ពីក្មេង​ដើ​រ​លក់​ស៊ីម​ទូរសព្ទ​​តាម​​ភូមិ ឆ្នាំនេះ​អាយុ ២៧ ឆ្នាំ​ ក្លាយ​ជា​សេដ្ឋី​វ័យ​ក្មេង​បំផុត​ទី​ពីរ​នៅ​ឥណ្ឌា

អន្តរជាតិ

Ritesh Agarwal មាន​វ័យ ២៧ ឆ្នាំ​ហើយ​នៅ​ឆ្នាំនេះ និង​បាន​ក្លាយជា​មហាសេដ្ឋី​ក្មេង​បំផុត​ទី ២ នៅ​ប្រទេស​ឥណ្ឌា​ជាមួយ​ទំហំ​ទ្រព្យសម្បត្តិ​ប្រមាណ ១,១​ ពាន់​លាន​ដុល្លារ។ នេះបើ​តាម​ការ​​ចុះផ្សាយ​របស់ទស្សនាវដ្តី Forbes ឆ្នាំ​២០២០។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

មុន​នឹង​ឈាន​មក​ដល់​ចំណុច​មួយ​នេះ Agarwal ដើមឡើយ​គ្រាន់តែ​ជា​ក្មេងប្រុស​ម្នាក់​ដែល​ដើរ​លក់​ស៊ីមកាត​នៅ​តាម​ភូមិស្រុក​ប៉ុណ្ណោះ មុន​នឹង​មាន​គំនិត​បង្កើត App សម្រាប់​សម្រួល​ដល់​ដំណើរ​កម្សាន្ត​ភ្ញៀវ​ទេសចរណ៍​ដែល​មាន​គម្រោង​ចង់​មក​លេង​ប្រទេស​ឥណ្ឌា។

App ដែល​បុរស​វ័យក្មេង​បង្កើត​មាន​ឈ្មោះ​ថា OYO Rooms ដែល​អាច​ឲ្យ​អ្នក​ប្រើប្រាស់​អាច​ធ្វើការ​កក់​បន្ទប់​សណ្ឋាគារ​ជាមួយ​ដៃ​គូ​សហការ។ ក្នុង​រយៈពេល​ខ្លី​ក្រុមហ៊ុន​ផ្នែក​បដិសណ្ឋារកិច្ច​ធំ​បំផុត និង​ឆ្លាតវៃ​បំផុត​ប្រចាំ​ប្រទេស​ឥណ្ឌា បាន​ដាក់​ឲ្យ​ប្រើប្រាស់​រហូត​ដល់ ១០ ប្រទេស​​មាន​ទាំង​នៅ​​អាស៊ី និង​ផ្នែក​ខ្លះ​ទៀត​នៅ​អឺរ៉ុប។

ត​ទៅ​នេះ​គឺ​ជា​ប្រវត្តិ​ត្រួសៗ​ទាក់ទង​នឹង​គន្លឹះ​អាជីវកម្ម​របស់​ក្រុមហ៊ុន OYO Rooms៖

ក្រុមហ៊ុន OYO Rooms បង្កើត​ឡើង​នៅ​ឆ្នាំ ២០១១ ដែល​មាន​ឈ្មោះ​ពេញ Oravel Stays Private Limited ​ហើយ​​ចុះ​បញ្ជី​ជា​ផ្លូវការ​​នៅ​ឆ្នាំ ២០១៣។

គិត​ត្រឹម​ខែមេសា ២០១៩ ក្រុមហ៊ុន​ទទួល​បាន​ការ​បណ្ដាក់ទុន​រហូត​ដល់ ៥,៧ ពាន់​លាន​ដុល្លារ ខណៈ​មូលធន​ទីផ្សារ​គិត​ត្រឹម​ឆ្នាំ​២០២០ កើន​ដល់ ៨ ពាន់​លាន​ដុល្លារ។ ១០ ប្រទេស​ដែល​អាច​ប្រើប្រាស់​កម្មវិធី OYO Rooms បាន​គឺ​មាន​ដូចជា​ឥណ្ឌា ចិន​ ម៉ាឡេស៊ី នេប៉ាល់​ ចក្រភព​អង់គ្លេស អារ៉ាប់រួម​ ប្រទេស​អារ៉ាប៊ីសាអូឌីត ហ្វីលីពីន ឥណ្ឌូណេស៊ី និង​ជប៉ុន រីឯ​បុគ្គលិក​វិញ​គឺ​មាន​ច្រើនជាង ១ ម៉ឺន​នាក់។

