ពិព័រណ៍ពិភពលោក២០២០ ឌុយបៃ គឺជាព្រឹត្តិការណ៍កម្រិតពិភពលោកលើកដំបូង ដែលរៀបចំទ្បើងនៅតំបន់មជ្ឈឹមបូព៌ា និងអាហ្រិ្វកខាងជើង (MENA) មានរយៈ ៦ ខែ ដោយគិតចាប់ពីថ្ងៃទី០១ ខែតុលា ឆ្នាំ២០២១ ដល់ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២ ស្មើនឹង ១៨២ ថ្ងៃ។
ប្រធានបទនៃពិព័រណ៍នេះ គឺ៖ ភ្ជាប់ចិត្ត បង្កើតអនាគត (Connecting Minds, Creating the Future) និងមានប្រធានបទរងចំនួន ៣ គឺ៖ កាលានុវត្តភាព, វឌ្ឍនភាព និរន្តរភាព។ តាមការរំពឹងទុក ពិព័រណ៍នេះនឹងទាក់ទាញភ្ញៀវចូលទស្សនាចំនួន ២៥ លាននាក់ ក្នុងនោះ ៧០% ជាភ្ញៀវមកពីបរទេស ។
ការសម្ភោធពិព័រណ៍ពិភពលោកឌុយបៃ ២០២០ នេះត្រូវបានចូលរួមពីព្រះអង្គម្ចាស់ ហ្សែគ មូហាម៉េត ប៊ីន រ៉ាស៊ីត អាល ម៉ាកតុម អនុប្រធានាធិបតី ជានាយករដ្ឋមន្រ្តី នៃសហភាព អារ៉ាប់រួម និងជាអ្នកគ្រប់គ្រងទីក្រុងឌុយបៃ ដោយមានការចូលរួមពីបណ្ដាប្រទេស និងអង្គការអន្តរជាតិធំៗ ចំនួន ១៩២ រួមទាំងកម្ពុជាផងដែរ។
សូមបញ្ជាក់ថា តាមកាលបរិច្ឆេទរបស់គណៈកម្មការរៀបចំពិព័រណ៍ ពិព័រណ៍ពិភពលោកឌុយបៃ ២០២០ គ្រោងសម្ពោធនៅដើមខែតុលា ឆ្នាំ២០២០ កន្លងទៅ ប៉ុន្តែត្រូវបានពន្យារពេល ១ ឆ្នាំ ដោយសាររងផលប៉ះពាល់នៃជំងឺកូវីដ-១៩៕