នាយករដ្ឋមន្រ្តីនៃកម្ពុជា សម្តេចតេជោ ហ៊ុន សែន នៅព្រឹកថ្ងៃពុធ ខែតុលានេះ បានប្រកាសឲ្យរដ្ឋមន្រ្តីក្រសួងយុត្តិធម៌ លោក កើត រិទ្ធ រៀបចំស្នើរធ្វើវិសោធនកម្មច្បាប់ដោយកំណត់ថ្នាក់ដឹកកំពូលៗ ត្រូវមានសញ្ជាតិខ្មែរតែមួយគត់។ ការប្រកាសរៀបចំស្នើរធ្វើវិសោធនកម្មច្បាប់នេះ ធ្វើឡើងបន្ទាប់ពីអតីតគណបក្សប្រឆាំងនៅក្រៅប្រទេសចោទថា សម្តេចតេជោ មានផែនការរត់ចោលស្រុក។
សម្តេចតេជោ ហ៊ុន សែន ថ្លែងថា៖ ” ដើម្បីបង្ហាញនូវការស្មោះត្រង់ចំពោះជាតិ និងបញ្ចៀសនូវការជ្រៀតជ្រែកពីបរទេស ថ្នាក់ដឹកនាំជាតិ ដែលកាន់តួនាទីជាប្រធានព្រឹទ្ធសភា ប្រធានរដ្ឋសភា នាយករដ្ឋមន្ត្រី និងប្រធានក្រុមប្រឹក្សាធម្មនុញ្ញត្រូវមានសញ្ជាតិខ្មែរតែមួយ។ ខ្ញុំបានប្រគល់ការងារជូនលោកកើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ សិក្សារៀបចំធ្វើសេចក្តីព្រាងច្បាប់វិសោធនកម្មរដ្ឋធម្មនុញ ឬសេចក្តីព្រាងច្បាប់អង្គការដែលចេញពីរាជរដ្ឋាភិបាលឬជាសេចក្តីស្នើច្បាប់ដែលចេញពីព្រឹទ្ធសភានិងរដ្ឋសភា “។
សម្តេចបញ្ជាក់ថា បើលេងកុំខឹងបើខឹងកុំលេង ព្រោះទ្វារត្រូវបានបិទជារៀងរហូតហើយសម្រាប់ពួកសញ្ជាតិពីរដែលប៉ុនប៉ងកាន់តំណែងកំពូលនេះពិសេសតំណែងនាយករដ្ឋមន្ត្រីព្រោះថា វិសោធនកម្មរដ្ឋធម្មនុញ្ញក្តីឬច្បាប់អង្គការក្តីត្រូវការ សម្លេង២ភាគ៣ទើបអាចអនុម័តបាន៕