មាន​ចំណុច​ជាច្រើន​ដែល OYO Rooms ក្លាយ​ជា​ App ពេញ​និយម​សម្រាប់​អ្នក​ចូលចិត្ត​ការ​ធ្វើ​ដំណើរ​កម្សាន្ត​ដោយ​ក្នុង​ចំណោម​ហេតុផល​ទាំង​នោះ​ ឧកញ៉ាញូវសន៍​សូម​លើក​យក​នូវ​ចំណុច​គោលៗ​មួយ​ចំនួន​មក​បង្ហាញ​ដូចជា៖

  • ការ​ទូទាត់​ប្រាក់​នឹង​ធ្វើ​ឡើង ក្រោយ​បញ្ចប់​ការ​កក់​បន្ទប់
  • សម្រាប់​ដំណើរ​កម្សាន្ត​បែប​ជំនួញ ឬ​ក៏​កម្មវិធី​ពិសេស​ផ្សេងៗ OYO នឹង​ផ្ដល់​ឲ្យ​អ្នក​ប្រើប្រាស់​នូវ​មុខងារ​ផ្សេង ដែល​មាន​លក្ខណៈ​សំបូរ​បែប​ជាង​ធម្មតា
  • សណ្ឋាគារ​ខ្លះ​ដែល​ជា​ដៃគូ​សហការ​របស់ OYO អាច​អនុញ្ញាត​ឲ្យ​អ្នក​ប្រើប្រាស់​ Cancel ការ​កក់​ភ្លាមៗ ដោយ​មិន​គិត​ថ្លៃ​ក្នុង​ករណី​ចាំបាច់​ណា​មួយ

យោង​តាម​ប៉ុន្មាន​ចំណុច​ខាងលើ យើង​អាច​ដឹង​បាន​ខ្លះៗ​ថា OYO បង្កើត​ឡើង​ដើម្បី​ធ្វើ​យ៉ាងណា​ជួយ​សម្រួល​ដល់​ដំណើរ​កម្សាន្ត​របស់​អតិថិជន​ឲ្យ​បាន​កាន់តែ​ច្រើន​តាម​ដែល​អាច​ធ្វើ​ទៅ​បាន និង​មាន​លក្ខណៈ​សាមញ្ញ​មិន​សាំញ៉ាំ​ច្រើន។

ដោយឡែក​ ដោយសារ​ OYO ជា​ App សម្រាប់​ជួយ​សម្រួល​ដល់​អ្នកចូលចិត្ត​ដំណើរ​កម្សាន្ត​ ដូច្នេះ​ដៃគូ​សហការ​របស់​ក្រុមហ៊ុន​នេះ​គឺ​មាន​ដូចជា សណ្ឋាគារ ក្លឹប​កម្សាន្ត អ្នក​រៀបចំ​កម្មវិធី និង​តំបន់​កម្សាន្ត​ផ្សេងៗ​ជាដើម ហើយ​ដើម្បី​ក្លាយជា​ដៃគូ​សហការ​របស់ OYO បាន​ គ្រប់​សណ្ឋាគារ​ត្រូវ​ធានា​ពី​គុណភាព​សេវាកម្ម និង​តម្លៃ​នៃ​បន្ទប់។ នេះ​គឺ​ជា​អ្វី​ដែល​ OYO តែង​គិតគូរ​ដល់​អ្នកប្រើប្រាស់។

ជា​រួម OYO Rooms មាន​គន្លឹះ​ធំៗ​ ៣ ដែល​អាច​ឲ្យ​ក្រុមហ៊ុន​ឈរ​ជើង​រហូត​មក​ដល់​សព្វថ្ងៃ​នោះ​គឺ៖

