្ថភាពផ្ទុកកុងតឺន័រ ១៥០ ០០០ TEUs ក្នុងមួយឆ្នាំ ដោយប្រើប្រាស់ទុនវិនិយោគដែលបានមកពីកម្ចីឥណទានរបស់ចិន ក្នុងទឹកប្រាក់ ប្រមាណ ២៨ ៩០០ ០០០ ដុល្លារអាមេរិក (ដោយពុំទាន់រាប់បញ្ចូលគ្រឿងចក្រលើកដាក់ទំនិញ)។
លោក ហ៊ឺ បាវី ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាប្រធានអគ្គនាយក កំពង់ផែស្វយ័តភ្នំពេញ បានថ្លែងថា ការបង្កើតចំណតផែកុងតឺន័រ LM១៧ គឺដើម្បី ពង្រីកសមត្ថភាពផ្ទុកកុងតឺន័រ ឆ្លើយតបនឹងកំណើនកុងតឺន័រឆ្លងកាត់ មានជាបន្តបន្ទាប់លើសពីសមត្ថភាព ដែលចំណតផែថ្ម TS៣ មាន ហើយដែលពុំអាចធ្វើការពង្រីកទៀតបាន ទោះបីជាយើងបានខិតខំ បង្កើត ទីលានស្តុកកុងតឺន័រ (ICD)ដែលមានទំហំផ្ទៃដី ៩,៣ ហិកតា សម្រាប់ស្តុកទាំងកុងតឺន័រមានទំនិញ និង សំបកកុងតឺន័រ។
លើសពីនេះ ការពង្រីកហេដ្ឋារចនាសម្ព័ន្ធនៃចំណតផែកុងតឺន័រ LM១៧ ជំហានទី២ លើទំហំផ្ទៃដី ៤,៥ ហិកតា នៅឆ្នាំ២០១៨ ដែលបង្កើនសមត្ថភាពផ្ទុកកុងតឺន័រ ១៥០ ០០០ TEUs ក្នុងមួយឆ្នាំបន្ថែមទៀត ដោយប្រើប្រាស់ទុនវិនិយោគ ដែលបានមកពីការបោះផ្សាយលក់មូលបត្រ ដើម្បីពង្រីកសមត្ថភាពបន្ថែម ចំណតផែកុងតឺន័រ LM១៧ ឱ្យបាន ៣០០ ០០០ ”EUs ក្នុងមួយឆ្នាំ សំដៅឆ្លើយតបនឹងកំណើនកុងតឺន័រ ឆ្លងកាត់មានជាបន្តបន្ទាប់ លើសពីសមត្ថភាពចំណតផែកុងតឺន័រ LM១៧ ជំហានទី១។
បើតាមប្រធានអគ្គនាយករូបនេះបញ្ជាក់ថា បន្ទាប់ពីការ សាងសង់ទីលានជំហានទី៣ ដំណាក់កាលទី១នេះ ត្រូវបានបញ្ចប់ដោយជោគជ័យ កំពង់ផែស្វយ័តភ្នំពេញ នឹងអនុវត្ត ផែនការបន្ទាប់ នោះគឺការអភិវឌ្ឍគម្រោងពង្រីកហេដ្ឋារចនាសម្ព័ន្ធចំណតផែកុងតឺន័រ LM១៧ ជំហានទី៣ ដំណាក់កាលទី២ (២០២២-២០២៣) ដោយធ្វើការពង្រីកទីលានផ្ទុកកុងតឺន័របន្ថែម និងការបំពាក់ RTG ចំនួន ៤គ្រឿង លើផ្ទៃដីសរុបទំហំ ២,៧៥ ហិកតា ដែលអាចបង្កើនសមត្ថភាព ១០០០០០ TEUs ក្នុងមួយឆ្នាំ ដែលនឹងនាំឱ្យសមត្ថភាពផ្ទុកកុងតឺន័រសរុបរបស់ចំណតផែកុងតឺន័រ LM១៧ មានចំនួន ៥០០ ០០០ TEUs ក្នុង មួយឆ្នាំ។
គួររម្លឹកថា កំពង់ផែស្វយ័តភ្នំពេញ បានចាប់ផ្ដើមសាងសង់ចំណតផែកុងតឺន័រក្នុង ជំហាន ទី១ ចាប់តាំងពីឆ្នាំ២០១១មក ដោយចំណាយថវិកាប្រមាណ២៨.៩លានដុល្លារ ដែលមានសមត្ថភាពអាចផ្ទុកកុងតឺន័របាន១៥ម៉ឺន TEUs ក្នុងមួយឆ្នាំ ហើយគម្រោងក្នុងជំហានទី២ ចំណាយថវិកាប្រមាណ៩លានដុល្លារ និងមានសមត្ថភាពផ្ទុកកុងតឺន័របានចំនួន៣០ម៉ឺន TEUs។ ចំណែកគម្រោងទី៣ ចាប់ពីឆ្នាំ២០១៩ ដល់ឆ្នាំ២០២៣ គ្រោងនឹងចំណាយថវិកាប្រមាណ៣៥លានដុល្លារ ដែលមានសមត្ថភាពផ្ទុកកុងតឺន័ររហូតដល់៥០ម៉ឺន TEUs ក្នុងមួយ ឆ្នាំ៕