ភ្នំពេញ ៖ នៅក្នុងដំណើរទស្សនកិច្ច និងស្វែងយល់ពីឱកាសវិនិយោគនៅកម្ពុជាទៅលើវិស័យជាច្រើននោះ ក្រុមហ៊ុនចិនធំៗដែលស្ថិតនៅក្នុងសមាគមស្រាវជ្រាវសុខភាពនៃសាធារណរដ្ឋប្រជាមានិតចិន បានបង្ហាញពីចំណាប់អារម្មណ៍ក្នុងការចង់ចូលមកបណ្តាក់ទុនវិនិយោគនៅកម្ពុជាទៅលើការដាំដុះដំណាំ និងរុក្ខជាតិសំខាន់ៗមួយចំនួនដែលជាប្រភពវត្ថុធាតុដើមសម្រាប់ផលិតជាឱសថ ។
នៅក្នុងកិច្ចជំនួបជាផ្លូវការនៅទីស្ដីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីថ្ងៃទី ២៧ ខែឧសភា ម្សិលមិញនេះ លោក Gan Ju sheng អគ្គលេខាធិការសមាគមស្រាវជ្រាវសុខភាពនៃសាធារណរដ្ឋប្រជាមានិតចិន ដែលបានដឹកនាំសហការីដែលក្រុមហ៊ុនធំៗប្រចាំនៅប្រទេសចិនបានថ្លែងប្រាប់ពីគោលបំណងរបស់ខ្លួនថា ពេលនេះបណ្តាក្រុមហ៊ុនចិនធំៗដែលស្ថិតនៅក្នុងវិស័យពាក់ព័ន្ធកំពុងតែសំលៀងចិត្តចង់មកវិនិយោគនៅកម្ពុជា។ លោកបានថ្លែងប្រាប់ឱ្យដឹងទៀតថា ជាមួយនឹងដំណើរទស្សនកិច្ចពេលនេះ ក្រៅពីចង់រឹតបណ្តឹងនូវកិច្ចទំនាក់ទំនងរវាងប្រទេសទាំង២នោះ គឺសិក្សារស្វែងយល់អំពីសក្ដានុពល លទ្ធភាព និងការវិនិយោគ ធ្វើជំនួញ និងផ្លាស់ប្ដូរសកម្មភាពផ្សេងៗទាក់ទងនឹងវិស័យកសិកម្ម សុខភាព ពាណិជ្ជកម្ម និងជាពិសេសលើការសិក្សាក្នុងការដាំដុះដំណាំដែលជាវត្ថុធាតុដើមសម្រាប់ការកែច្នៃ និងផលិតជាឱសថនៅកម្ពុជា។
រដ្ឋមន្ត្រីក្រសួង កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក វេង សុខុន បានសាទរ និងគាំទ្រចំពោះគោលបំណងខាងលើនេះ ជាមួយនឹងការជំរុញឱ្យមកធ្វើការវិនិយោគឱ្យបានឆាប់ ដើម្បីទទួលបានឱកាសល្អ និងជោគជ័យ។ ជាមួយគ្នានេះ លោករដ្ឋមន្ត្រីក៏បានមានប្រសាសន៍ទាញអារម្មណ៍គណៈប្រតិភូឲ្យពិចារណាធ្វើការវិនិយោគលើការចិញ្ចឹមសត្វ ចំណីសត្វ ដាំឈើឧស្សាហកម្ម និងដំណាំសំខាន់ៗមួយចំនួនទៀតដូចជា ពោត ដំឡូងមី មៀន ដែលកំពុងមានសក្ដានុពលក្នុងការនាំចេញផ្ដោតលើការដាំដុះ កែច្នៃ វេចខ្ចប់ និងនាំចេញ ឆ្លើយតបតាមស្ដង់ដារគុណភាព អនាម័យ ដែលស្របទៅតាមតម្រូវការទីផ្សារប្រទេសចិន។
គួរបញ្ជាក់ផងដែរថា បច្ចុប្បន្ននេះក្រុមហ៊ុនចិនធំៗជាច្រើន បាន និងកំពុងតែសម្រុកចូលមកវិនិយោគនៅកម្ពុជាស្ទើរគ្រប់វិស័យ ជាពិសេសការបណ្តាក់ទុនលើវិស័យអចលនទ្រព្យ និងសំណង់តែម្ដង។ ក្រៅពីនោះក៏មានវិស័យទេសចរណ៍ និងវិស័យកសិកម្មផងដែរ ដែលជាកក្តាមួយជួយជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាឱ្យកាន់តែល្អប្រសើរ៕