សម្តេច ហ៊ុន សែន៖ បើប្រជាពលរដ្ឋអាចការពារខ្លួនបានពុំមានអ្នកឆ្លង ឬស្លាប់ធ្ងន់ធ្ងរទេនោះ យើងអាចនឹងបើកដំណើរការសេដ្ឋកិច្ចឡើងវិញ

សង្គម​ និង​សេដ្ឋកិច្ច

នាយករដ្ឋមន្រ្តីនៃកម្ពុជា សម្តេចតេជោ ហ៊ុន សែន តាមរយៈសារជាសំឡេងនៅព្រឹកថ្ងៃពុធ ខែតុលា នេះ បានថ្លែងថា បន្ទាប់ពីបានចាក់វ៉ាក់សាំងស្រោចទូទាំងប្រទេសមក យើងសង្កេតឃើញថា ការឆ្លងរាល​ដាល​ជំងឺកូវីដ-១៩ មានការថមថយចុះ។ ដូច្នេះ ទើបមានការវាយតម្លៃ នូវសភាពការណ៍សេដ្ឋកិច្ច ថា នឹងអាចមាន​កំណើត ២.២ភាគរយ ហើយប្រសិនបើនៅចុងឆ្នាំនេះ យើងអាចបើកដំណើរការសេដ្ឋកិច្ចបាន ជាពិសេសទៅលើ សេវាទេសចរណ៍ផ្ទៃក្នុងប្រទេសជាបឋម កំណើនសេដ្ឋកិច្ចរបស់យើង​ អាចនឹងលើស ២.២ភាគរយ តាមការវាយ​តម្លៃនៅក្នុងខែកញ្ញា កន្លងទៅនេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សម្ដេចតេជោ បានលើកឡើងថា សេដ្ឋកិច្ចរបស់យើងបានដំណើរពេញបន្ទុក ទៅលើវិស័យ​កសិ​កម្ម និងវិស័យឧស្សាហកម្ម ការនាំចេញរបស់យើង ក្នុងផ្នែកកសិកម្មក្ដី និងឧស្សាហកម្មក្ដី គឺមានកំណើន និង​ដំណើរ​ការដ៏ល្អ។ បើតាមប្រមុខដឹកនាំកម្ពុជា ស្ថានភាពនេះបានប៉ះពាល់ ទៅលើផ្នែកសេវា ជាពិសេសទៅលើសេវាទេសចរណ៍ គឺបានធ្វើឲ្យកំណើន​សេដ្ឋកិច្ចរបស់យើងធ្លាក់ចុះ បើទោះជាថ្មីៗនេះ ការព្យាកររបស់ធនាគារពិភពលោក IMF និងធនាគារអភិវឌ្ឍន៍អាស៊ី បានព្យាករថា កំណើនរបស់យើង នឹងកើនពី ១.៨ភាគរយ ទៅ ២.២ភាគរយ ក៏ដោយចុះ។

សម្តេចតេជោបញ្ជាក់ថា យើងត្រូវខិតខំ ធ្វើឲ្យសេដ្ឋកិច្ចរបស់យើង កាន់តែប្រសើរឡើង ដែលកាលពីដើមឆ្នាំ យើងបានកំណត់ថា ៤.១ភាគរយ ក៏ប៉ុន្តែ​ការបិទខ្ទប់នៅក្នុងខែមេសា និងឧសភា បានកាត់បន្ថយនូវកំណើនសេដ្ឋកិច្ចរបស់យើង។

តែយ៉ាងណាក៏​ដោយសម្ដេចតេជោនាយករដ្ឋមន្ត្រី បានលើកឡើងទៀតថា ប្រសិនបើប្រជាពលរដ្ឋ អាចការពារខ្លួនបានល្អ ហើយចំនួនអ្នកឆ្លង ឬអ្នកស្លាប់ពុំមានអ្វីធ្ងន់ធ្ងរទេនោះ យើងនឹងទទួលបានរួមគ្នា នូវការបើកដំណើរការសេដ្ឋកិច្ចសង្គមឡើងវិញ។ ខណៈថ្ងៃនេះគឺជាថ្ងៃភ្ជុំបិណ្ឌ ហើយក៏ជាថ្ងៃដែលប្រជាពលរដ្ឋទទួលការសាទរបាន​ធ្វើដំណើរចល័តបំលាស់ទី ពីកន្លែងមួយទៅកន្លែងមួយ ទៅតាមតំបន់ទេសចរណ៍នានា តាំងពីប៉ុន្មានមុនម្លេះ និង​អាចនៅថ្ងៃក្រោយបន្តទៀត។

សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា នេះជាការសាកល្បងធំណាស់ សម្រាប់ប្រទេសរបស់យើង នៅក្នុង​សភា​ពការណ៍ថ្មី បន្ទាប់ពីការចាក់វ៉ាក់សាំងដូសទី២ និងដូសជំរុញថែមទៀត។ សម្ដេចតេជោ មានប្រសាសន៍បន្តថា យើងនឹងតាមដានពិនិត្យអំពីបញ្ហានេះ ដែលចេញពីការសាកល្បងរបស់យើង ដែលមិនមែនជា​ការសាក​ល្បងប្រ​ថុយ​ប្រថាននោះទេ។ ក៏ប៉ុន្តែ ក៏មិនមែនជាការច្បាស់លាស់ ១០០ភាគរយ ថាវាគ្មានបញ្ហានោះដែរ។

សម្ដេចតេជោនាយករដ្ឋមន្ត្រី បានបញ្ជាក់បន្ថែមថា «យើងបានប្រុងប្រៀបខ្លួន ដើម្បីនឹងទទួលយកនូវសភាពការណ៍​អាក្រក់ ដែលអាចនឹងកើតមានឡើង ដូចជាករណីនៅឥណ្ឌា បន្ទាប់ពីពិធីសាសនារួចហើយ ការឆ្លងរីករាលដាល បានបង្កឲ្យមានការស្លាប់ ឆ្លង និងស្លាប់យ៉ាងច្រើន….សម្រាប់កម្ពុជាយើងវិញ ករណីយើងក៏ត្រូវត្រៀមបម្រុងទុក នូវករណីអាក្រក់ ដែលអាចកើតមានឡើង​ សម្រាប់សុខភាពសាធារណៈ ក៏ដូចជាសុខភាពរបស់ប្រជាជន របស់យើងផងដែរ»៕