អ្នកឧកញ៉ា គិត ម៉េង ជ្រើសរើសនិស្សិត ១០ នាក់ឲ្យសិក្សាជំនាញសរសេរកូដ និងប្រព័ន្ធឌីជីថល នៅក្រុមហ៊ុន សែលកាត

ជុំវិញ​ឧកញ៉ា

អ្នកឧកញ៉ា គិត ម៉េង អគ្គនាយកក្រុមហ៊ុន រ៉ូលយ៉ាល់គ្រុប ផ្តល់អាហារូបករណ៍ដល់និស្សិតចំនួន ១០នាក់ ក្នុងការសិក្សាជំនាញសរសេរកូដ និងប្រព័ន្ធឌីជីថល ដើម្បីស្របតាមចក្ខុវិស័យរយៈពេល១៥ឆ្នាំដែលដាក់ចេញដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នូវគោលការណ៍សំខាន់បីត្រូវបានដាក់ចេញនៅក្នុងគោលនយោបាយសេដ្ឋកិច្ចនិងសង្គមឌីជីថលកម្ពុជា ដែលរួមមាន ការកសាងមូលដ្ឋានគ្រឹះឌីជីថល ការចាប់យកឌីជីថល និងការធ្វើបរិវត្តកម្មឌីជីថល។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

អនុលោមតាមគោលនយោបាយនេះ ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប បានដាក់បញ្ចូលបេសកកម្មពាក់ព័ន្ធដល់ការលើកស្ទួយប្រព័ន្ធឌីជីថល ដើម្បីគាំទ្រសហគមន៍របស់យើងក្នុងការកសាងការរស់នៅប្រកបដោយនិរន្តរភាពនៅកម្ពុជា។ ក្រុមហ៊ុន សែលកាត ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ រ៉ូយ៉ាល់គ្រុប បានផ្តល់អាហារូបករណ៍ផ្នែកសរសេរកូដ និងសិក្សាប្រព័ន្ធឌីជីថលដល់និស្សិតដែលមានសមត្ថភាពខ្ពស់។

នាពេលថ្មីៗនេះ បន្ទាប់ពីដំណើរការជ្រើសរើសយ៉ាងយកចិត្តទុកដាក់ សិស្សដែលមានទេពកោសល្យចំនួន១០រូប ត្រូវបានជ្រើសរើសក្នុងចំណោមបេក្ខជនដាក់ពាក្យចំនួន៤០០នាក់។ និស្សិតដែលត្រូវបានជ្រើសរើសត្រូវបានវាយតម្លៃដោយផ្អែកលើចំណាប់អារម្មណ៍ ការយល់ដឹង ចំណេះដឹង និងការប្តេជ្ញាចិត្តរបស់បេក្ខជនម្នាក់ៗតាមរយៈការសម្ភាសជាបន្តបន្ទាប់។

និស្សិតជំនាន់ទី១ គឺជ្រើសរើសយកយុវជនដែលមានសក្តានុពលខ្ពស់ អាយុ១៨-២៦ឆ្នាំ មកពីរាជធានីភ្នំពេញ ខេត្តកំពង់ចាម បាត់ដំបង ពោធិ៍សាត់ កំពង់ស្ពឺ កំពត និងតាកែវ។

បើតាមការបញ្ជាក់របស់អ្នកឧកញ៉ា គិត ម៉េង គំនិតផ្តួចផ្តើមនេះនឹងបន្តបង្កើតផលវិជ្ជមានដល់សង្គម ដោយភ្ជាប់ក្រុមហ៊ុនសាជីវកម្មនិងសហគមន៍ឆ្ពោះទៅរកគោលដៅរួមមួយ ស្របពេលនៃការផ្តល់អាទិភាពដល់អ្នកមានទេពកោសល្យផ្នែកបច្ចេកវិទ្យា និងការច្នៃប្រឌិតនាៗបន្ថែមទៀត។

អាហារូបករណ៍នេះក៏នឹងជួយសិស្សដែលមានសក្តានុពលខ្ពស់ជាមួយនឹងជំនាញឌីជីថល ដែលផ្តល់ការកសាងមូលដ្ឋានគ្រឹះឌីជីថល និងការចាប់យកឌីជីថល ដើម្បីពន្លឿនការធ្វើបរិវត្តកម្មឌីជីថលនៅក្នុងសហគមន៍របស់យើងឱ្យសម្រេចបានត្រឹមឆ្នាំ២០៣៥៕