ថៃដាក់គោលដៅទាញយកភ្ញៀវទេសចរឥណ្ឌាមកលេងកម្សាន្តក្នុងប្រទេសខ្លួន នៅខែក្រោយនេះ

អន្តរជាតិ

ប្រទេសថៃ កំពុងតែត្រៀមខ្លួនដើម្បីទាក់ទាញភ្ញៀវទេសចរឥណ្ឌាឲ្យមកលេងកម្សាន្តនៅក្នុងប្រទេសរបស់ខ្លួន អំឡុងពេលឈប់សម្រាក បុណ្យប្រពៃណី ដើម្បីលើកស្ទួយសេដ្ឋកិច្ចជាតិឡើងវិញ ក្រោយពេលវិស័យទេសចរណ៍របស់ខ្លួន ត្រូវបានរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដោយសារអវត្តមានភ្ញៀវទេសចរពីបណ្តាប្រទេសជាច្រើន រួមទាំងចិនផងដែរ ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជាក់ស្តែង លោកស្រី Somsong Sachaphimukh អនុប្រធានក្រុមប្រឹក្សាទេសចរណ៍របស់ថៃ បាននិយាយថាឧស្សាហកម្មទេសចរណ៍ក្នុងប្រទេសរបស់ខ្លួន រំពឹងថាអាចទទួល ការមកលេងកម្សាន្តពីប្រជាជនឥណ្ឌាដ៏ច្រើន នៅខែក្រោយនេះ ជាពិសេសនៅពេលពួកគេឈប់សម្រាក ក្នុងអំឡុងពិធីបុណ្យ Diwali ដែលជាពិធីបុណ្យសាសនាដ៏ធំរបស់ហិណ្ឌូ ។

លោកស្រីបាននិយាយទៀតថា វាគួរតែជាឱកាសដ៏ល្អ ដើម្បីអាចជំរុញឲ្យវិស័យទេសចរណ៍របស់ថៃមានភាពរស់រវើកឡើងវិញ ស្របពេលរដ្ឋាភិបាល បានលើកលែងចំពោះការធ្វើចត្តាឡីស័ក​​ទៅលើភ្ញៀវទេសចរ ដែលបានចាក់វ៉ាក់សាំងរួច ចាប់ពីថ្ងៃទី ១ ខែវិច្ឆិកាទៅ ។

មិនតែប៉ុណ្ណោះ ជាមួយនឹងការធ្វើដំណើរទៅកម្សាន្តនៅក្រៅប្រទេសរបស់ប្រជាជនចិន ត្រូវបានគេរំពឹងថានឹងមិនអាចកើតមានឡើងវិញក្នុងពេលឆាប់ៗនោះទេ ដូច្នេះហើយទើបថៃ កំពុងត្រៀមខ្លួនងាកទៅរកភ្ញៀវទេសចរមកពីប្រទេសផ្សេងវិញ ដើម្បីទាញយកអត្ថប្រយោជន៍ ពីច្បាប់បន្ធូរបន្ថយសម្រាប់ភ្ញៀវទេសចរក្រៅប្រទេស ។

ជាមួយគ្នានេះ លោកស្រី Somsong និយាយថាប្រជាជនឥណ្ឌា ដែលជាភ្ញៀវទេសចរមកលេងកម្សាន្តនៅប្រទេសថៃច្រើនជាងគេលំដាប់ទី ៣ នៅមុនពេលមានកូវីដ ១៩ អាចនឹងវិលត្រលប់មកដើរលេងកម្សាន្តទៅកាន់តំបន់ឆ្នេរសមុទ្រថៃម្តងទៀត សម្រាប់ថ្ងៃឈប់សម្រាករបស់ពួកគេ ក៏ដូចជាមកធ្វើការងារ ឬមកធ្វើពិធីមង្គលការជាដើម ។

លើសពីនេះលោកស្រីបន្តទៀតថា ភ្ញៀវទេសចរឥណ្ឌា អាចចំណាយប្រាក់ចន្លោះពី ២៧ ០០០ បាន ទៅ ៧៦ ០០០ បាតក្នុងអំឡុងពេលធ្វើដំណើរកម្សាន្តក្នុងប្រទេសថៃ ហើយចំណែកឯពិធីមង្គលការនីមួយៗ អាចបង្កើតប្រាក់ចំណូលពី ១០ លានបាត ទៅ ១២០ លានបាត សម្រាប់វិស័យសណ្ឋាគារ និងសេវាកម្ម ។

បន្ថែមពីនេះ ទិន្នន័យផ្លូវការមួយ បានឲ្យដឹងថាភ្ញៀវទេសចរឥណ្ឌាជិត ២ លាននាក់ បានមកដើរលេងកម្សាន្តនៅប្រទេសថៃ ក្នុងឆ្នាំ ២០១៩ ដែលបង្កើតប្រាក់ចំណូលបានប្រមាណ ៨០ ពាន់លានបាត ទាក់ទងនឹងវិស័យទេសចរណ៍។ ពួកគេគឺជាក្រុមភ្ញៀវទេសចរធំបំផុតរបស់ថៃ បន្ទាប់ពីចិន និងម៉ាឡេស៊ី នៅក្នុងឆ្នាំនោះ ដែលប្រទេសនេះបានទទួលភ្ញៀវទេសចរមកលេង ជិត ៤០ លាននាក់ ៕

ប្រភព: Straitstimes