ប្រទេស ៤ នៅ​​អាស៊ាន​​ ដណ្តើម​គ្នាធ្វើ​​ស្តេចត្រាញ់ ជាទីតាំង​បោះ​មូលដ្ឋាន​​​ផលិត​រថយន្ត​

អន្តរជាតិ

អ្នកណាៗ​ក៏​ដឹង​ដែរ​ថា សង្វាក់​ផលិត​កម្ម​នៅ​ប្រទេស​តំបន់​អាស៊ាន​គឺ​មាន​តម្លៃ​ទាប​ បើ​ធៀប​នឹង​ប្រទេស​នៅ​តំបន់​អឺរ៉ុប​ជាច្រើន ដែល​នេះ​គឺជា​ហេតុផល​ធំ​បំផុត​មួយ​ដែល​ធ្វើ​ឲ្យ​តំបន់​អាស៊ាន​ ​ក្លាយជា​កន្លែង​ប្រមូល​ផ្ដុំ​រោងចក្រ​ផលិត​សម្ភារៈ​នានា​ រាប់​ចាប់ពី​សម្ភារៈ​តូចៗ​ដល់​គ្រឿងយន្ត​ជាដើម។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជាមួយ​គ្នា​នោះ​ វិស័យ​យានយន្ត​ហាក់​មាន​កំណើន​ខ្លាំង​សម្រាប់​រយៈ​កាល​មួយ​ទសវត្ស​ចុងក្រោយ ដែល​ធ្វើ​ឲ្យ​ប្រទេស​នៅ​តំបន់​អាស៊ាន​មួយ​ចំនួន​ត្រូវប៉ាន់​ផង​ដែរ ព្រោះ​ក្រុមហ៊ុន​ផលិត​ឡាន​ជា​ច្រើន​បាន​ចាប់​ផ្ដើម​វិនិយោគ បង្កើត​រោងចក្រ​ផលិត​នៅ​ក្នុង​ប្រទេស​ទាំង​នោះ។

ខាងក្រោម​គឺ​ជា​ប្រទេស ៤ ​ដែល​កំពុង​មាន​សម្ទុះ​ផលិត​រថយន្ត​ខ្លាំង​បំផុត​នៅ​អាស៊ាន​

1/ប្រទេស​ថៃ

ប្រទេស​ថៃ​អាច​រាប់​បាន​ថា​ជា​ប្រទេស​មាន​សេដ្ឋកិច្ច​លូតលាស់​ឆាប់​រហ័ស​មួយ​ប្រចាំ​តំបន់​អាស៊ាន ខណៈ​វិស័យ​ផលិត​រថយន្ត​នេះ​ទៀត​សោត​ ក៏​កំពុង​រីក​ធំធាត់​ខ្លាំង​ផង​ដែរ​នៅ​ទីនោះ។ គិត​ត្រឹម​ឆ្នាំ ២០១៨ ឡាន​ប្រមាណ ២ លាន​គ្រឿង​ត្រូវ​បាន​ផលិត និង​បាន​នាំ​ចេញ​ទៅ​ក្រៅ​ជាង ១០០ ប្រទេស​នៃ​ជាង​ពាក់កណ្ដាល​ចំនួន​ផលិត។

ដោយឡែក​បើ​តាម​របាយការណ៍​ពី Marklines បាន​ឲ្យ​ដឹង​ទៀត​ថា តួលេខ​នៃ​ការ​ផលិត​មាន​ការ​កើនឡើង​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ​ប្រមាណ ៨,៧% ខណៈ​ឡាន​ជាង ១ លាន​គ្រឿង​លក់​អស់​គ្មាន​សល់​សម្រាប់​ទីផ្សារ​ក្នុង​ស្រុក។

2/ប្រទេស​ឥណ្ឌូណេស៊ី

ស្របពេល​ថៃ​កំពុង​វាយលុក​ទីផ្សារ​នាំចេញ​រថយន្ត​ក្រៅ​ប្រទេស ងាក​មក​មើល​ឥណ្ឌូណេស៊ី​វិញ គឺ​កំពុង​ដុត​ដៃ​ដុត​ជើង​ទាញ​យក​ផល​ចំណេញ​ពី​ទីផ្សារ​ក្នុងស្រុក​គ្មាន​ពេល​សម្រាក។

ក្រុមហ៊ុន​ផលិត​ឡាន​នៅ​ឥណ្ឌូណេស៊ី​បាន​កំណត់​អតិថិជន​គោលដៅ​ជាស្រេច​ដោយ​លក់​សម្រាប់​បុគ្គល​មាន​ជីវភាព​មធ្យម ខណៈ​ទីក្រុង​ចំបង​ដែល​វៃ​ចេញ​ជា​ប្រចាំ​នោះ​គឺ រដ្ឋធានី Jakarta តែម្ដង។ គិត​ត្រឹម​ចុង​ឆ្នាំ ២០១៨ តួលេខ​នៃ​ការ​លក់​ហក់​ឡើង​ដល់ ១,៣ លាន​គ្រឿង​សម្រាប់​ទីផ្សារ​ក្នុង​ស្រុក ស្របពេល​ការ​នាំចេញ​មាន​ត្រឹម ៣៤៦ ០០០ គ្រឿង​ប៉ុណ្ណោះ​ដែល​មាន​ដូចជា​ទៅកាន់​ប្រទេស​ហ្វីលីពីន អារ៉ាប៊ីសាអូឌីត​ និង​វៀតណាម​ជា​ដើម។

