អ្នកឧកញ៉ា ចេន ហ្ស៊ី ជាទីប្រឹក្សាសម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្រ្តី និងប្រធានសម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ គ្រុប នៅថ្ងៃទី៣០ ខែកញ្ញា ម្សិលមិញ បានបរិច្ចាគទឹកប្រាក់ចំនួន ១លានដុល្លាអាមេរិក ជូនដល់រដ្ឋាភិបាលឡាវ ក្នុងការឆ្លើយតបទៅនឹងការអំពាវនាវរបស់អាជ្ញាធរកម្ពុជាក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយប្រទេសឡាវដើម្បីប្រយុទ្ធប្រឆាំងនឹងជម្ងឺរាតត្បាត។
អ្នកឧកញ៉ា ចេន ហ្ស៊ី មានប្រសាសន៍ថា ការបរិច្ចាគនេះគឺក្នុងគោលបំណងមនុស្សធម៌ និងដើម្បីឆ្លើយតបទៅនឹងការអំពាវនាវរបស់ សម្តេចតេជោ នាយករដ្ឋមន្រ្តី ក្នុងការផ្តល់ជំនួយ និងការគាំទ្រយ៉ាងសកម្មជូនដល់ប្រទេសឡាវ។ ដោយសារកម្ពុជាតែងតែជាមិត្តដ៏ល្អរបស់ប្រទេសជិតខាង ដូច្នេះយើងទាំងអស់គ្នាគួរតែរួបរួម និងជួយគ្នាទៅវិញទៅមកក្នុងការប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវីដដ៏កាចសាហាវនេះ។
នៅក្នុងយុគសម័យមួយដែលពហុក្រុមហ៊ុននានាកំពុងបំពេញនូវទំនួលខុសត្រូវរបស់ខ្លួនចំពោះសង្គម អ្នកឧកញ៉ា ចេន ហ្ស៊ី និងក្រុមការងារនៃថ្នាក់ដឹកនាំរបស់លោកនៅក្នុងសម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ គ្រុប បានខិតខំធ្វើការដោយមិនគិតពីភាពនឿយហត់ដើម្បីជាកម្លាំងជម្រុញឱ្យប្រទេសកម្ពុជាមានស្ថានភាពល្អប្រសើរ និងជាផ្នែកមួយនៃការគាំទ្រប្រទេសដើម្បីយកឈ្នះជម្ងឺរាតត្បាតដ៏កាចសាហាវនេះ៕