  1. រក្សា​គុណភាព​សេវាកម្ម៖ គ្រប់​សណ្ឋាគារ និង​ដៃគូ​សហការ​របស់ OYO គឺ​ត្រូវតែ​រក្សា​រាល់​សេវាកម្ម​ស្តង់ដារ​មិន​ចំពោះ​តែ​អតិថិជន​ថ្មី​ទេ ពោល​គឺ​ទាមទារ​ឲ្យ​ធ្វើ​បែបនេះ​សម្រាប់​អតិថិជន​ទាំង​ចាស់​ទាំង​ថ្មី។ ចំណុច​នេះ​អាច​បង្រៀន​យើង​ថា មិនថា​ក្រុមហ៊ុន​របស់​អ្នក​មាន​ប្រព័ន្ធ​គ្រប់គ្រង​បែប​ណា​ឡើយ ប្រសិនបើ​អ្នក​អាច​រក្សា​សេវាកម្ម​ដែល​អតិថិជន​ពេញ​ចិត្ត នោះ​អាជីវកម្ម​របស់​អ្នក​នឹង​កាន់តែ​រីកចម្រើន។
  2. បន្ទប់​ស្នាក់នៅ​តម្លៃ​សមរម្យ៖ ដោយសារ​អតិថិជន​គោលដៅ​របស់​ OYO ជា​អ្នក​ចូលចិត្ត​ដំណើរ​កម្សាន្ត ដូច្នេះ​ពួកគេ​ច្បាស់ជា​មិន​សូវ​ចូលចិត្ត​ចាយ​លុយ​ច្រើន​លើ​ការ​ស្នាក់នៅ​ឡើយ ពោល​ត្រឹម​ល្មមៗ​គឺ​ទទួលយក​បាន​ហើយ។ ដូច្នេះ​រាល់​ដៃគូ​សហការ​របស់ OYO គឺ​មាន​តម្លៃ​សមរម្យ​ ដែល​នេះ​គឺ​មាន​ន័យ​ថា ដើម្បី​អាច​ទាក់ចិត្ត​អតិថិជន​ម្នាក់​បាន​ យើង​ត្រូវ​ស្វែងយល់​ពី​ទំហំ​ចំណាយ​ដែល​ពួកគេ​ហ៊ាន​ចាយ ហើយ​ក្នុង​ករណី​បើ​អ្នក​អាច​ផ្ដល់​សេវាកម្ម​ដែល​មាន​តម្លៃ​តិច​ជាង ឬ​ការ​បញ្ចុះ​តម្លៃ​ទៅ​លើ​អ្វី​ដែល​ពួកគេ​ចង់​បាន នោះ​ច្បាស់​ណាស់ អ្នក​នឹង​ទទួល​បាន​អតិថិជន​ស្មោះត្រង់​ម្នាក់​ជា​មិនខាន។
  3. ការ​រាក់ទាក់​ពី​បុគ្គលិក​ទៅ​កាន់​ភ្ញៀវ៖ រាប់​តាំង​ពី​មុន​កក់​បន្ទប់​ ដល់​ពេល​បង់ប្រាក់ បុគ្គលិក​របស់​ OYO តែង​ចាត់ទុក​ភ្ញៀវ​ជា​អាទិភាព។ នេះ​គឺ​ដូច​ពាក្យ​ស្លោក​មួយ​ឃ្លា “អតិថិជន​គឺ​ជា​ស្ដេច” ហើយ​វា​ជា​ការពិត ជាទូទៅ​អាកប្បកិរិយា​របស់​បុគ្គលិក​អាច​ធ្វើ​ឲ្យ​ក្រុមហ៊ុន​របស់​អ្នក​រីកចម្រើន ហើយ​ក៏​អាច​ឲ្យ​រលំ​ភ្លាមៗ​ដែរ។ ការ​ណែនាំ​បុគ្គលិក​ឲ្យ​ចេះ​គោរព និង​យក​ចិត្ត​ទុកដាក់​ចំពោះ​អតិថិជន​គឺជា​ចំណុច​សំខាន់​មួយ​ដែល​អាជីវករ​គ្រប់រូប​ត្រូវតែ​ប្រកាន់​ខ្ជាប់៕

ប្រភព: thepeacefulguy