3/ប្រទេស​វៀតណាម

ថ្វីបើ​ធៀប​នឹង​ប្រទេស​ ២ ខាងលើ វៀតណាម​រាង​ដើរ​យឺត​ជាង​បន្តិច​មែន តែ​បើ​មក​មើល​ស្ថិតិ​ប្រៀប​នឹង​ឆ្នាំ​កន្លង ឃើញថា​រយៈកាល​ចុងក្រោយ​សន្ទុះ​នៃ​ការ​កើនឡើង​ក្នុង​វិស័យ​នេះ​មាន​ការ​ហក់​ឡើង​ខ្លាំង​មែនទែន។

វិស័យ​នេះ​ចាប់ផ្ដើម​ឲ្យ​ផ្លែផ្កា​នៅ​ដើមឆ្នាំ ២០០០ ដែល​នេះ​គឺ​ត្រូវ​បាន​ចាត់ទុក​ថា​ជា​ការ​កើនឡើង​រហ័ស​បំផុត​សម្រាប់​វិស័យ​យានយន្ត​នៅ​អាស៊ាន​សម្រាប់​រយៈពេល ២០ ឆ្នាំ​ខាងមុខ។ បើ​តាម​ការ​អះអាង​ពី ​សមាគម​ផលិត​យានយន្ត​វៀតណាម​បាន​ឲ្យ​ដឹង​ថា​ នៅ​ឆ្នាំ ២០១៨ អត្រា​លក់​រថយន្ត​មាន​ច្រើនជាង ២៨៨ ០០០ គ្រឿង ច្រើន​ជាង​ឆ្នាំ ២០១៧ ប្រមាណ ៦%។

វៀតណាម​អាច​និយាយ​បាន​ថា​ ជា​ឋានសួគ៌​សម្រាប់​វិនិយោគិន ដ្បិត​រដ្ឋាភិបាល​បាន​ចែងច្បាប់​ថា សម្រាប់​រោងចក្រ​ផលិត​យានយន្ត អាច​គ្រប់គ្រង​បាន ១០០% ដោយ​ជនជាតិ​បរទេស ពោល​មិន​ចាំ​បាច់​មាន​ថ្នាក់លើ​ជា​ជនជាតិ​វៀតណាម​ឡើយ ដែល​នេះ​បាន​ជួយ​ឲ្យ​សេដ្ឋកិច្ច​វៀតណាម​កើនឡើង​មួយ​កម្រិត​ផង​ដែរ។

4/ប្រទេស​ម៉ាឡេស៊ី

មិន​សូវ​ខុស​ពី​ប្រទេស​ទាំង ៣ ខាងលើ​ប៉ុន្មាន​ទេ ដោយ​ម៉ាឡេស៊ី​ក៏​ជា​សសរ​ទ្រូង​សំខាន់​ក្នុង​វិស័យ​ផលិត​យានយន្ត​នៅ​តំបន់​អាស៊ាន​ដែរ ខុស​ត្រង់ថា​ម៉ាឡេស៊ី​ផ្ដោត​សំខាន់​លើ​ប្រភេទ​រថយន្ត​ដឹក​អ្នក​ដំណើរ​ ព្រោះ​នៅ​ឆ្នាំ ២០១៨ តួលេខ​នៃ​ការ​ផលិត​មាន​រហូត​ដល់ ៥៧២ ០០០ គ្រឿង ខណៈ ៥២២ ០០០ គ្រឿង​ជា​ប្រភេទ​រថយន្ត​ដឹក​អ្នក​ដំណើរ។

ជា​ចុងក្រោយ​ ​ក្នុង​ចំណោម​ប្រទេស​ទាំង ៤ ខាងលើ យើង​អាច​សន្មត​បាន​ថា ថៃ និង​ឥណ្ឌូណេស៊ី​អាច​នឹង​ជា​ដៃគូ​ប្រជែង​ ព្រោះ​ប្រទេស​ ២ នេះ​សុទ្ធតែ​ចង់​បាន​វិនិយោគិន​ក្រៅ​ស្រុក ដ្បិត​ទីផ្សារ​ស្រុកក្រៅ​របស់​ថៃ​កំពុង​ដំណើរ​ការ​ល្អ ស្របពេល​ឥណ្ឌូណេស៊ី​កំពុង​ព្យាយាម​វាយលុក​ទីផ្សារ​អន្តរជាតិ​ដូចគ្នា៕

ប្រភព: Aseanbriefing