តម្លៃលុយក្យាតរបស់មីយ៉ាន់ម៉ា ធ្លាក់ចុះមិនគួរឲ្យជឿ ចាប់តាំងពីមានរដ្ឋប្រហារនៅក្នុងប្រទេស

អន្តរជាតិ

រូបិយប័ណ្ណរបស់ប្រទេសមីយ៉ាន់ម៉ា ដែលត្រូវស្គាល់ថាជាលុយក្យាត បានធ្លាក់តម្លៃប្រមាណជាង ៦០% ចាប់តាំងពីដើមខែកញ្ញាមក ដែលនេះបានជំរុញឲ្យតម្លៃម្ហូបអាហារ និងប្រេងសាំងមានការឡើងថ្លៃខ្ពស់ ខណ:សេដ្ឋកិច្ចរបស់ប្រទេសមួយនេះ កំពុងស្ថិតនៅក្នុងភាពដុនដាបខ្លាំង ចាប់តាំងពីមានរដ្ឋប្រហារយោធាកាលពី ៨ ខែមុន ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យ៉ាងណា នៅក្នុងខែសីហា ធនាគារកណ្តាលរបស់មីយ៉ាន់ម៉ា បានព្យាយាមតម្លើងតម្លៃប្រាក់ក្យាត ០,៨% សម្រាប់អត្រាប្តូរជាមួយប្រាក់ដុល្លារ ប៉ុន្តែត្រូវបានបោះបង់ចោលវិញ នៅថ្ងៃទី ១០ ខែកញ្ញា ដោយសារសម្ពាធលើអត្រាប្តូរប្រាក់កើនឡើង។

មិនតែប៉ុណ្ណោះ កង្វះប្រាក់ដុល្លារនៅក្នុងប្រទេសនេះ បានក្លាយជារឿងដ៏អាក្រក់ខ្លាំង ដែលធ្វើឲ្យអ្នកប្តូរប្រាក់មួយចំនួន ត្រូវបង្ខំចិត្តបិទអាជីវកម្មរបស់ពួកគេតែម្តង ។

លើសពីនេះ អ្នកប្តូរប្រាក់មួយរូប បាននិយាយនៅលើបណ្តាញសង្គមហ្វេសប៊ុកថា ៖” ដោយសាតែអស្ថិរភាពតម្លៃរូបិយប័ណ្ណនៅក្នុងពេលនេះ គ្រប់សាខាសេវាកម្មប្តូរប្រាក់របស់ Northern Breeze Exchange Service ទាំងអស់ ត្រូវបិទទ្វារជាបណ្តោះអាសន្ន ” ។

យ៉ាងណាចំពោះ អ្នកប្តូរប្រាក់ដែលនៅតែបន្តបើកដំណើរការអាជីវកម្ម បានដាក់អត្រាប្តូរប្រាក់ប្រមាណ ២ ៧០០ ក្យាត ក្នុងមួយដុល្លារអាមេរិក កាលពីថ្ងៃអង្គារ បើធៀបទៅនឹងអត្រាប្តូរប្រាក់ ១ ៦៩៥ ក្យាត នៅថ្ងៃទី ១ ខែកញ្ញា និង ១ ៣៩៥ នៅថ្ងៃទី ១ ខែកុម្ភ: នៅពេលដែលយោធាបានផ្តួលរំលំរដ្ឋាភិបាលកាន់អំណាច ដែលដឹកនាំដោយលោកស្រី អ៊ុងសានស៊ូជី ៕

ប្រភព: Channelnewsasia