ក្នុងសតវត្សន៍ទី២១ នេះចំនួនមហាសេដ្ឋី មានការកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ ខណៈចំនួនកើនឥតឈប់នេះ ត្រូវបានគេមើលឃើញថាដោយសារតែភាពជោគជ័យនៅក្នុងមុខជំនួញ ហើយកសាងប្រាក់ចំណូលហូរចូលគ្រប់នាទី។
គេហទំព័រឧកញ៉ាញូស៍ សូមនាំលោកអ្នកមកដឹងពីរឿងពិតទាំង 7 យ៉ាង ដែលមិនធ្លាប់បានដឹងពីមហាសេដ្ឋីកំពូលៗនៅជុំវិញពិភពលោក តទៅ៖
១. មនុស្សចំនួន ៤៩៣ នាក់ បានក្លាយជាមហាសេដ្ឋីក្នុងមួយឆ្នាំៗ
ការរីករាលដាននៃជំងឺកូវីដ ១៩ បានធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងទៅលើផ្នែកសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ។ ប៉ុន្តែទោះជាយ៉ាងណាគេយល់ឃើញថាអ្នកមានគឺកាន់តែមានទៅ ហើយចំណែកឯអ្នកក្រវិញគឺកាន់តែក្រទៅៗ ។ ជាក់ស្តែងអ្វីដែលជាភស្តុតាងនោះ គឺថាមនុស្សប្រមាណ ៤៩៣ នាក់ ត្រូវបានដាក់បញ្ចូលទៅក្នុងបញ្ជីឈ្មោះមហាសេដ្ឋី របស់ Forbes ជារៀងរាល់ឆ្នាំ ហើយបើគិតជាមធ្យមមានមហាសេដ្ឋីថ្មីម្នាក់រៀងរាល់ ១៧ ម៉ោងម្តង។
២. ចិន និងហុងកុងបង្កើតមហាសេដ្ឋីថ្មីៗ ច្រើនជាងគេបំផុត
ក្នុងចំណោមមហាសេដ្ឋីថ្មីៗ នៅក្នុងបញ្ជីឈ្មោះរបស់ Forbes មាន ២១០ នាក់ កើតចេញពីប្រទេស ចិន និងហុងកុង ។ស្របពេល សហរដ្ឋអាមេរិកមានចំនួនមហាសេដ្ឋីថ្មីច្រើនបំផុតលំដាប់ទី ២ ដោយមានចំនួន ៩៨ នាក់។
៣. បច្ចុប្បន្ន មានមនុស្ស ១០ រូបហើយ ធ្លាប់មានទ្រព្យសម្បត្តិលើស ១០០ ពាន់លានដុល្លារ
កាលពីមុន លោក Jeff Bezos ស្ថាបនិកក្រុមហ៊ុនអាម៉ាហ្សូន គឺជាមនុស្សតែម្នាក់ប៉ុណ្ណោះ ដែលមានទ្រព្យសម្បត្តិសរុបច្រើនជាង ១០០ ពាន់លានដុល្លារអាមេរិក ។ តែក្នុងពេលបច្ចុប្បន្ននេះ មានមនុស្ស ៩ រូបផ្សេងទៀត ក៏បានចូលជាសមាជិកនេះផងដែរ ដោយក្នុងនោះមានដូចជា លោក Elon Musk, Bernard Arnault , Bill Gates , Larry Ellison , Steve Ballmer , Warren Buffett Sergey Brin , Larry Page និង Mark Zuc ។
៤. មហាសេដ្ឋី ១០៦ នាក់ មានអាយុតិចជាង ៤០ ឆ្នាំ
បច្ចុប្បន្នមានមហាសេដ្ឋីជាង ១០០ នាក់ ដែលមានអាយុខ្ទង់ ៣០ ឆ្នាំ ឬតិចជាងនេះប៉ុណ្ណោះ ។ ហើយភាគច្រើននៃមហាសេដ្ឋីក្មេងជាងគេនៅលើពិភពលោក គឺបង្កើតជំនួញដោយខ្លួនឯង។
៥. មហាសេដ្ឋីវ័យក្មេងបំផុតនៅលើលោក មានទ្រព្យ ៣,៣ ពាន់លានដុល្លារ
នៅអាយុ ១៨ ឆ្នាំ លោក Kevin David Lehmann ដែលជាជនជាតិអាឡឺម៉ង់ បានក្លាយជាមហាសេដ្ឋីក្មេងជាងគេនៅលើពិភពលោក។ នេះក៏ដោយសារ Lehmann បានទទួលភាគហ៊ុនទាំងស្រុងពីឪពុករបស់គេ ដែលជាស្ថាបនិករបស់ក្រុមហ៊ុន Dm-drogerie markt ។
៦. មហាសេដ្ឋីភាគច្រើន ផ្តើមចេញពីការរកស៊ីដោយបាតដៃទទេ
នៅក្នុងឆ្នាំ ២០០១ មហាសេដ្ឋីលើពិភពលោក មានតិចជាងពាក់កណ្តាល (៤៩%) ដែលផ្តើមចេញពីការរកស៊ីត្រឹមចំណុចសូន្យ ប៉ុន្តែរហូតដល់ឆ្នាំ ២០២១ នេះ ៧២% នៃមហាសេដ្ឋីលើពិភពលោកគឺផ្តើមចេញពីបាតដៃទទេរ ។
៧. មនុស្សយ៉ាងហោចណាស់ ៦១ នាក់ ត្រូវធ្លាក់ពីតំណែងមហាសេដ្ឋី
ក្នុងរយ:ពេលមួយឆ្នាំចុងក្រោយ នៅចន្លោះឆ្នាំ ២០២០ និង ២០២១ មានមនុស្សយ៉ាងហោចណាស់ ៦១ នាក់ ត្រូវជ្រុះចេញពីតំណែងជាមហាសេដ្ឋីរបស់ពួកគេ នេះបើតាមរបាយការណ៍ពី Forbes។ តែទោះជាយ៉ាងណានេះគឺជាចំនួនតិចតួចបំផុត នៃការបាត់បង់ឋានៈនេះ ក្នុងរយ:ពេលមួយទសវត្សរ៍ចុងក្រោយ ។
ប្រភព: Yahoo