ក្រុមហ៊ុន SCG Packaging Plc (SCGP) បានប្រកាសនៅថ្ងៃចន្ទសប្តាហ៍នេះ អំពីគម្រោងវិនិយោគក្នុងទំហំទឹកប្រាក់ប្រមាណ ១១,៨ ពាន់លានបាត ទៅលើអាជីវកម្មផលិតក្រដាសវេចខ្ចប់របស់ខ្លួន នៅក្នុងប្រទេសវៀតណាម ដោយរំពឹងថានឹងមានកំណើនតម្រូវការខ្ពស់ ។
ខណៈដែលរោងចក្រថ្មីមួយ នឹងត្រូវសាងសង់នៅក្នុងខេត្ត Vinh Phuc ភាគខាងជើងនៃប្រទេសវៀតណាម ដែលនឹងចាប់ផ្តើមប្រតិបតិ្តការនៅដើមឆ្នាំ ២០២៤ ហើយរំពឹងថា អាចផលិតក្រដាសវេចខ្ចប់បានក្នុងចំនួន ៨៧០ ០០០ តោនក្នុងមួយឆ្នាំ ពោលគឺកើនឡើងពី ៥០០ ០០០ តោន/ឆ្នាំ។ នេះបើតាមការបញ្ជាក់ពីក្រុមហ៊ុន SCGP ផ្ទាល់។
សូមបញ្ជាក់ថា ការវិនិយោគដ៏ធំនេះ គឺស្ថិតនៅក្រោមស្លាកសញ្ញា Vina Kraft Paper ដែលជាការបណ្តាក់ទុករួមគ្នា រវាងក្រុមហ៊ុន SCG Packaging របស់ថៃ និងក្រុមហ៊ុនជប៉ុន Rengo Company ខណ: SCGP កាន់ភាគហ៊ុនសរុប ៧០ ភាគរយ ។
លោក Wichan Jitpukdee នាយកប្រតិបត្តិក្រុមហ៊ុន SCGP បាននិយាយថា ៖ ” វៀតណាមមានការប្រើប្រាស់ក្នុងស្រុកយ៉ាងច្រើន និងជាមូលដ្ឋាននាំចេញដ៏សំខាន់ នៅក្នុងតំបន់ ដូច្នេះហើយវាជាការទាក់ទាញដ៏ធំមួយសម្រាប់ក្រុមហ៊ុនចម្រុះជាតិសាសន៍ ដើម្បីមកធ្វើការវិនិយោគនៅទីនោះ ” ។
មិនតែប៉ុណ្ណោះ លោក Wichan បានព្យាករណ៍ថា កំណើនតម្រូវការរបស់ប្រជាជនវៀតណាម អាចនឹងកើនឡើងពី ៦% ទៅ 7% ជារៀងរាល់ឆ្នាំ រហូតដល់ឆ្នាំ ២០២៥ ៕
ប្រភព: Bangkok Post