ប្រទេសមហាអំណាចចិន បានធ្វើការហាមឃាត់រាល់ប្រតិបតិ្តការរូបិយប័ណ្ណឌីជីចលគ្រប់ប្រភេទ និងថែមទាំងប្តេជ្ញាបញ្ឈប់ការជីកកាក់គ្រីបតូ (Crypto mining) ខុសច្បាប់ ដែលអាចប៉ះពាល់ធ្ងន់ធ្ងរដល់ឧស្សាហកម្មតម្លៃរាប់ពាន់លានដុល្លារ ។
ធនាគារ People’s Bank of China បាននិយាយនៅលើគេហទំព័រផ្លូវការរបស់ខ្លួន កាលពីថ្ងៃសុក្រថា រាល់ប្រតិបតិ្តការ ដែលជាប់ទាក់ទងជាមួយកាក់គ្រីបតូ នឹងត្រូវចាត់ទុកថាជាសកម្មភាពជួញដូរហិរញ្ញវត្ថុខុសច្បាប់ ដោយរាប់បញ្ចូលទាំងសេវាកម្មប្តូរប្រាក់ឆ្លងប្រទេសផងដែរ ។ ធនាគារកណ្តាលរបស់ចិនមួយនេះ បានបន្ថែមទៀតថា រូបិយប័ណ្ណអេឡិចត្រូនិកធំៗ រួមទាំង Bitcoin និង Tether ក៏ត្រូវបានហាមឃាត់ដែរ ។
វាជាជំហានដ៏លំបាកបំផុតមួយ ដែលចិនសម្រេចចិត្តធ្វើការប្រឆាំងទៅនឹងរូបបិយប័ណ្ណអេឡិចត្រូនិក នៅចំពេលទីផ្សាររបស់វាកំពុងតែផ្ទុះឡើងខ្លាំង នៅឆ្នាំនេះ ស្របពេលប្រតិបត្តិការចាយវាយពពួកគ្រីបតូទាំងនេះ ក៏ទទួលបានការចាប់អារម្មណ៍ខ្លាំងពីសំណាក់មហាសេដ្ឋីពិភពលោក Elon Musk ផងដែរ ។
យ៉ាងណា ប្រទេសចិនបានសម្តែងការមិនពេញចិត្តចំពោះវត្តមានរូបិយប័ណ្ណអេឡិចត្រូនិកទាំងនេះ នៅក្នុងប្រទេសរបស់ខ្លួនជាយូរមកហើយ ដោយសារប្រតិបតិ្តការរបស់វាបានធ្វើឲ្យកើតមានការក្លែងបន្លំ និងការលាងលុយកខ្វក់ ក៏ដូចជាបម្រើបម្រាស់ថាមពលអគ្គិសនីច្រើនហួសប្រមាណ ទៅលើការ Minnig ទៀតផង ។
មិនតែប៉ុណ្ណោះ ក្រោយពីមានការប្រកាសនេះតម្លៃរបស់ Bitcoin បានធ្លាក់ចុះ ៦% ដែលស្មើនឹង ៤១ ៨០០ ដុល្លារ នៅក្នុងទីក្រុងញូវយ៉ក។ ហើយវិធីសាស្រ្តដ៏តឹងរ៉ឹងរបស់ចិន ក៏ជាហេតុផលមួយ ដែលធ្វើឲ្យតម្លៃរបស់ Bitcoin ធ្លាក់ចុះខ្លាំង នៅអំឡុងខែឧសភា ដែលធ្វើឲ្យវាមិនអាចហក់ឡើងដល់កម្រិតខ្ពស់ដូចពីមុន ដែលលើសពី ៦០ ០០០ ដុល្លារបាន ៕
ប្រភព: Bangkok Post