ប្តឹង​ចូល​វេបសាយ​នេះ​ភ្លាម​ ​បើ​ទិញ​ទំនិញ​ពីអ្នក​លក់​តាម​អនឡាញ​ គ្មាន​គុណភាព​បោកប្រាស់​​អតិថិជន

សង្គម​ និង​សេដ្ឋកិច្ច

ក្រសួងពាណិជ្ជកម្ម ទើបតែដាក់ដំណើរការគេហទំព័ររបស់អគ្គនាយកដ្ឋាន ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ (ក.ប.ប) សម្រាប់ទទួលពាក្យបណ្តឹងពីអ្នកប្រើប្រាស់ តាមប្រព័ន្ធអនឡាញ ប្រសិនទិញបានទំនិញ ឬផលិតផលណាខូចគុណភាព។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

គេហទំព័រថ្មីនេះមានឈ្មោះ www.ccfdg.gov.kh  ដែលទទួលបានការឧបត្ថម្ភគាំទ្រ ពីទីភ្នាក់ងារកិច្ចសហប្រតិបត្តិការអាល្លឺម៉ង់ (GIZ) មានលក្ខណៈពិសេសមួយចំនួនដូចខាងក្រោម៖

១៖ អ្នកប្រើប្រាស់អាចដាក់ពាក្យបណ្ដឹង តាមរយៈគេហទំព័រនេះ ព្រមទាំងអាចភ្ជាប់នូវឯកសារ យោងពាក់ព័ន្ធផ្សេងៗ ដែលមានលក្ខណៈងាយស្រួល និងចំណេញពេលវេលា ក្នុងការស្វែងរកដំណោះស្រាយ និងការទាមទារសំណងនានា។

២៖ អ្នកប្រើប្រាស់ ធុរជន និងសាធារណជនអាចទទួលព័ត៌មាន អំពីផលិតផលទំនិញ ដែលខូចគុណភាព ឬមិនមានសុវត្ថិភាពទាន់ពេលវេលាតាមរយៈគេហទំព័រនេះ និងអាចជៀសផុតពីផលប៉ះពាល់នានា ពីការប្រើប្រាស់នូវផលិតផលទាំងនោះ។

៣៖ រាល់ឯកសារច្បាប់ បទប្បញ្ញត្តិបច្ចេកទេស និងឯកសារផ្សេងៗ ពាក់ព័ន្ធដល់ការអនុវត្តតួនាទី និងភារកិច្ចរបស់អគ្គនាយកដ្ឋាន ក.ប.ប. ត្រូវបានផ្ទុកនៅក្នុងគេហទំព័រនេះ និងអាចទាញយកមកប្រើប្រាស់បាន។

ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងជាប្រធានគណៈកម្មាធិការជាតិការពារអ្នកប្រើប្រាស់ «គ.ជ.ក.ប.» បានលើកទឹកចិត្ត ដល់អ្នកប្រើប្រាស់ ធ្វើសេចក្តីរាយការណ៍ ពីធុរជនទាំងឡាយណា ដែលប្រព្រឹត្តសកម្មភាព មិនសុចរិតក្នុងធុរកិច្ច មកកាន់ក្រសួងពាណិជ្ជកម្ម ឬគណៈកម្មាធិការជាតិ ការពារអ្នកប្រើប្រាស់ តាមរយៈអគ្គនាយកដ្ឋាន ក.ប.ប ដើម្បីស្វែងរកដំណោះស្រាយបញ្ហារួមគ្នា ឲ្យបានទាន់ពេលវេលា។

លោក ផាន អូន ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋាន ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង​បាន​ឲ្យ​ដឹង​ថា ក្រសួងពាណិជ្ជកម្មដែលមានអគ្គនាយកដ្ឋាន ក.ប.ប. ជាសេនាធិការ បានដើរតួនាទីសំខាន់ ក្នុងការអនុវត្តច្បាប់នេះ ឲ្យមានប្រសិទ្ធភាព ក្នុងគោលបំណងដើម្បីធានា ឲ្យមានកិច្ចការពារអ្នកប្រើប្រាស់ និងចូលរួមលើកកម្ពស់ការប្រកួតប្រជែងប្រកបដោយភាពសុចរិត។

អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា បានសម្តែងការគាំទ្រ ចំពោះច្បាប់ ស្តីពីការការពារអ្នកប្រើប្រាស់។ អ្នកឧកញ៉ាលើកឡើងថា ច្បាប់នេះនឹងជួយបញ្ជ្រាបការយល់ដឹង និងការពារដល់ធុរជន អ្នកប្រើប្រាស់ ក្នុងប្រទេសកម្ពុជា កំឡុងពេលប្រទេសកម្ពុជា នឹងធ្វើជាប្រធានអាស៊ាននៅឆ្នាំក្រោយ៕