ខេត្តព្រះសីហនុមាន ៤ ចំណុច​មាន​ប្រៀប​យក​ឈ្នះ​ដាច់​ខេត្ត​ផ្សេង​ទៀត ​លើការ​វិនិយោគ

សង្គម​ និង​សេដ្ឋកិច្ច

ខេត្តព្រះសីហនុ ត្រូវបានកំណត់ជា​ខេត្ត​គោលដៅសេដ្ឋកិច្ចគំរូពហុបំណង តាមគោលនយោបាយអភិវឌ្ឍឧស្សាហកម្មឆ្នាំ២០១០-​២០២៥​។ ខេត្ត​ជាប់​សមុទ្រ​នេះ​ មាន​ចំណុច​ពិសេស​ជាច្រើន​សម្រាប់​ទាក់ទាញការ​វិនិយោគ ក្រៅ​ពីសក្តានុពលទេសចរណ៍​ដែលមាន​ឆ្នេរ​ កោះ​ដ៏​ស្រស់ស្អាត។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក ម៉ាង ស៊ីណេត​អភិបាលរងខេត្តព្រះសីហនុមានប្រសាសន៍​ថា ​ខេត្តព្រះសីហនុមានសក្តានុពល​ជាច្រើន ក្នុងការទាក់ទាញការ​វិនិយោគ។

លោក​អភិបាល​រង​បានលើក​យក​ចំណុចយុទ្ធសាស្រ្ត​ដែល​ខេត្ត​ជាប់​ឆ្នេរ​សមុទ្រ​នេះ​ មាន​ប្រៀប​សម្រាប់​ការ​វិនិយោគ​ ដោយ​​លើក​យក ៤ ចំណុច​។

-ខេត្តព្រះសីហនុមានសក្តានុពល ដោយ​មានកំពង់ផែអន្តរជាតិទឹកជ្រៅ ដែល​នឹង​ត្រូវបានធ្វើការអភិវឌ្ឍជាបន្តបន្ទាប់ដល់ឆ្នាំ ២០២៥ អាចឱ្យនាវាចូលចតបាន ៩២ភាគរយ នៃនាវាចរណ៍លើពិភពលោក។

-ខេត្តមានព្រលានយន្តហោះអន្តរជាតិ ដែល​មានផ្លូវរត់ប្រវែង ៣,២០០ម៉ែត្រ វែងជាងគេក្នុងប្រទេសកម្ពុជា អាចឱ្យយន្តហោះធុនធំចុះចតបាន។

-ខេត្តមានផ្លូវដែកតភ្ជាប់ពីរាជធានីភ្នំពេញមកខេត្តព្រះសីហនុសម្រួល​ការ​ដឹកជញ្ជូន​បាន​ងាយស្រួល ក្រៅ​ពីផ្លូវជាតិដែលមាន​ស្រាប់​​។

-ផ្លូវល្បឿនលឿន​ពីភ្នំពេញមកកាន់ខេត្តព្រះសីហនុ អាចដាក់ឱ្យដំណើរការនៅចុងឆ្នាំ ២០២២ខាងមុខ ដែលនឹង​រុញកំណើន​ការវិនយោគ និង​ការ​ធ្វើដំណើរ​របស់​ភ្ញៀវ​ទេសចរណ៍។

គួរ​បញ្ជាក់​ថា ខេត្តព្រះសីហនុ ត្រូវបានរដ្ឋាភិបាល​កំណត់គោលដៅសេដ្ឋកិច្ចគំរូពហុបំណង ស្របតាមគោលនយោបាយអភិវឌ្ឍឧស្សាហកម្មឆ្នាំ២០១០-២០២៥។ ផ្អែកលើសកម្មភាពដ៏វិសេសវិសាលនៃធនធានសេដ្ឋកិច្ច និងធនធានធម្មជាតិរួមមានកំពង់ផែអន្តរជាតិ ឆ្នេរនិងកោះដ៏ស្រស់ស្អាត ក្នុងការទាក់ទាញភ្ញៀវទេសចរ និងវិនិយោគ។

នៅខែវិច្ឆិកាខាងមុខ រាជរដ្ឋាភិបាលគ្រោងនឹងបើកទេសចរក្នុងស្រុក និងឈានទៅបើកទេសចរអាស៊ាន និងទេសចរអឺរ៉ុបឡើងវិញ ដែលនឹង​រុញ​ឲ្យ​មានការ​កើន​ឡើង​ការវិនិយោគ​ និង​ហូរ​ចូល​​ទុនពីដៃគូអភិវឌ្ឍ។ មុន​ផ្ទុះកូវីដ ខេត្តព្រះសីហនុ​ដែល​គែ​ប្រដូចទៅទីក្រុង​ម៉ាកាវ​របស់ចិន​នេះ ​មាន​ភ្ញៀវ​ទេសចរប្រមាណ ២លាននាក់ ម​ក​កម្សាន្ត​ជារៀងរាល់ឆ្នាំ៕