ចាយលុយ​សាងសង់​មិន​ស្តាយ ទីក្រុង​ Shenzhen នៅ​ចិន ជាប់​ឈ្មោះ​ជា​មជ្ឈមណ្ឌល​សំណង់​អគារ​វប្បធម៌​ធំ​បំផុត​ក្នុង​លោក

អន្តរជាតិ

​ទីក្រុង Shenzhen នៃ​ប្រទេស​ចិន​បាន​ជាប់​ឈ្មោះ​ជា​ទីក្រុង​ ដែល​មាន​សំណង់​វប្បធម៌​ច្រើន​បំផុត​នៅ​លើ​ពិភពលោក។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

គម្រោង​សំណង់​វប្បធម៌​ ដែល​ចាយ​លុយ​សាងសង់​ជាង ១០ លាន​ដុល្លារ តម្លៃ​គុណ​ឡើង​ជា ១០ នៅ​ឆ្នាំ ២០១៩ និង​ ២៤ ដង​នៅ​ឆ្នាំ ២០២០ ដែល​ច្រើនជាង​នៅ​សហរដ្ឋអាមេរិក​រហូត​ដល់ ១,៧ ពាន់​លាន​ដុល្លារ​ឯណោះ។

ទីក្រុង​មួយ​នេះ​គ្រោង​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​វប្បធម៌​ធំៗ​ដល់​ទៅ ១០ កន្លែង និង​ភូមិ​វប្បធម៌​ ១០ កន្លែង​​ឲ្យ​រួចរាល់​នៅ​ឆ្នាំ ២០២៣ ស្របពេល​ស្ថាបត្យករ​ដែល​ចេញ​ប្លង់​គម្រោង​អស្ចារ្យ​ទាំង​នោះ​គឺ​សុទ្ធ​តែ​លំដាប់​កំពូល មាន​ដូចជា Jean Nouvel ​ប្រទេស​បារាំង SANAA ប្រទេស​ជប៉ុន និង MAD នៃ​ប្រទេស​ចិន​ផ្ទាល់។

ប្រភព​ដដែល​បន្ថែម​ទៀត​ថា បើ​មើល​តាម​គម្រោង​ចំណាយ​ អាជ្ញាធរ​​ចង់​ប្រែក្លាយ​ទីក្រុង​ Shenzhen ​ឲ្យ​ក្លាយជា​ទីក្រុង​វប្បធម៌​តែម្ដង​ ព្រោះ​កន្លង​មក​ឲ្យ​តែ​គម្រោង​ទាក់ទង​នឹង​ផ្នែក​វប្បធម៌​ដូចជា​ការ​សាងសង់​សារមន្ទីរ​ជាដើម អាជ្ញាធរ​មូលដ្ឋាន​ចាយ​លុយ​មិនដែល​ស្ដាយ​ឡើយ។

បញ្ជាក់​ដែរ​ថា សម្រាប់​វិស័យ​សំណង់​បច្ចុប្បន្ន​នៅ​ Shenzhen គឺ ៣០% ផ្ដោត​សំខាន់​លើ​គម្រោង​វប្បធម៌​ បើ​ធៀប​នឹង​ឆ្នាំ ២០១៩ ស្របពេល​តួលេខ​នៃ​សំណង់​មាន​ការ​កើនឡើង​ដល់ ១៣០ គម្រោង តែ​តម្លៃ​នៃ​សំណង់​ទាំង​នោះ​ហក់​ឡើង​ខ្ពស់​ដល់​ទៅ ៨,២ ពាន់​លាន​ដុល្លារ ដែល​ជា​តួលេខ​ខ្ពស់​បំផុត​គិត​តាំងពី​ឆ្នាំ ២០១៦ មក។

ងាក​ទៅ​មើល​ប្រទេស​នៅ​ទ្វីប​ផ្សេងៗ​ដូចជា អាមេរិក​ខាងជើង និង​តំបន់​អឺរ៉ុប​ជា​ដើម​សុទ្ធតែ​បាន​បន្ថយ​ការ​ចំណាយ​សម្រាប់​ការ​សាងសង់​សំណង់​ប្រភេទ​នេះ ដោយ​នៅ​អាមេរិក​ចំនួន​នៃ​គម្រោង​បែបនេះ​បាន​កាត់​បន្ថយ​ពាក់​កណ្ដាល​ ខណៈ​ការ​ចំណាយ​ធ្លាក់​មក​សល់​ត្រឹម ១,៥ ពាន់​លាន​ដុល្លារ ដែល​នៅ​ឆ្នាំ ២០១៩ ពួកគេ​ធ្លាប់​ចាយ​ដល់ ៣,៨ ពាន់​លាន​ដុល្លារ​ឯណោះ រីឯ​នៅ​តំបន់​អឺរ៉ុប​គឺ​កាត់​បន្ថយ​អស់​ ៤០%៕

ប្រភព: globalconstructionreview