ថៃ​​គ្រោង​ចេញ​​ច្បាប់​ថ្មី​ សង្រ្គោះ​​សេដ្ឋកិច្ចជាតិ​ឡើង​វិញ

អន្តរជាតិ

កាលពី​ពេល​ថ្មីៗ​នេះ គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺឆ្លង​ប្រចាំ​ប្រទេស​ថៃ បាន​ដាក់​សំណើ​ទៅ​កាន់​ថ្នាក់​ដឹកនាំ​ប្រទេស ក្នុង​ការ​បន្ថយ​រយៈពេល​នៃ​ការ​ធ្វើ​ចត្តាឡឺស័ក ​​សម្រាប់​ក្រុម​ភ្ញៀវ​ទេសចរណ៍​ដែល​ចង់​មក​កម្សាន្ត​ក្នុង​ប្រទេស ត្រឹម​រយៈពេល​ពី ៧-១៤ ​ថ្ងៃ​ដើម្បី​ស្ដារ​ស្ថានការណ៍​សេដ្ឋកិច្ច​ឡើង​វិញ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បន្ទាប់​ពី​ប្រជុំ​គ្នា​នៅ​ក្រសួង​សុខាភិបាល​សាធារណៈ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​រួចមក ឧបនាយករដ្ឋមន្ត្រី​ និង​រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល Anutin Charnvirakul  បាន​ស្នើ​ទៅ​កាន់​មជ្ឈមណ្ឌល​គ្រប់គ្រង​ស្ថានការណ៍​កូវីដ ១៩ ដោយ​ចង់​ឲ្យ​បន្ថយ​រយៈពេល​នៃ​ការ​ធ្វើ​ចត្តាឡឺស័ក​ ១៤ ​ថ្ងៃ សម្រាប់​ក្រុម​ភ្ញៀវ​បរទេស​ដើម្បី​ស្រោចស្រង់​សេដ្ឋកិច្ច​ឡើង​វិញ។

ក្នុង​សំណើ​នោះ ​ក្រុម​ភ្ញៀវ​ទេសចរណ៍​អន្តរជាតិ​ដែល​បាន​ចាក់​វ៉ាក់សាំង​ពេញលេញ និង​តម្រូវ​ឲ្យ​ធ្វើ​ចត្តាឡឺស័ក​រយៈពេល ៧ ​ថ្ងៃ ដោយ​ត្រូវ​ធ្វើ​តេស្ដ​រក​កូវីដ ១៩ ដោយ​ម៉ាស៊ីន​រហ័ស​ ២​ លើក​ នៅ​ពេល​ចូល​ដល់​ប្រទេស និង​ ៧ ​ថ្ងៃ​បន្ទាប់​ពី​នោះ។

ករណី​មួយ​ទៀត​គឺ​ ធ្វើ​ចត្តាឡឺស័ក​រយៈពេល ១០ ​ថ្ងៃ សម្រាប់​ភ្ញៀវ​ទេសចរណ៍​ណា​ដែល​មិន​មាន​ប័ណ្ណ​ចាក់​វ៉ាក់សាំង​ត្រឹមត្រូវ។ ការ​ធ្វើ​តេស្ដ​រក​កូវីដ ១៩ ក៏​នឹង​ធ្វើ​ឡើង​ ២ ដង​ដូចគ្នា តែ​ករណី​នេះ​គឺ​សម្រាប់​តែ​ភ្ញៀវ​ដែល​ចូល​ក្នុង​ប្រទេស​ថៃ​តាម​រយៈ​ការ​ហោះហើរ​ប៉ុណ្ណោះ។

ដោយឡែក​ ករណី​ចុងក្រោយ គឺ​ធ្វើ​ចត្តាឡឺស័ក​ពេញ ១៤ ​ថ្ងៃ​ សម្រាប់​ភ្ញៀវ​ទេសចរណ៍​ដែល​ធ្វើ​ដំណើរ​តាម​រយៈ​ផ្លូវគោក​ធម្មតា និង​គ្មាន​ប័ណ្ណ​បញ្ជាក់​ការ​ចាក់​វ៉ាក់សាំង ខណៈ​ការ​ធ្វើ​តេស្ដ​រក​កូវីដ ១៩ ក៏​នឹង​ត្រូវ​ធ្វើ​ឡើង ២ ដង​ដូច​នឹង ២ ករណី​ខាងលើ​ផង​ដែរ។

បញ្ជាក់​ដែរ​ថា គម្រោង​នេះ​គឺ​នឹង​អនុវត្ត​ទៅ​លើ​ភ្ញៀវ​ទេសចរណ៍​គ្រប់​ប្រទេស ស្របពេល​នាយក​គ្រប់គ្រង​មជ្ឈមណ្ឌល​ជំងឺឆ្លង Dr Opas Karnkawinpong អះអាង​ថា ការ​កាត់​បន្ថយ​រយៈពេល​ធ្វើ​ចត្តាឡឺស័ក​នេះ នឹង​មិន​បណ្ដាល​ឲ្យ​ស្ថានការណ៍​អាក្រក់​ឡើយ ព្រោះ​មើល​តំបន់​ Phuket Sandbox ជា​គំរូ​ស្រាប់ ដោយ​កំណើន​ការ​ឆ្លង​មិន​មាន​ភ្ញៀវ​ទេសចរណ៍​ទេ គឺ​មាន​តែ​ឆ្លង​ពី​ក្នុង​សហគមន៍​តែ​ប៉ុណ្ណោះ៕

ប្រភព: bangkokpost