ព្រឹត្តិការណ៍​អូឡាំពិកនៅចិន ​មិន​អនុញ្ញាត​ឲ្យ​​​ភ្ញៀវ​បរទេស​ចូល​ទស្សនា​ទេ

អន្តរជាតិ

ព្រឹត្តិការណ៍ Oympics រដូវ​រងា ដែល​នឹង​ធ្វើឡើង​នៅ​ទីក្រុង​ប៉េកាំង​ប្រទេស​ចិន​នា​ឆ្នាំ​ក្រោយ នឹង​មិន​អនុញ្ញាត​ឲ្យ​មាន​អ្នក​ចូលរួម​ទស្សនា​មក​ពី​ក្រៅ​ប្រទេស​ជា​ដាច់​ខាត ពោល​គឺ​សំបុត្រ​ចូល​ទស្សនា​គឺ​នឹង​ដាក់​លក់​តែ​ចំពោះ​ប្រជាជន​នៅ​ក្នុង​ប្រទេស​ចិន​តែ​ប៉ុណ្ណោះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បើ​យោង​តាម​គណៈកម្មការ​គ្រប់គ្រង​ផ្នែក​រៀបចំ​កម្មវិធី International Olympic បាន​និយាយ​កាល​ពី​ថ្ងៃ​ពុធ​ថា មូលហេតុ​ដែល​សម្រេច​មិន​ឲ្យ​ជនជាតិ​បរទេស​មក​ពី​ក្រៅ​តំបន់​ចូល​រួម គឺ​ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​វីរុស COVID-19។

ប្រភព​ដដែល​បន្ថែម​ថា រាល់​បេក្ខភាព​ចូលរួម​ប្រកួត​ដែល​បាន​ចាក់​វ៉ាក់សាំង​រួចរាល់ នឹង​មិន​ចាំបាច់​ធ្វើ​ចត្តាឡឺស័ក​ ២១ ថ្ងៃ​ឡើយ ស្របពេល​បេក្ខភាព​ដែល​មិន​ទាន់​ចាក់ និង​មាន​លិខិត​ស្នើសុំ​មិន​ធ្វើ​ចត្តាឡឺស័ក នឹង​ត្រូវ​ធ្វើការ​សម្រេច​តាម​ក្រោយ។

ដោយឡែក​ សម្រាប់​តំបន់​ប្រកួត​វិញ​គឺ​ នឹង​ត្រូវ​ដាក់​ខ័ណ្ឌ​ដាច់​ពី​គ្នា ហើយ​នេះ​គឺ​ជា​ការ​សម្រេច​ចិត្ត​ពី IOC ខណៈ​ម្ចាស់ផ្ទះ​ភាគី​ចិន​ជា​អ្នក​រៀបចំ និង​គ្រោង​សម្ពោធ​គម្រោង​នេះ​នៅ​ខែ​តុលា ដើម្បី​ជៀសវាង​ និង​ការពារ​ពី​ការប្រកួត​អន្តរជាតិ​ទៅ​ជា​ប្រភព​ចម្លង​មេរោគ។

ករណី​នេះ​ផង​ដែរ គឺ​បាន​កើតឡើង​រួច​ហើយ​សម្រាប់​ព្រឹត្តិការណ៍ Tokyo 2020 Games ដែល​បាន​ពន្យារ​ពេល ១ ឆ្នាំ ដោយ​សារ​បញ្ហា​រាតត្បាត​ជំងឺ​ COVID-19 ទូទាំង​ពិភពលោក ខណៈ​កន្លង​ទៅ​ការ​ប្រកួត​នៅ​ទីក្រុង​តូក្យូ​គឺ​ហាម​មិន​ឲ្យ​មាន​អ្នក​ចូល​ទស្សនា​ស្ទើរ​គ្រប់​ការ​ប្រកួត​តែ​ម្ដង។

ងាក​មក​មើល​ការ​រៀបចំ​នៅ​ទីក្រុង​ប៉េកាំង​ម្ដង គឺ​រាល់​ការ​ប្រកួត​ទាំង​ក្នុងស្រុក និង​អន្តរជាតិ គ្រប់​បេក្ខភាព​ និង​បុគ្គលិក​នានា​នៅ​ក្នុង​តំបន់​ប្រកួត​ គឺ​ត្រូវ​តម្រូវ​ឲ្យ​ធ្វើ​តេស្ដ​រក COVID-19 ជា​រៀងរាល់​ថ្ងៃ ខណៈ​កាល​វិភាគ​ព្រឹត្តិការណ៍ 2022 Beijing Olympics នឹង​ធ្វើ​ឡើង​ចន្លោះ​ថ្ងៃទី ០៤ ដល់​ ២០ កុម្ភៈ​ខាង​មុខ៕

ប្រភព: bangkokpost