កាលពីពេលថ្មីៗនេះ រដ្ឋាភិបាលប្រទេសវៀតណាមបានប្រកាសពីគម្រោងថ្មី ដោយចង់ពង្រឹងវិស័យពាណិជ្ជកម្មអន្តរជាតិទៅកាន់ប្រទេសនៅតំបន់អឺរ៉ុប ដែលនោះគឺនឹងសាងសង់កំពង់ផែជាច្រើនកន្លែង ជាមួយថវិកាសាងសង់ប្រមាណ ១៣,៧ ពាន់លានដុល្លារឯណោះ។
គម្រោងនោះនឹងមានការសាងសង់កំពង់ផែធំ ២ នៅតំបន់ Nam Do Son ភាគខាងជើងនៃទីក្រុង Hai Phong និងមួយទៀតនៅតំបន់ Cai Mep ភាគខាងត្បូងនៃខេត្ត Ba Ria-Vung Tau ខណៈបើតាមការអះអាងពីរដ្ឋាភិបាល គឺគម្រោងនេះនឹងចាយពេលចន្លោះពីឆ្នាំ ២០២១-២០៣០ ជាមួយចក្ខុវិស័យដល់ឆ្នាំ ២០៥០ផងដែរ។
កំពង់ផែខ្នាតធំទាំង ២ នេះ នឹងដើរតួជាកន្លែងធ្វើពាណិជ្ជកម្មអន្តរជាតិសម្រាប់ការនាំចេញទំនិញពីប្រទេសវៀតណាម ទៅកាន់ទីផ្សារតំបន់អឺរ៉ុបនិងអាមេរិកដោយផ្ទាល់តែម្ដង និងមិនចាំបាច់ត្រូវចូលកំពង់ផែប្រទេសផ្សេងៗដូចសព្វថ្ងៃឡើយ។
ក្រៅពីកំពង់ផែអន្តរជាតិ ២ ខាងលើ នៅមានកំពង់ផែ ៣៤ កន្លែងផ្សេងទៀតដែលនឹងត្រូវបែងចែកតាមលំដាប់លំដោយដូចជា លំដាប់ទី ១, ២ និង ៣ ស៊ីសងលើផ្នែកទំនិញ និងទីតាំង។ កំពង់ផែអន្តរជាតិ និងលំដាប់ថ្នាក់ទី ១ នឹងភ្ជាប់ជាមួយផ្លូវថ្នល់ និងខ្សែរថភ្លើងពិសេស ស្របពេលកំពង់ផែតូចៗដែលនៅតំបន់ជ្រៅៗ នឹងត្រូវដកចេញ។
ដោយឡែក បើតាមការលើកឡើងពីក្រសួងដឹកជញ្ជូនបានឲ្យដឹងថា ការប្រើប្រាស់កំពង់ផែជាមធ្យោបាយធ្វើពាណិជ្ជកម្ម គឺចំណេញទាំងថ្លៃដឹក កាត់បន្ថយសម្ពាធផ្លូវថ្នល់ និងមិនសូវមានហានិភ័យថែមទៀត។
រីឯថវិកានៃគម្រោងខ្នាតយក្សនេះផងដែរ គឺ ៩៥% នឹងជាមូលនិធិទទួលបានពីក្រុមហ៊ុនឯកជននានា និងប្រភពស្របច្បាប់ជាច្រើនទៀត៕
ប្រភព: vnexpress