បើយោងតាមរបាយការណ៍ថ្មីបំផុតបានទម្លាយឲ្យដឹងថា អ្នកស្រី Meng នឹងទទួលបានសេរីភាពពេញទី ហើយអាចវិលត្រឡប់ទៅកាន់មាតុភូមិវិញ ក្រោយបានយល់ព្រមលក្ខខណ្ឌមួយចំនួនជាមួយតុលាការនៅប្រទេសកាណាដា។
កូនស្រីស្ថាបនិកក្រុមហ៊ុន Huawei អ្នកស្រី Meng Wanzhou ដែលអាមេរិកចោទមានពាក់ព័ន្ធពីបទបំពានលើទណ្ឌកម្មលើប្រទេសអឺរ៉ង់ រហូតដល់មានការផ្ទុះជម្លោះរវាងមហាអំណាចចិននិងអាមេរិក។
“ជីវិតរបស់ខ្ញុំមានភាពរញ៉េរញ៉ៃ និងគួរឲ្យធុញទ្រាន់ខ្លាំងណាស់ តែគ្រប់ស្ថានការណ៍លំបាកគឺតែងមានពន្លឺនៃក្ដីសង្ឃឹមជានិច្ច។ ខ្ញុំនឹងមិនភ្លេចឡើយរាល់បំណងល្អៗ និងពាក្យជូនពរដែលមនុស្សគ្រប់គ្នាទូទាំងពិភពលោកបានផ្ញើមកកាន់ខ្ញុំ”។ អ្នកស្រី Meng ប្រាប់ទៅកាន់សារព័ត៌មាន មុនឡើងយន្តហោះ Air China ទៅកាន់ទីក្រុង Shenzhen។
សម្រាប់លក្ខខណ្ឌដែលអនុញ្ញាតឲ្យមានការដោះលែងអ្នកស្រី Meng គឺកំពុងស្ថិតនៅក្នុងការពិចារណាយ៉ាងតឹងសរសៃករវាងប្រទេសមហាអំណាចចិន និងសហរដ្ឋអាមេរិក។
ការចរចានៅតែបន្ត តែនៅថ្ងៃសុក្រក្រសួងយុត្តិធម៌អាមេរិកហៅកាត់ DOJ បានយល់ព្រមពន្យារពេលកាត់ទោសអ្នកស្រី Meng។នេះមានន័យថា DOJ នឹងមិនធ្វើអ្វីកូនស្រីស្ដេចត្រាញ់ Huawei ឡើយរហូតដល់ខែធ្នូ ២០២២ ប្រសិនបើលក្ខខណ្ឌនៃការដោះលែងអាចសម្រេចបាន ស្របពេលអ្នកស្រីអាចប្រព្រឹត្តិខ្ជាប់ខ្ជួនថែមទៀតនោះ សំណុំរឿងខាងលើនឹងលុបចោលជាមិនខាន។
បញ្ជាក់ដែរថា សហរដ្ឋអាមេរិកបានចោទប្រកាន់អ្នកស្រី Meng ថាជាមេខ្លោងនៃការបំភ័ន្តប្រតិបត្តិការធនាគារ HSBC រវាងក្រុមហ៊ុន Huawei និង Skycom ដែលបាននាំឲ្យធនាគារក្លាយជាឫសគល់នៃការបំពានទណ្ឌកម្មអាមេរិកប្រឆាំងនឹងអឺរ៉ង់។
តាំងពីពេលនោះអ្នកស្រី Meng ត្រូវបានឃ្លាំងមើល និងឃុំខ្លួននៅវីឡាក្នុងទីក្រុង Vancouver ប្រទេសកាណាដារយៈពេលជិត ៣ ឆ្នាំ រហូតដល់ថ្ងៃសុក្រកន្លងទៅនេះទើប DOJ សម្រេចប្រកាសបញ្ចប់ការឃុំខ្លួនអ្នកស្រី។
យ៉ាងណា រឿងនេះនៅមិនទាន់ដាច់ស្រេចឡើយ ដោយលក្ខខណ្ឌឲ្យមានការដោះលែង គឺតម្រូវឲ្យអ្នកស្រី Meng សារភាពទោសកំហុសដែលបានប្រព្រឹត្តខុសទៅកាន់ធនាគារ HSBC ហើយអ្នកស្រីត្រូវយល់ព្រមទទួលខុសត្រូវចំពោះគម្រោងការបន្លំស្ថាប័នហិរញ្ញវត្ថុពិភពលោកផងដែរ។ យ៉ាងណា DOJ ក៏មិនទាន់អស់ចិត្តដោយពួកគេបង្ហើបថា បានកំពុងរៀបចំឯកសារឡើងតុលាការជាមួយក្រុមហ៊ុនយក្ស Huawei ដែលគ្រប់គ្រងដោយឪពុកបង្កើតអ្នកស្រី Meng វិញម្ដង៕
ប្រភព: bbc